ការនាំចេញសរុបពីក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស រ៉ូយាល់ គ្រុប ភ្នំពេញ (RGPPSEZ) ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា សម្រេចបាន ១,៦២១ ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣ ដែលបង្ហាញកំណត់ត្រាកំណើនរបស់តំបន់សេដ្ឋកិច្ចពិសេសមួយនេះចាប់តាំងពីបានដំណើរការជិត ១៨ ឆ្នាំ កន្លងមក។
យោងតាមរបាយការណ៍របស់ខ្លួន តំបន់សេដ្ឋកិច្ចពិសេសនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៦ ក្នុងគោលបំណងបង្កើតទីតាំងដំបូងមួយ សម្រាប់ក្រុមហ៊ុនផលិតមកពីឧស្សាហកម្មផ្សេងៗ និងដើម្បីបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាជនកម្ពុជា។ តម្លៃនៃការនាំចេញបានកើនឡើងទ្វេដង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ពោលគឺ ពីតម្លៃ ៣១៦ លានដុល្លារក្នុងឆ្នាំ២០១៦ ដល់ ៦៨៣ លានដុល្លារក្នុងឆ្នាំ២០២១។
ចំនួននោះបានកើនឡើងទ្វេដងម្តងទៀតក្នុងរយៈពេលត្រឹមតែ ១ ឆ្នាំ បន្ទាប់ប៉ុណ្ណោះ គឺកើនដល់ ១ ៣៤៦ លានដុល្លារក្នុងឆ្នាំ២០២២ ហើយនៅឆ្នាំ២០២៣ បានឃើញតម្លៃនាំចេញខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រនៃការកកើតតំបន់សេដ្ឋកិច្ចពិសេសនេះជាមួយនឹងតួលេខ ១ ៦២១ លានដុល្លារ។
លោក Hiroshi Uematsu អគ្គនាយក RGPPSEZ បានថ្លែងថា៖ «ការអភិវឌ្ឍនិងកំណើនដ៏សំខាន់នេះបានបង្ហាញឱ្យឃើញផងដែរនៅក្នុងតម្លៃនៃការនាំចេញក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ទៅកាន់ទីផ្សារពិភពលោក ។ យើងខ្ញុំមានមោទនភាពបំផុត ដែលបានរួមចំណែកដល់ ៧ ភាគរយក្នុងតម្លៃនាំចេញសរុបទូទាំងប្រទេសកម្ពុជាទាំងមូល»។
លោកលើកឡើងថា៖ «ការកើនឡើងយ៉ាងខ្លាំងនេះ បានកើតឡើង បើទោះបីជាស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ ដ៏សែនអាក្រក់ក៏ដោយ។ ការណ៍នេះគឺដោយសារការពង្រីក និងការរីកចម្រើនជាលំដាប់នៃផលិតកម្មរបស់អ្នកវិនិយោគទាំងអស់ ជាពិសេសក្នុងវិស័យអគ្គិសនី និងអេឡិចត្រូនិក និងវិស័យគ្រឿងបង្គុំរថយន្ត»។
លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ជាមួយនឹងកំណើននៃតំបន់សេដ្ឋកិច្ចពិសេសនេះ កំពុងឆ្លុះបញ្ចាំងពីផលិតកម្មក្នុងស្រុករបស់ប្រទេសនេះនៅតែមានភាពរឹងមាំកាលពីឆ្នាំមុន បើទោះបីជាវាត្រូវបានរងផលប៉ះពាល់ផ្នែកខ្លះដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោកក៏ដោយ។
លោកបញ្ជាក់ថា៖ «យើងសង្កេតឃើញថា មានក្រុមហ៊ុនជាច្រើនកំពុងបើករោងចក្ររបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ព្រោះជាធម្មតាតំបន់សេដ្ឋកិច្ចពិសេសផ្តល់សេវាងាយស្រួលលើនីតិវិធីនាំចេញ ឬនាំចូល។ ការកើនឡើងការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសនេះបញ្ជាក់ថា ពួកគេបានទាក់ទាញវិនិយោគិនជាច្រើនមកបង្កើតរោងចក្រនៅទីនោះ»។
យោងតាមទិន្នន័យរបស់ RGPPSEZ តម្លៃនៃការនាំចេញពីវិស័យអគ្គិសនី និងអេឡិចត្រូនិកបានកើនឡើង ៧១ ភាគរយ ពី ២៣៤ លានដុល្លារក្នុងឆ្នាំ២០១៩ ដល់ ៣៩៩ លានដុល្លារ ក្នុងឆ្នាំ២០២៣ ហើយតួលេខពីវិស័យគ្រឿងបង្គុំរថយន្តវិញ បានកើនឡើងកាន់តែច្រើន គឺ ១៥៦ ភាគរយ ពីតម្លៃ ១១៣ លានដុល្លារក្នុងឆ្នាំ២០១៩ ដល់ ២៨៩ លានដុល្លារក្នុងឆ្នាំ២០២៣។
លោក Hiroshi បានលើកឡើងថា អស់រយៈពេលជិត ១៨ ឆ្នាំ បានកន្លងផុតទៅ ឥឡូវនេះ យើងខ្ញុំពិតជាមានមោទនភាពក្រៃលែង ដែលបានឃើញតំបន់នេះ មានការអភិវឌ្ឍដូចសព្វថ្ងៃ ដោយមានក្រុមហ៊ុនផលិតកម្មចំនួន ៨៦ មកពី ១៤ ប្រទេសផ្តល់ការងារដល់ប្រជាជនកម្ពុជាចំនួន ៤៣ ៨០០ នាក់ និងជនបរទេសចំនួន ៧២០ នាក់ នៅក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់របស់ប្រទេសកម្ពុជា។
លោកបន្ថែមថា៖ «ក្នុងនាមជាអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស តួលេខខាងលើនេះផ្តល់ឱ្យយើងនូវថាមពលកាន់តែច្រើន ដើម្បីបន្តខិតខំប្រឹងប្រែងផ្តល់នូវតំបន់សេដ្ឋកិច្ចពិសេសមួយ ដ៏ល្អបំផុតសម្រាប់អ្នកវិនិយោគកម្ពុជា និងអន្តរជាតិ សម្រាប់ការធ្វើឱ្យប្រសើរឡើងនៃអាជីវកម្មរបស់អ្នកវិនិយោគ ក៏ដូចជាសេដ្ឋកិច្ចជាតិ និងការរួមចំណែកដល់ឧស្សាហូបនីយកម្មរបស់ប្រទេសផងដែរ»។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានចេញផ្សាយទិន្នន័យកាលពីថ្ងៃទី១០ ខែមករា ដែលបង្ហាញថា ការនាំចេញរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣ លើសពី ២២,៦៥ ពាន់លានដុល្លារ កើនឡើង ១,៨ ភាគរយពី ២ ២២៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២២។
ការនាំចូលមានចំនួន ២ ៤,១៨ ពាន់លានដុល្លារ ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះ ៥ ភាគរយពី ២ ៥៤៦ ពាន់លានដុល្លារក្នុងឆ្នាំ២០២២។
សម្រាប់ការធ្វើពាណិជ្ជកម្មអន្តរជាតិសរុបរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣សម្រេចបាន ៤៦,៨៣ ពាន់លានដុល្លារ ធ្លាក់ចុះបន្តិច ១,៩ ភាគរយ ពី ៤ ៧៧១ ពាន់លានដុល្លារក្នុងឆ្នាំ២០២២។
ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ប្រទេសកម្ពុជា រួមមាន ចិន អាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី និងអាល្លឺម៉ង់។ នេះបើយោងតាម GDCE៕