ភ្នំពេញ: ទោះបីការគំរាមកំហែងពីវិបត្តិជំងឺកូវីដ ១៩ ត្រូវរលាយបាត់ស្ទើរទាំងស្រុង ប៉ុន្តែវិបត្តិនយោបាយ និងសេដ្ឋកិច្ចសកល គឺនៅតែបន្តជះឥទ្ធិពលជាអវិជ្ជមានទៅដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិ។ ជាក់ស្តែងទឹកប្រាក់នៃការផ្លាស់ប្តូរទំនិញទ្វេភាគីរវាងកម្ពុជា និងកាណាដា ក្នុងឆ្នាំ ២០២៣ កន្លងមកសម្រេចបានជាង ៩៤០ លានដុល្លារ ធ្លាក់ចុះជិត ២០ ភាគរយបើធៀបនឹងឆ្នាំ ២០២២។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
បើតាម GDCE បានបង្ហាញថា ក្នុងឆ្នាំ ២០២៣ ការនាំចេញ នាំចូលទំនិញរវាងកម្ពុជា និងកាណាដា មានទឹកប្រាក់សរុប ៩៤០,៤៩ លានដុល្លារ ធ្លាក់ចុះ ១៨,៥ ភាគរយបើធៀបឆ្នាំ២០២២ ដែលមាន ១,១៥ ពាន់លានដុល្លារ។ ប្រទេសកាណាដា គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៨ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី និងអាល្លឺម៉ង់។ ទឹកប្រាក់ដែលកម្ពុជានាំទំនិញទៅកាណាដា មានចំនួន ៨៦៩,៥៤ លានដុល្លារ ធ្លាក់ចុះ ២២,៤ ភាគរយ ចំណែកទំនិញកាណាដានាំមកកម្ពុជា ចំនួន ៧០,៩៥ លានដុល្លារ កើនឡើង ១០៩,៤ ភាគរយ។ តាមរយៈទិន្នន័យ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឧត្តមភាព ៧៩៨,៥៩ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៨ ខែមករាថា ការធ្លាក់ចុះទឹកប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំង ២ ពិសេសការនាំចេញទំនិញរបស់កម្ពុជា គឺដោយសារសេដ្ឋកិច្ចពិភពលោកមិនសូវមានសម្ទុះល្អក្នុងឆ្នាំ ២០២៣ ដែលជំរុញឱ្យការបញ្ជាទិញទំនិញពីប្រទេសកាណាដា ធ្លាក់ចុះ ខណៈសមត្ថភាពផលិតកម្មកម្ពុជានៅបន្តបោះជំហានទៅមុខជាធម្មតា។
លោកអះអាងថា៖«វិបត្តិសេដ្ឋកិច្ច និងនយោបាយសកលដែលកើតជាបន្តបន្ទាប់នាអំឡុងឆ្នាំ ២០២០-២០២៣ បានធ្វើឱ្យចរន្តនៃការនាំចេញ-នាំចូលទំនិញទៅស្ទើរគ្រប់គោលដៅធ្លាក់ចុះ។ ការធ្លាក់ចុះទឹកប្រាក់នាំចេញទំនិញរបស់កម្ពុជា គឺមិនមែនមានន័យថា គុណភាពទំនិញកម្ពុជាមិនអាចឆ្លើយតបនឹងតម្រូវការទីផ្សារអន្តរជាតិនោះទេ ប៉ុន្តែដោយសារការបញ្ជាទិញធ្លាក់ចុះ។ ស្ថានភាពនេះនឹងល្អនៅពេលកំណើនសេដ្ឋកិច្ចពិភពលោករឹងមាំ»។
លោកប្រាប់ទៀតថា ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគី និងទាក់ទាញវិនិយោគិនកាណាដាឱ្យមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជាកាន់តែច្រើន កាលពីឆ្នាំ ២០២២ សភាពាណិជ្ជកម្មកម្ពុជាក៏បានបើកការិយាល័យតំណាងរបស់ខ្លួននៅទីក្រុងតូរ៉ុនតូ (ប្រទេសកាណាដា) ដែលការិយាល័យតំណាងនេះ មានតួនាទីជួយផ្សព្វផ្សាយផលិតផលកម្ពុជា និងផ្តល់ព័ត៌មានដើម្បីទាក់ទាញវិនិយោគិនកាណាដាឱ្យមកបណ្តាក់ទុននៅកម្ពុជា។
បើតាមលោក លឹម ហេង ទំនិញដែលកម្ពុជានាំទៅកាណាដា មានដូចជា ផលិតផលសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិកអគ្គិសនី និងកង់ ជាដើម។ ចំណែកទំនិញកាណាដា នាំចូលមកកម្ពុជា ភាគច្រើនជាគ្រឿងអេឡិចត្រូនិក និងរថយន្ត ជាដើម។
បើតាមតារាងស្ថានភាពវិនិយោគផ្ទាល់បរទេសនៅកម្ពុជា របស់ធនាគារជាតិនៃកម្ពុជា (NBC) ឱ្យដឹងថា គិតត្រឹមចុងឆ្នាំ ២០២១ ប្រទេសកាណាដា ស្ថិតនៅលេខរៀងទី ៩ ជាប្រទេសដែលមកវិនិយោគផ្ទាល់នៅកម្ពុជាច្រើនជាងគេ ដោយមានទឹកប្រាក់ ១,១ ពាន់លានដុល្លារ (ស្មើ ២,៨ ភាគរយ) ក្នុងចំណោមទុនវិនិយោគសរុប ៤១ ពាន់លានដុល្លារ តាមពីក្រោយប្រទេសចិន, កូរ៉េ, សិង្ហបុរី, វៀតណាម, ជប៉ុន, ម៉ាឡេស៊ី, ថៃ, និងចក្រភពអង់គ្លេស៕