​ភ្នំពេញៈ គម្រោង​វិនិយោគ​វិ​ស័​យ​សំណង់​ចំនួន​ជាង ៣​ ពាន់​ក្រោម​ទុនវិនិយោគ​ជាង ៥,២ ពាន់​លាន​ដុល្លារ ត្រូវបាន​រដ្ឋា​ភិ​បាល​អនុម័ត​នៅក្នុង​រយៈពេល ១១ ​ខែ​ ដើមឆ្នាំ​ ២០២៣ ដោយ​ចំនួន​ទុនវិនិយោគ​កើនឡើង​ជិត ១០០​ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​ឯកសារ​និន្នាការ​សេដ្ឋកិច្ច​សង្គម​ប្រចាំខែ​វិច្ឆិកា ឆ្នាំ​ ២០២៣ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​​វត្ថុឱ្យដឹងថា ចន្លោះ​ពី​ខែមករា​-​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ រាជរដ្ឋាភិបាល​តាមរ​យៈ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំ​ណង់ បានអនុម័ត​ឱ្យ​គម្រោង​សាងសង់​សរុប ៣ ១៤២ ស្មើ​ នឹង​ផ្ទៃក្រឡា ១២,៦៩​ លាន​ម៉ែត្រការ៉េ និង​ទុនវិនិយោគ ៥ ២៥៥​ លាន​ដុល្លារ​។ ចំនួន​នេះ​បើ​ធៀប​នឹង​រយៈពេល​ដូច​​គ្នា​ក្នុង​ឆ្នាំ​ ២០២២ គឺ​ចំនួន​គម្រោង​សាងសង់​បាន​ធ្លាក់ចុះ ៦៨៤ ​គម្រោង ប៉ុន្តែ​ផ្ទៃក្រឡា​សំណង់ និង​ទុនវិនិយោគ​បាន​កើន ៩២,៨​ ភាគរយ និង ៩៩,៧​ ភាគរយ​រៀង​គ្នា​។​

​ឯកសារ​ខាងលើ​ឱ្យដឹងទៀតថា សម្រាប់​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ គម្រោង​ទទួលបាន​ការអនុញ្ញាត​មាន​ចំនួន ២១៨ ស្មើ​ផ្ទៃក្រឡា ៣៦២ ៥១៧​ ម៉ែត្រការ៉េ​, និង​ទុន​​វិនិយោគ ១៤៥,៧ ​លាន​ដុល្លារ​។​

​ឯកសារ​ឱ្យដឹងថា​៖ «​ស្ថានភាព​វិស័យ​សំណង់​ក្នុង​ខែវិច្ឆិកា​មាន​ភាពល្អប្រសើរ​បន្តិច​ធៀប​នឹង​ខែ​មុន ​(​ខែតុលា​) ខណៈ​គិត​ត្រឹម​ ១១ ​ខែ ឆ្នាំ​ ២០២៣ មាន​កំណើន​ល្អ​ឡើងវិញ​គួរឱ្យកត់សម្គាល់​»​។​

​ប្រធាន​គ្រប់គ្រង​ទូទៅ​សមាគម​អ្នក​​សាងសង់​កម្ពុជា លោក ជីវ ស៊ីវ​ផេង បាន​និយាយថា ការធ្លាក់ចុះ​ចំនួន​គម្រោង​វិ​និ​​យោគ​ក្នុងអំឡុងពេល​ដើមទុន​វិនិយោគ និង​ផ្ទៃក្រឡា​អគារ​កើនឡើង​មានន័យថា ភាគច្រើន​នៃ​គម្រោង​ដែល​អាជ្ញាធរ​អនុម័ត​គឺជា​គម្រោង​ធំ និង​មាន​ដើមទុន​វិនិយោគ​ច្រើន​។ ការណ៍​នេះ​បញ្ជាក់​អំពី​ទំនុកចិត្ត​របស់​វិនិយោគិន​ធំៗ ពិសេស​ជនបរទេស​ចំពោះ​ការបណ្តាក់ទុន​នៅ​កម្ពុជា​។ លោក​បន្តថា វិស័យ​សំណង់​ត្រូវបាន​រំពឹងថា នឹង​ងើប​ឡើងវិញ​បណ្តើរៗ​ពី​ការធ្លាក់ចុះ​យ៉ាងគំហុក​អំឡុងពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩​។​

