ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តគម្រោងវិនិយោគ បានសរុបចំនួន ២៦៨ ដែលមានទុនវិនិយោគសរុបប្រមាណជិត ៥ ពាន់លានដុល្លារអាមេរិក និងបង្កើតការងារបានប្រមាណ ៣០៧០០០ កន្លែង។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី ចំនួន២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន២១ ហើយក្នុងនោះគម្រោងវិនិយោគចំនួន៧១ ត្រូវបានបណ្តាក់ទុនវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងទាំងនេះ មានទុនវិនិយោគសរុបប្រមាណជិត ៤.៩ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៣០៧០០០កន្លែង។
ក្នុងនោះចំនួនគម្រោងវិនិយោគ ក្នុងវិស័យឧស្សាហកម្ម បានចូលរួមចំណែកដល់ទៅប្រមាណ ៩២% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ ៤៦% បានមកពីវិស័យនេះ ខណៈដែរវិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ ដែលមានតែប្រមាណ ២,៦% នៃចំនួនគម្រោងវិនិយោគសរុប បានចូលរួមចំណែកដល់ទៅប្រមាណ ៤៤% នៃទុនវិនិយោគសរុប ដោយសារចរិតនៃការវិនិយោគក្នុងវិស័យនេះ ត្រូវការទុនវិនិយោគច្រើន។ ជារួម លំហូរទុនវិនិយោគឯកជននៅឆ្នាំ២០២៣ មានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងរង្វង់ប្រមាណ ២២% ធៀបនឹងឆ្នាំ២០២២ ។
លោក ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាវិនិយោគកម្ពុជា(CDC) បានថ្លែងក្នុងវេទិកាធុរកិច្ចកាលពីខែសីហាឆ្នាំមុនថា ប្រទេសកម្ពុជាមានសក្តានុពលសេដ្ឋកិច្ច សន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច។
លោកបន្ថែមថា វិស័យឯកជនជាកម្លាំងចលករដ៏សំខាន់សម្រាប់ការចូលរួមក្នុងការអនុវត្តសេដ្ឋកិច្ចជាតិ។
លោកថ្លែងថា៖«យើងមើលឃើញថា FDI ក្នុងមួយឆ្នាំមានជិត ៤ ពាន់លានដុល្លារ។ ក្នុងឆ្នាំ២០២០ អាស៊ានបានធ្លាក់ចុះយ៉ាងគំហុកប្រហែល ៤០ភាគរយ ប៉ុន្តែ FDI នៅតែមានស្ថិរភាពសម្រាប់យើងក្នុងរង្វង់ ៣,៦ពាន់លានដុល្លារ»។
បើយោងតាមរបាយការណ៍ថ្មីៗបានពីបញ្ជីតាមដាន ប្រចាំឆ្នាំរបស់ fDi Intelligence កម្ពុជាឈរលើតារាងឈានមុខគេក្នុងបញ្ជីវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ជាមួយនឹងលំហូរការវិនិយោគខ្លាំងដែលរំពឹងទុកនៅឆ្នាំ២០២៤ ដោយសារតែសេដ្ឋកិច្ចស្ទុះងើបវិញដ៏រឹងមាំ ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ព្យាករថា នឹងកើនឡើងចំនួន ៦,១ ភាគរយនៅឆ្នាំក្រោយ។
របាយការណ៍របស់ fDi Intelligence បានបញ្ជាក់ថា ការសិក្សាដែលវាយតម្លៃដំណើរផ្លូវម៉ាក្រូសេដ្ឋកិច្ច និងការវិនិយោគផ្ទាល់ពីបរទេស(FDI) នៃគោលដៅ FDI ឈានមុខគេទាំង ៥០ របស់ពិភពលោក ដោយប្រើទិន្នន័យបានពី IMF និងfDi Markets ជាក្រុមហ៊ុនត្រួតពិនិត្យការវិនិយោគបរទេស បង្ហាញប្រទេសទាំងនោះដែលកំពុងចូលឆ្នាំថ្មីជាមួយនឹងសម្ទុះម៉ាក្រូសេដ្ឋកិច្ច និង FDI ដ៏រឹងមាំ ខណៈដែលពិភពលោកនៅតែបន្តជម្នះនឹងការស្ទុះងើបឡើងវិញដែលមិនស្មើគ្នាក្រោយការរីករាលដាលជំងឺកូវីដ១៩។
របាយការណ៍បន្តថា៖«អាស៊ីបានដំណើរការយ៉ាងល្អនៅក្នុងបញ្ជីឃ្លាំមើលឆ្នាំនេះ ដែលមានប្រទេសចំនួន៦ ឈរលើតារាងឈានមុខគេទាំង ១០ ដែលក្នុងនោះ កម្ពុជានាំមុខគេលើតារាងឃ្លាំមើលទាំងមូល ហ្វីលីពីនស្ថិតនៅលំដាប់ទី២ អ៊ីរ៉ាក់នៅលំដាប់ទី៤ កាហ្សាក់ស្ថាននៅលំដាប់ទី៦ អាស៊ែបៃហ្សង់នៅលំដាប់ទី ៧ និងឥណ្ឌានៅលំដាប់ទី១០។ ប្រទេសអាហ្វ្រិកតែ ៣ប៉ុណ្ណោះដែលបានឈរលើតារាងឈានមុខគេទាំង ១០ មានដូចជា កេនយ៉ានៅលំដាប់ទី ៣ ណាមីប៊ី នៅលំដាប់ទី៥ និងម៉ារ៉ុក នៅលំដាប់ទី៨។ ប្រទេសស៊ែប៊ី ជាប្រទេសតែ១គត់ដែលនៅក្រៅតំបន់អាស៊ី និងអាហ្វ្រិក ដែលប្រទេសនេះក្លាយជាប្រទេសឈរលើគេក្នុងតារាងក្នុងចំណោមបណ្ដាប្រទេសឈានមុខគេទាំង ១០ ដោយទទួលបានចំណាត់ថ្នាក់ទី៩»។
យោងតាមរបាយការណ៍ចុងក្រោយរបស់ IMF កំណើនសេដ្ឋកិច្ចរបស់អាស៊ានត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៤,២ ភាគរយនៅឆ្នាំនេះ និង ៤,៦ ភាគរយនៅឆ្នាំ២០២៤។ ទន្ទឹមនឹងនោះ កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំនេះនឹងមានកំណើ ៦,១ ភាគរយផងដែរ។
បើយោងតាមរបាយការណ៍របស់ CDC សម្រាប់លំហូរទុនវិនិយោគក្នុងឆ្នាំ២០២៣ ភាគច្រើនមានប្រភពមកពីប្រទេសចិន និងក្នុងស្រុក ដោយបានរួមចំណែកជិត ៩០% នៃទុនវិនិយោគសរុប ដែលគម្រោងវិនិយោគទាំងនោះ មានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ ហើយគម្រោងវិនិយោគមួយចំនួនទៀត បានប្រមូលផ្តុំនៅរាជធានីភ្នំពេញ និងខេត្តជុំវិញរាជធានីភ្នំពេញ គឺខេត្តកណ្តាល និងខេត្តតាកែវ និងនៅតាមបណ្តាខេត្ត ដែលមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស គឺខេត្តស្វាយរៀង និងខេត្តព្រះសីហនុ៕