ភ្នំពេញៈ តំណាងផ្នែកឯកជនធំៗចំនួន ៣ បានជំរុញឱ្យរដ្ឋាភិបាលកែសម្រួលថ្លៃអានុភាពសម្រាប់ការដំឡើងថាមពលសូឡាលើដំបូល ដែលជាវិធានការមួយដើម្បីកសាងកម្ពុជាជាគោលដៅវិនិយោគបៃតងនៅក្នុងតំបន់ និងពិភពលោក។
សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរនៅកម្ពុជា (TAFTAC) តំណាងដោយលោក ខេន លូ ជាអគ្គលេខាធិការ លោក Tassilo Brizer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) និងលោកស្រី ណាក់ ចាន់ណូលីន អគ្គលេខាធិការសហព័ន្ធទេសចរណ៍កម្ពុជា (CTF) បានចុះហត្ថលេខារួមគ្នាដោយផ្តល់មតិលើសេចក្តីព្រាងបទប្បញ្ញត្តិស្តីពី «ការដំឡើង និងប្រើប្រាស់បន្ទះសូឡាលើដំបូលនៅកម្ពុជា និងសេចក្តីព្រាងនីតិវិធីសម្រាប់បន្ទះសូឡាលើដំបូល សេវាកម្មដំឡើង PV កម្ពុជា»។
ពួកគេបានឱ្យដឹងថា អង្គភាពដែលចុះហត្ថលេខាលើវិស័យឧស្សាហកម្មដូចជា ផលិតកម្មកាត់ដេរ(សភាពាណិជ្ជកម្មអឺរ៉ុប សមាជិកគណៈកម្មាធិការកាត់ដេរ និងផលិតកម្ម តំណាងឱ្យក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជាក្នុងតម្លៃប្រមាណ ៣ ពាន់លានដុល្លារក្នុង ១ ឆ្នាំ), TAFTAC (តំណាងឱ្យរោងចក្រកាត់ដេរជាង ៧៥០ នៅកម្ពុជា នាំចេញក្នុងតម្លៃ ១១ ពាន់លានដុល្លារ), សហព័ន្ធទេសចរណ៍កម្ពុជា, ឧស្សាហកម្មថាមពលសូឡា, វិស័យអប់រំ, ក្រុមហ៊ុនអចលនទ្រព្យ និងសំណង់មានចំណាប់អារម្មណ៍លើការប្រើប្រាស់ថាមពលសូឡាលើដំបូលដើម្បីសន្សំសំចៃការចំណាយសំដៅឱ្យសម្រេចបាននូវគោលដៅនិរន្តរភាពរបស់ពួកគេ និងគាំទ្រកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាជាគោលដៅវិនិយោគបៃតង។
ពួកគេបានឱ្យដឹងថា៖ «គំនិតផ្តួចផ្តើមនេះមានសារៈសំខាន់សម្រាប់វិស័យនានា ដែលផ្តល់ការងារដល់ប្រជាជនកម្ពុជារាប់សែននាក់ រួមទាំងឧស្សាហកម្មកាត់ដេរដែលមានកម្លាំងពលកម្ម ៨៥ ម៉ឺននាក់ផងដែរ។ យើងពិតជាសប្បាយចិត្តខ្លាំងចំពោះការប្រកាសដែលធ្វើឡើងដោយក្រសួងរ៉ែ និងថាមពល (MME) ដែលរំពឹងទុកថានឹងបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧១ ភាគរយត្រឹមឆ្នាំ ២០៣០»។
លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា (EAC) បានសរសេរក្នុងលិខិតឆ្លើយតបទៅសមាគមចំនួន ៣ កាលពីថ្ងៃទី ២៦ ខែមករាថា ក្នុងផ្នែកទី ៦.៤ នៃគោលការណ៍បានអនុញ្ញាតឱ្យប្រើប្រាស់ថាមពលសូឡាលើដំបូលនៅកម្ពុជា ដែលចេញដោយ MME ផ្តល់រូបមន្តគណនាតម្លៃប៉ះប៉ូវ។
