ព្រលានយន្តហោះអន្តរជាតិភ្នំពេញដែលជាព្រលានឈានមុខគេរបស់ព្រះរាជាណាចក្រកម្ពុជា បានទទួលវិញ្ញាបនបត្រកម្រិតទី៣ ត្រូវបានផ្តល់ដោយក្រុមប្រឹក្សាព្រលានយន្តហោះអន្តរជាតិ (ACI) អំពីការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ស្របតាមមហិច្ឆតារបស់រដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) ចំនួន ៤១,៧ ភាគរយត្រឹមឆ្នាំ ២០៣០ ដែលជាការកាត់បន្ថយមួយ ត្រូវបានប៉ាន់ប្រមាណថា នឹងកាត់បន្ថយកាបូនឌីអុកស៊ីត (MtCO2e) មានចំនួន ៦៤,៦ លានតោន ក្នុង ១ ឆ្នាំ។
យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី ២៩ ខែកមរា របស់ក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា ក្រោមការទទួលស្គាល់កាបូនព្រលានយន្តហោះ (ACA) ដែលបានដំណើរការកាលពីឆ្នាំ ២០០៩ តាមគំនិតផ្តួចផ្តើមរបស់ក្រុមប្រឹក្សាព្រលានយន្តហោះអន្តរជាតិ (ACI) ព្រលានយន្តហោះអន្តរជាតិភ្នំពេញបានឈានដល់វិញ្ញាបនបត្រកម្រិត ៣ នៃកម្មវិធីមួយ ដែលមានគោលបំណងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា កម្មវិធីដែលត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យមានវិញ្ញាបនបត្រ ៧ កម្រិតដូចជា ការធ្វើផែនទី ការកាត់បន្ថយការធ្វើឱ្យប្រសើរអព្យាក្រឹតភាពការប្រែប្រួលការផ្លាស់ប្តូរនិងកម្រិត ៥។ ចាប់តាំងពីសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី ២៨ (COP 28) ACI បានដាក់ឱ្យដំណើរការ ការទទួលស្គាល់កម្រិតទី៥ ថ្មីនេះ ដែលផ្តល់ពិន្ទុនេះដល់ព្រលានយន្តចំនួន ១០ ប៉ុណ្ណោះនៅទូទាំងពិភពលោក ក្នុងចំណោមព្រលានយន្តហោះចំនួន ៤ ដែលត្រូវបានអភិវឌ្ឍ និងប្រតិបត្តិការដោយក្រុមហ៊ុន VINCI Airports ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា ជាក្រុមហ៊ុនគ្រប់គ្រងផ្ដាច់មុខលើព្រលានយន្តហោះអន្តរជាតិ នៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ។
ក្រុមហ៊ុនបានឱ្យដឹងថា៖ «កម្មវិធី ACA តម្រូវឱ្យមានការត្រួតពិនិត្យបរិមាណកាបូននៅព្រលានយន្តហោះ និងការអនុវត្តសកម្មភាពកាត់បន្ថយផែនការក្នុងរយៈពេលជាច្រើនឆ្នាំ។ ដើម្បីសម្រេចបានគោលដៅរបស់ខ្លួន ក្រុមហ៊ុនព្រលានយន្តហោះមួយនេះ បានវិនិយោគយ៉ាងច្រើនលើប្រព័ន្ធត្រជាក់ប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់ម៉ាស៊ីនត្រជាក់នៅកណ្តាល ជំនួសប្រភពពន្លឺទាំងអស់ជាមួយនឹងបច្ចេកវិទ្យា LED ឬកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនភ្លើងដែលដំណើរការដោយប្រេងម៉ាស៊ូត»។
លោក Cyril GIROT អគ្គនាយកក្រុមហ៊ុន Cambodia Airports បានឱ្យដឹងថា ការក្លាយជាក្រុមហ៊ុនឈានមុខគេ និងជាអ្នកដឹកនាំក្នុងសកម្មភាពបរិស្ថាន គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុន Cambodia Airports ដែលគ្រប់គ្រងដោយក្រុមហ៊ុនមេ VINCI Airports។
លោកថ្លែងថា៖ «ការពង្រឹងកម្មវិធី ACA ព្រលានយន្តហោះភ្នំពេញបានទទួលវិញ្ញាបនបត្រ ISO 14001 ដោយជោគជ័យកាលពីខែធ្នូ ឆ្នាំ ២០២៣។ សមិទ្ធផលនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងក្នុងការទប់ទល់នឹងបញ្ហាប្រឈមនានា ដោយសារតែការប្រែប្រួលអាកាសធាតុលើពិភពលោក។ ខ្ញុំចង់បង្ហាញពីការដឹងគុណរបស់ខ្ញុំចំពោះបុគ្គលិក និងដៃគូរបស់យើង ដែលចូលរួមយ៉ាងសកម្មនៅក្នុងគំនិតផ្តួចផ្តើមបរិស្ថានទាំងនេះ រួមចំណែកដល់សហគមន៍ទាំងអស់ និងធ្វើឱ្យមានភាពវិជ្ជមានពិតប្រាកដ»។
ក្រោមភាពជាដៃគូសាធារណៈ និងឯកជនដែលបានចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ ១៩៩៥ ក្រុមហ៊ុន Cambodia Airports ទទួលបានសម្បទានរយៈពេល ៤៥ ឆ្នាំ សម្រាប់ការអភិវឌ្ឍ និងការគ្រប់គ្រងបណ្តាញព្រលានយន្តហោះអន្តរជាតិរបស់ប្រទេសកម្ពុជាដែលបម្រើដល់រាជធានីភ្នំពេញ និងទីក្រុងកំពង់ផែ និងរមណីយដ្ឋានឆ្នេរនៅក្រុងព្រះសីហនុ។
ភាគហ៊ុនិករបស់ក្រុមហ៊ុន Cambodia Airports គឺក្រុមហ៊ុនVINCI Airportsរបស់ប្រទេសបារាំងគ្រប់គ្រង ៧០ ភាគរយ និង ៣០ ភាគរយគ្រប់គ្រងដោយក្រុមហ៊ុន Muhibbah Masteron Cambodia ដែលជាក្រុមហ៊ុនវិនិយោគរួមរវាងប្រទេសម៉ាឡេស៊ី និងកម្ពុជា៕