​លោក​ថ្លែងថា​៖ «​ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​រឹងមាំ គឺជា​ហេតុ​ផល​ចម្បង​ដែល​ជួយ​ឱ្យ​កម្ពុជា​អាច​ទាក់​ទាញ​វិនិយោគិន​វិស័យ​អចលនទ្រព្យ និង​សំណង់​មក​បណ្តាក់ទុន​កាន់តែច្រើន​។ នៅពេល​មានការ​វិនិយោគ​ផ្ទាល់​កាន់តែច្រើន​តម្រូវការ​អគារ​ការិយាល័យ និង​រោងចក្រ​ក៏​កើនឡើង​ដែរ​»​។​

​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ លោក វ៉ា វិ​រៈ បានលើកឡើង​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​ ២០២៣ របស់​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អ​ច​លន​វត្ថុ​កម្ពុជា ​(CVEA)​ កាលពី​ខែធ្នូ ឆ្នាំ ​២០២៣ ថា កំណើនសេដ្ឋកិច្ច​សកល​និង​ការជួយ​អន្តរាគមន៍​របស់​រដ្ឋា​ភិ​បាល​លើ​វិស័យ​អចលនទ្រព្យ និង​សំណង់ នឹង​ជួយ​ធ្វើឱ្យ​វិស័យ​អចលនវត្ថុ និង​សំណង់​នៅ​កម្ពុជា រីកចម្រើន​ឡើងវិញ​ក្នុងពេល​ឆាប់ៗ ខណៈ​ឆ្នាំ​ ២០២៣ អាច​ចាត់ទុកថា​ ជា​ពេល​មិនសូវ​ល្អ​សម្រាប់​ទីផ្សារ​អចលនទ្រព្យ និង​សំណង់​ដោយ​រាប់​តាំងពី​ការទិញ លក់ ជួល និង​សកម្ម​​ភាព​សាងសង់​។​

​លោក​បន្តថា ផ្អែក​តាម​ការ​ព្យាករ​ដោយ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរ​ជាតិ​ធំៗ ដូចជា ADB, IMF និង WB ជាដើម​នោះ គឺ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ​ ២០២៤ និង​ខ្ពស់ជាង​ឆ្នាំ​ ២០២៣ ដូច្នេះ​វិស័យ​អចលនទ្រព្យ និង​សំណង់​នឹង​ល្អប្រសើរ​ជាង​ឆ្នាំ​ ២០២៣​។​

​លោក​និយាយថា​៖ «​ខ្ញុំ​គិតថា ចាប់ពីពេលនេះ​ទៅ​វា​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​ចង់​ទិញ​អចលនទ្រព្យ ឬ​ចង់​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​សំណង់​ប្រសិនបើ​គាត់​មាន​លំហូរ​សាច់​​ប្រាក់​ល្អ​ត្រឹមត្រូវ ប៉ុន្ដែ​បើសិន​គាត់​ប្រើ​ប្រាស់​កម្ចី ដែលមាន​ការប្រាក់​ខ្ពស់​គួរតែ​កុំ​វិនិយោគ​អី​»​។​

​ឯកសារ​និន្នាការ​សេដ្ឋកិច្ច​សង្គម ឆ្នាំ​ ២០២២ បានឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២២ គម្រោង​ដែល​បានទទួល​ការអនុញ្ញាត​ពី​ក្រសួង​រៀបចំ​ដែនដី​មាន​សរុប ៤ ២៧៥​ គម្រោង ធ្លាក់ចុះ ២៨ ធៀប​ឆ្នាំ​ ២០២១ និង​មាន​ទុនវិនិយោគ​សរុប ២ ៩៦៨ ​លាន​ដុល្លារ ធ្លាក់ចុះ ៤៦,៨ ​ភាគរយ​។ នៅក្នុង​ចំណោម​គម្រោង​ទាំងនោះ គឺ​គម្រោង​លំនៅឋាន​មាន​ចំនួន ៣ ៧៦៨ គម្រោង ស្មើ ៨៨,១​ ភាគរយ​នៃ​សំណើ​សុំ​សាងសង់​សរុប កើន ៤៨ ធៀប​នឹង​ឆ្នាំ​ ២០២១ ក្រៅពីនោះ​រួមមាន អគារពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​គម្រោង​ផ្សេងៗ​ទៀត​៕