លោកថ្លែងថា៖ «រូបមន្តប្រើប្រាស់ពន្ធទូទៅសម្រាប់ការផ្គត់ផ្គង់អគ្គិសនីដែលជាកម្មវិធីមួយសម្រាប់អ្នកប្រើប្រាស់ និងតម្លៃនៃការបង្កើតថាមពលសូឡាជាកម្មវិធីមួយសម្រាប់ការដំឡើងថាមពលសូឡា ដូចដែលបានសម្រេចដោយ EAC រៀងរាល់ពេល។
សេចក្តីព្រាងបទប្បញ្ញត្តិចែងថា EAC ត្រូវជូនដំណឹងអំពីតម្លៃនៃការបង្កើតថាមពលសូឡា សម្រាប់ទំហំផ្សេងគ្នានៃការដំឡើងថាមពលសូឡានៅលើដំបូលជាធម្មតារៀងរាល់ ៦ ខែ ឬ ១ ឆ្នាំម្តង»។
លោកលើកឡើងថា៖ «អ្នកប្រើប្រាស់ដែលមានការដំឡើងថាមពលសូឡា ត្រូវបង់តម្លៃប៉ះប៉ូវលើការផលិតថាមពលសូឡា ហើយត្រូវបង់ថ្លៃអគ្គិសនីលើការប្រើប្រាស់អគ្គិសនី បានពីការផ្គត់ផ្គង់អគ្គិសនីតាមអត្រាតម្លៃដែលអាចអនុវត្តបាន រួមទាំងថ្លៃនៃការប្រើប្រាស់ (TOU) ផងដែរ។ សមត្ថភាពការដំឡើងថាមពលសូឡានៅលើដំបូលដែលត្រូវចាត់ថ្នាក់ជាទំហំតូច មធ្យម និងធំនៃការដំឡើងថាមពលសូឡានៅលើដំបូល គឺត្រូវធ្វើឡើងដោយ MME»។
លោកបន្ថែមថា៖ «នៅពេលនេះ EAC កំពុងពិនិត្យមើលដំណើរការសម្រាប់ការគណនា និងកំពុងសិក្សាទិន្នន័យតម្លៃដែលបំពាក់ដោយក្រុមហ៊ុនដំឡើងប្រព័ន្ធថាមពលសូឡានៅលើដំបូល។ EAC នឹងផ្តល់មតិយោបល់របស់ខ្លួនលើសំណួររបស់លោកអ្នកអំពីការបញ្ចប់បញ្ហាទាំងនេះ»។
លោក ខែន លូ អគ្គលេខាធិការ TAFTAC បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៣១ ខែមករាថា បទប្បញ្ញត្តិដែលមានស្រាប់បច្ចុប្បន្នស្តីពីការដំឡើងថាមពលសូឡានៅលើដំបូលមិនអំណោយផលសម្រាប់ការវិនិយោគទេ។
លោកថ្លែងថា៖ «រោងចក្រជាច្រើនចង់ដំឡើងថាមពលសូឡា ប៉ុន្តែបទប្បញ្ញត្តិដែលមានស្រាប់មានន័យថា ក្រុមហ៊ុនដែលវិនិយោគលើថាមពលសូឡាលើដំបូលមិនទទួលបានប្រយោជន៍ផ្នែកហិរញ្ញវត្ថុទេ ព្រោះមិនមានការសន្សំទៅលើថ្លៃថាមពល។ ការណ៍នេះមានន័យថា ពួកគេនឹងមិនអាចប៉ះប៉ូវការវិនិយោគរបស់ពួកគេបានទេ»។
លោកពន្យល់ថា ស្ថិតក្រោមបទប្បញ្ញត្តិថ្មី អ្នកប្រើប្រាស់ដែលដំឡើងថាមពលសូឡា ត្រូវបង់តម្លៃប៉ះប៉ូវលើការផលិតថាមពលសូឡា ហើយត្រូវបង់ថ្លៃអគ្គិសនីលើការប្រើប្រាស់អគ្គិសនីបានពីការផ្គត់ផ្គង់អគ្គិសនីតាមអត្រាតម្លៃដែលអាចអនុវត្តបាន រួមទាំងថ្លៃនៃការប្រើប្រាស់ (TOU)។ មានន័យថាអ្នកប្រើថាមពលសូឡានឹងត្រូវបានអនុញ្ញាតឱ្យទទួលបានតម្លៃ TOU ផងដែរ៕