​ភ្នំពេញៈ ប្រទេស​កម្ពុជា​ បាន​នាំចូល​ដែក និង​ដែកថែប ក្នុង​ទឹកប្រាក់​សរុប​ជាង ៣៧២​ លាន​ដុល្លារ​កាលពី​ឆ្នាំមុន​កើនឡើង​ជាង ៣ ​ភាគរយ​ បើ​ធៀប​ឆ្នាំ​ ២០២២ ខណៈ​ទឹកប្រាក់​នាំចូល​នៃ​ខែ​ចុងក្រោយ​ឆ្នាំ ​២០២៣ បាន​កើន​ជាង ២០,២១​ ភាគរយ​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

GDCE បានឱ្យដឹងថា ក្នុង​ឆ្នាំ ​២០២៣ ការ​នាំចូល​ទំនិញ​ក្នុង​ជំពូក ​(HS ២​ ខ្ទង់​)​ លេខ​កូដ ៧២ រួម​​មាន​ដែក និង​ដែកថែប មាន​ទឹកប្រាក់​សរុប ៣៧២,៤៧​ លាន​ដុល្លារ កើន​ ៣,៥​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២២​។ ទឹកប្រាក់​នេះ ​គឺ​ស្មើនឹង ១,៥​ ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​នាំ​ទំនិញ​ចូល​សរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៣ ដែលមាន ២៤,១៨ ​ពាន់​លាន​ដុល្លារ​។ ដោយ​​ឡែក​សម្រាប់​ខែធ្នូ ឆ្នាំ​ ២០២៣ ការនាំ​ចូល​ដែក និង​ដែកថែប មាន​ទឹកប្រាក់ ៣៩,២៤​ លាន​ដុល្លារ កើន ២១,១​ ភាគរយ​ធៀប​ខែធ្នូ ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ៣២,៤១ ​លាន​ដុល្លារ​។​

​អ្នកគ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា លោក ជីវ ស៊ីវ​ផេង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា បន្ទាប់ពី​ស្ងប់ស្ងាត់​ខ្លាំង​ក្នុងអំឡុងពេល​នៃ​ការ​​រីក​រាលដាល​កូ​វីដ​ ១៩ វិស័យ​សំណង់​នៅ​កម្ពុ​ជានា​រយៈ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​បានចាប់ផ្តើម​ងើបឡើង​វិញ​ខ្លះៗ​ហើយ​។ នៅពេល​មានការ​សាងសង់​កាន់តែ​ច្រើន តម្រូវការ​ដែក និង​សម្ភារ​សំណង់​ផ្សេងទៀត​ក៏​កើនឡើង​ដែរ​។

លោក​បន្ថែមថា ប្រសិនបើ​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​សកល​មិនមាន​ប្រឈម​បញ្ហា​ធំៗ​បន្ថែមទៀត​នោះ វិស័យ​សំណង់ និង​អចលនទ្រព្យ​ពិភពលោក រួមទាំង​កម្ពុជា​ប្រាកដជា​នឹង​ងើប​ឡើងវិញ​។​

​លោក​បាន​លើកឡើងថា​៖ «​ភាពល្អ​​ប្រសើរ​នៃ​កំណើនសេដ្ឋកិច្ច​សកល រួមទាំង​ប្រទេស​កម្ពុជា បាន​ជួយ​ឱ្យ​វិស័យ​សាងសង់​កម្ពុជា​កាលពី​ឆ្នាំ​ ២០២៣ ល្អប្រសើរ​ជាង​ឆ្នាំ​ ២០២២ ហើយ​ការ​​នាំចូល​សម្ភារ​សំណង់ រួមទាំង​ដែក និង​ដែកថែប ក៏​កើនឡើង​ដែរ​»​។​

​ទោះជា​យ៉ាងណា លោក ស៊ីវ​ផេង បញ្ជាក់ថា ដោយសារ​វិស័យ​សំណង់​ត្រូវការ​ពេលវេលា​យូរ​ជាង​វិស័យ​ផ្សេងៗ​ទៀត និង​ទុនវិនិយោគ​ច្រើន ដូច្នេះ​វា​នឹង​មិនអាច​ស្ទុះ​ងើបឡើង​វិញ​លឿន​ទេ គឺ​នៅ​ត្រូវការ​ពេល​បន្ថែមទៀត​។​

​បច្ចុប្បន្ន​នៅ​កម្ពុជា​ក៏មាន​រោងចក្រ​ផលិត​ដែក​សម្រាប់​បម្រើឱ្យ​វិស័យ​សំ​​ណង់​ផងដែរ ខណៈ​ដែក និង​ដែកថែប​ដែល​កម្ពុជា​នាំចូល គឺ​ភាគច្រើន​មកពី​ប្រទេស​វៀតណាម ចិន និង​ថៃ​។ នេះ​បើតាម​លោក ស៊ីវ​ផេង​។​

​នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​ ២០២៣ និង​លើក​ផែនការ​សកម្មភាព ឆ្នាំ ​២០២៤ របស់​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA) កាលពី​ថ្ងៃទី​ ១១ ខែ​​ធ្នូ ឆ្នាំ ​២០២៣ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ី​ភី​អិ​ល លោក ចេង ខេង ដែលមាន​បទពិសោធន៍​នៅក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា​ប្រមាណ ៣​ ទសវត្សរ៍​មកហើយ​នោះបាន​និយាយថា ចាប់​តាំងពីដើម​ឆ្នាំ​ ២០២០ រហូតដល់​ដើមឆ្នាំ​ ២០២៣ វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា​មិនសូវ​ដំណើរ​ការល្អ​ទេ​ដោយ​សារ​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ និង​បញ្ហា​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ និង​សង្គ្រាម​នៅ​ប្រទេស​មួយចំនួន​។

លោក​បន្តថា ទោះយ៉ាងណា​សញ្ញា​នៃ​ការ​ងើបឡើង​នៃ​ទីផ្សារ​អចលនទ្រព្យ និង​សំណង់​បានចាប់ផ្តើម​បង្ហាញ​ពន្លឺ​វិជ្ជមាន​វិញ​ជា​បណ្តើរៗ​ហើយ​។​

​លោក​អះអាងថា​៖«​ជាទូទៅ​ខ្ញុំ​មើលឃើញថា នៅ​ចុងឆ្នាំ​ ២០២៣ សកម្ម​ភាព​ការទិញ​-​លក់ ជួល ក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់ បាន​ផ្តើម​កម្រើក​ឡើងវិញ​បណ្តើរៗ​ហើយ​។ ខ្ញុំ​គិតថា នេះ​ជាស​ញ្ញា​ល្អ ដែល​ធ្វើឱ្យ​វិស័យនេះ​ក្នុង​ឆ្នាំ​ ២០២៤ នឹង​ដំណើរ​ការល្អ​ឡើងវិញ​»​។​

​កាលពី​ថ្ងៃទី​ ២០ ខែតុលា ឆ្នាំ​ ២០២៣ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុ​​ម័ត​ឱ្យ​គម្រោង​វិនិយោគ​លើ​រោងចក្រ​ផលិត​ដែក របស់​ក្រុមហ៊ុន Huale Steel(Cambodia) Co.,Ltd ដែលមាន​ទុនវិនិយោគ ៤០​ លាន​ដុល្លារ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ក្រុងព្រះសីហនុ​។ កន្លងមក​ក្នុង​ខេត្តបន្ទាយមានជ័យ និង​កំពង់ស្ពឺ ក៏មាន​រោងចក្រ​ផលិត​ដែក​ផងដែរ​៕