​ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​បន្លែ​ចម្រុះ​ប្រមាណ ២២០​​ តោន​ទៅ​ទីផ្សារ​អន្តរជាតិ​កាលពី​ឆ្នាំ​ ២០២៣ កើនឡើង​ជាង ១០០​ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ខណៈ​អ្នក​នៅក្នុង​ផលិតកម្ម​បន្លែ​ប្រាប់ថា ទោះ​ការនាំចេញ​កើន​ឡើង ប៉ុន្តែ​ការនាំ​ចូល​បន្លែ​ចម្រុះ​ពី​ប្រទេសជិតខាង​ក៏​កើតមាន​ច្រើន​ផងដែរ​។​

​របាយការណ៍​ប្រចាំឆ្នាំ ​២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​បង្ហាញថា ក្នុង​ឆ្នាំ​ ២០២៣ ​កម្ពុជា​នាំចេញ​កសិផល​សរុប ៨ ៤៤៩ ៤១៤,៣៦​ តោន​ធ្លាក់​ចុះ ១,៩​ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២២ ក្នុងនោះ​នាំចេញ​បន្លែ​ចម្រុះ ២២០,២១ ​តោន កើនឡើង ១០៦,០៧​ ភាគរយ​។​

​ទោះយ៉ាងណា​របាយការណ៍​មិនបាន​បង្ហាញ​ចំនួន​ទឹកប្រាក់​ដែល​ទទួលបាន​ពី​ការនាំចេញ​បន្លែ​ចម្រុះ ក្នុង​ឆ្នាំ​ ២០២៣ ឡើយ ដោយ​គ្រាន់តែ​បង្ហាញថា ការនាំ​ចេញ​កសិផល​ក្រៅពី​ស្រូវ​អង្ករ​ (​ដំឡូង​មី​, ស្វាយចន្ទី​, សណ្តែក​, ស្វាយ​, ចេក​,  ​មៀន​, ដូងប្រេង ... និង​ម្រេច​) គឺមាន​តម្លៃ​សរុប ២,៨​ ពាន់​លាន​ដុល្លារ​។​

​អនុប្រធាន​សមាគម​សុ​វត្ថិ​ភាព​បន្លែ ត្រី សាច់ លោក សុខ យ៉​ន បាន​និយាយថា វិធានការ​ពង្រឹង​សន្តិសុខ​ស្បៀង​ក្នុងប្រទេស និង​ជំរុញ​ការនាំចេញ​របស់​រដ្ឋាភិបាល បាន​ជួយ​លើកកម្ពស់​សកម្ម​ភាព​ដាំ​ដុះ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​បាន ​១​ កម្រិត​។ ជាការ​ល្អ​បើ​កម្ពុជា​អាច​ជំរុញ​ការដាំដុះ និង​អាច​ពង្រីក​ទីផ្សារ​ក្នុងស្រុក​កាន់តែ​ធំ ខណៈ​បច្ចុប្បន្ន​កម្ពុជា​បាន​នាំចូល​បន្លែ​ចម្រុះ​ជាច្រើន​តោន​ជា​រៀងរាល់ថ្ងៃ​ពី​ប្រទេសជិតខាង​។​

​លោក​និយាយថា​៖ «​កំណើន​នៃ​ការនាំ​ចេញ​បន្លែ​ទៅ​ទីផ្សារ​អន្តរជាតិ ​គឺជា​ការ​ល្អ ព្រោះ​ផលិតផល​ទាំងអស់នោះ​គឺ​សុទ្ធ​តែមាន​គុណភាព​កម្រិត​ស្តង់ដា​»​។​

​ទោះជា​យ៉ាងណា​លោក​ក៏បាន​ស្នើឱ្យ​អាជ្ញាធរ​តាម​ព្រំដែន​ធ្វើការ​ត្រួតពិនិត្យ​លើ​គុណភាព និង​ប្រភព​នៃ​ផលិតផល​បន្លែ​ដែល​ក្រុម​ឈ្មួញ​នាំចូល​កម្ពុជា​ឱ្យបាន​ហ្មត់ចត់​ផងដែរ ដើម្បី​ជួយ​ការពារ​សុខភាព​អ្នក​បរិភោគ​កម្ពុជា​។​

​លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុម​ហ៊ុន​ត្រូ​ពិ​ក​ខេ​ម ផ្គត់ផ្គង់​បន្លែ និង​ផ្លែឈើ ធ្លាប់បាន​ប្រាប់ថា ការនាំចេញ​បន្លែ​ចម្រុះ ជា​ប្រភេទ​បន្លែ​គ្រឿងទេស មានដូចជា ប្រភេទ​ជីរ ម្ទេស រំដេង ល្មៀត ខ្ជាយ ជា​ដើម​ដែល​សុទ្ធតែជា​ប្រភេទ​បន្លែ​មានតម្លៃ​ខ្ពស់ និង​ងាយស្រួល​ដឹកជញ្ជូន​ទៅ​ក្រៅប្រទេស​។

លោក​បន្តថា ក្រុមហ៊ុន​លោក​បាន​នាំចេញ​សាកល្បង​ប្រភេទ​បន្លែ​គ្រឿងទេស​នេះ​ទៅ​ប្រទេស​កូរ៉េ​រួចហើយ គឺ​ឃើញថា ទទួលបាន​ការចាប់​​អារម្មណ៍​ពី​អតិថិជន​ក្នុងប្រទេស​នេះ ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​ក៏​កំពុង​សិក្សា​ដើម្បី​នាំទៅ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​។​

​លោក​អះអាងថា​៖ «​បច្ចុប្បន្ន​យើង​មិនទាន់​អាច​នាំចេញ​បន្លែ​ណា​ផ្សេង​បាន​ក្រៅពី​ប្រភេទ​បន្លែ​គ្រឿងទេស​ដែលមាន​ដូចជា ប្រភេទ​ជីរ ម្ទេស រំដេង ល្មៀត ខ្ជាយ ជាដើម​បានទេ ដោយសារតែ​បន្លែ​ប្រភេទ​នេះ​មាន​តម្រូវការ​ខ្ពស់ ជា​ប្រ​​ភេទ​បន្លែ​មានតម្លៃ​នៅ​ទីផ្សារ​អន្តរជាតិ ងាយស្រួល​ទុកដាក់ និង​ដឹកជញ្ជូន​។ រីឯ​បន្លែ​ផ្សេងទៀត​ដូចជា​បន្លែ​ស្លឹក បន្លែ​ដើម ឬ​មើម​ជាដើម​យើង​មិនអាច​នាំចេញ​ទៅបាន​ទេ ព្រោះ​បន្លែ​ប្រភេទ​នេះ​មិនសូវមាន​តម្លៃនៅលើទីផ្សា​រ​»​។​

​បើតាម​លោក​ ហ៊ុន ឡាក់ បច្ចុប្បន្ន​ក្រុមហ៊ុន​របស់លោក​កំពុង​យកចិត្តទុកដាក់ និង​ប្រឹងប្រែង​ផលិត​បន្លែ​​ផ្លែឈើ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ឱ្យបាន​តាម​តម្រូវ​ការ​សិន ព្រោះថា កំណើន​នៃ​តម្រូវការ​បន្លែ​សុវត្ថិភាព​សម្រាប់​បរិភោគ​មានការ​កើនឡើង ដែល​តម្រូវឱ្យ​ក្រុមហ៊ុន​ពង្រីក​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ និង​ដឹកជញ្ជូន​។ ប​ច្ចុ​​ប្បន្ន ក្រុមហ៊ុន​បានរៀបចំ​ផ្ទះ​សំណាញ់ ដើម្បី​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​តាម​បណ្តា​ខេត្ត​មួយចំនួន​ដូចជា កណ្តាល កំពង់ចាម និង​មណ្ឌលគិរី​ជាដើម​៕