ភ្នំពេញៈ វិស័យសហគ្រាសធុនតូច និងមធ្យម (SME) គឺជាបញ្ហាចម្បងដែលរាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ខ្លាំង និងព្យាយាមទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនផ្ទាល់កាន់តែច្រើន ខណៈវិស័យនេះកំពុងចូលរួមចំណែកក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ នេះបើយោងតាមរដ្ឋមន្ត្រីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងវេទិកាពិភាក្សា «អាទិភាពការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលរៀបចំនៅទីស្តីការក្រសួង ក្រោមកិច្ចសហការជាមួយក្លិបអ្នកកាសែតកម្ពុជា (CCJ) កាលពីរសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា និងផ្នែកពាក់ព័ន្ធបាននិងកំពុងខិតខំយ៉ាងសកម្មក្នុងការជំរុញ និងលើកកម្ពស់ផលិតកម្មក្នុងស្រុក តាមរយៈការជំរុញចង្វាក់ផលិតកម្មកែច្នៃដើម្បីកាត់បន្ថយការនាំចូលពីបរទេស និងជាពិសេសលើកកម្ពស់ការនាំចេញទំនិញទៅទីផ្សារអន្តរជាតិ។
លោកប្រាប់ទៀតថា ចំនួនរោងចក្រដែលចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកើនឡើងជាបន្តបន្ទាប់ ដោយគិតត្រឹមឆ្នាំ ២០២៣ មានចំនួន ២ ១២៥ ក្នុងនោះ ២៤១ គឺជារោងចក្រថ្មីដែលចុះបញ្ជីក្នុងឆ្នាំ ២០២៣។
លោកបន្តថា មូលហេតុដែលនាំឱ្យចំនួនរោងចក្រ/សហគ្រាសចុះបញ្ជីនៅក្រសួង និងបើកដំណើរការនៅកម្ពុជាកាន់តែច្រើន គឺដោយសារកត្តាស្ថិរភាពនយោបាយ អត្រាកំណើនសេដ្ឋកិច្ច និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ជាក់ស្តែងបន្ទាប់ពីការត្រឡប់មកវិញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ គឺគេសង្កេតឃើញមានវិនិយោគិនជប៉ុនជាច្រើនបានចាប់អារម្មណ៍ក្នុងការមកបង្កើតតំបន់ឧស្សាហកម្មនៅកម្ពុជា។ ចំណុចទាំងអស់នោះ គឺជាសុទិដ្ឋិនិយមមួយសម្រាប់វិស័យឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
លោកបានថ្លែងថា៖ «ខ្ញុំជឿជាក់ថា តាមរយៈការជួយជ្រោមជ្រែង និងការខិតខំ គឺវិនិយោគិននឹងមានការទុកចិត្តច្រើន មានការចាប់អារម្មណ៍ច្រើននៅកម្ពុជា ជាពិសេសនៅក្នុងអាណត្តិដែលមានសម្តេចមហាបវរធិបតីដឹកនាំនេះ»។
យោងតាមលោករដ្ឋមន្ត្រីចំណុចចម្បងដែលនឹងជួយឱ្យផលិតកម្មរបស់ SME នៅកម្ពុជាអាចបោះជំហានទៅមុខកាន់តែលឿន និងមានសមត្ថភាពប្រកួតប្រជែងទាំងជាមួយផលិតផលនាំចូល និងបង្កើនសមត្ថភាពនាំចេញគឺការរួមគ្នាបង្កើតជាក្រុម សមាគម សហគមន៍ ឬសហព័ន្ធ ព្រោះវានឹងជួយឱ្យកម្លាំងផលិតកាន់តែខ្លាំង និងមានស្តង់ដាគុណភាពរួមគ្នា, បញ្ហាធនធានហិរញ្ញវត្ថុ, ពលកម្មជំនាញ។
ការរីកចម្រើនចង្វាក់ផលិតកម្មរបស់ SME សំខាន់ណាស់សម្រាប់កម្ពុជា
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍នៅថ្ងៃទី ២៨ ខែមករាថា វិស័យសហគ្រាសធុនតូច និងមធ្យម គឺជាសសរគ្រឹះដ៏សំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ ព្រោះ SME គឺរាប់បញ្ចូលទាំងការផលិតទំនិញ ឬផលិតផលសម្រាប់ការរស់នៅប្រចាំថ្ងៃដូចជា ចំណីអាហារ ទំនិញប្រើប្រាស់ ផលិតផលបម្រើឱ្យវិស័យទេសចរណ៍ និងទំនិញកែច្នៃមួយចំនួន។
នៅពេលវិស័យ SME មានដំណើរការល្អ វាមិនត្រឹមតែជួយជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើតការងារ និងប្រាក់ចំណូលបុគ្គល គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយលើកកម្ពស់សមត្ថភាពផលិតកម្មក្នុងស្រុកពីការផលិតទំនិញតូចៗ ឱ្យទៅជាការផលិតបែបឧស្សាហកម្ម និងប្រើប្រាស់បច្ចេកទេសទំនើបៗផងដែរ។
លោកថ្លែងថា៖ «ខ្ញុំមានជំនឿថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលលើវិស័យ SME នឹងជួយជំរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជារីកលូតលាស់ទៅមុខកាន់តែលឿន ជាពិសេសវាជួយលើកកម្ពស់សមត្ថភាពនាំចេញផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេច ពីកម្ពុជាទៅទីផ្សារអន្តរជាតិកាន់តែច្រើននាពេលអនាគត»។
លោកបានបន្ថែមថា ទោះយ៉ាងណាការលើកកម្ពស់វិស័យ SME គឺត្រូវការចូលរួមឱ្យបានសកម្មបន្ថែមទៀតពីសំណាក់ម្ចាស់រោងចក្រ និងអាជីវកម្មទាំងអស់ ដើម្បីធ្វើឱ្យមានគុណភាពកាន់តែល្អ មានថ្លៃដើមកាន់តែទាប និងមានទីផ្សារកាន់តែធំ។
វិនិយោគិនបរទេស រួមទាំងជប៉ុន បង្ហាញការចាប់អារម្មណ៍កាន់តែច្រើនពីឱកាសវិនិយោគនៅកម្ពុជា
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ច ទៅចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន កាលពីខែធ្នូ ឆ្នាំ ២០២៣ លោកក៏បានចូលរួមក្នុងសិក្ខាសាលាវិនិយោគកម្ពុជាឆ្នាំ ២០២៣។ នៅក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រីបានលើកឡើងពីចំណុចអាទិភាពជាច្រើនដើម្បីបង្ហាញដល់វិនិយោគិនជប៉ុនក្នុងការចូលមកវិនិយោគនៅកម្ពុជា និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស។
ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅពេលមានការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសពីសំណាក់វិនិយោគិនជប៉ុន គឺពិតណាស់វានឹងជួយទាក់ទាញវិនិយោគិនជប៉ុនឱ្យចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ ជាក់ស្តែងដោយសារបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានម្ចាស់ភាគច្រើនជាជនជាតិចិន ដូច្នេះវិនិយោគិនចិនក៏ចូលមកបើករោងចក្រនៅកម្ពុជាច្រើនជាងគេដែរ។
លោកបន្តថា៖ «បើក្រុមហ៊ុនជប៉ុនល្បីៗមកបើករោងចក្រផ្ទាល់នៅកម្ពុជានោះ គឺវាមិនត្រឹមតែជួយឱ្យគុណភាពផលិតផលប្រើប្រាស់នៅកម្ពុជាកាន់តែល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយលើកកម្ពស់សមត្ថភាពនាំចេញទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិផងដែរ»៕