ភ្នំពេញៈ វិបត្តិការរីករាលដាលជំងឺកូវីដ ១៩ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះបានប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់ សម្រាប់ប្រទេសកម្ពុជា គឺមានគ្រឹះស្ថាន រួមទាំងរោងចក្រ សកម្មភាពអាជីវកម្មលក់ដុំ-រាយ កន្លែងស្នាក់នៅ និងសេវាកម្មម្ហូបអាហារប្រហែល ៨១ ភាគរយ បានរងផលប៉ះពាល់ពីវិបត្តិនេះ។
ទិន្នន័យចុងក្រោយបំផុតក្នុងជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ ដែលចេញផ្សាយនាពេលថ្មីៗនេះឱ្យដឹងថា ក្នុងចំណោមគ្រឹះស្ថានដែលរងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ ១៩ គឺមានគ្រឹះស្ថាន ៥៨៧ ៧៩៣ កន្លែង (៣៤,៨ ភាគរយ) បានរាយការណ៍ពីប្រាក់ចំណូលកាន់តែទាបកាលពីឆ្នាំ២០២២, គ្រឹះស្ថានចំនួន ៤៣៣ ៧០៣ កន្លែង (២៦,៦ ភាគរយ) បានរាយការណ៍ពីការចំណាយកាន់តែខ្ពស់, គ្រឹះស្ថានចំនួន ២១២ ៧៦០ កន្លែង (១២,៦ ភាគរយ) រាយការណ៍ពីការធ្លាក់ចុះតម្រូវការទីផ្សារ និងគ្រឹះស្ថាន ១៥៣ ៨៧៨ កន្លែង (៩,១ ភាគរយ) បានរាយការណ៍ពីការខ្វះទុនបង្វិល។
របាយការណ៍ជំរឿនបានបង្ហាញថា៖ «វិបត្តិការរីករាលដាលជំងឺកូវីដ មានផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងលើសកម្មភាពអាជីវកម្ម រួមទាំងការធ្លាក់ចុះប្រាក់ចំណូល ការកើនឡើងការចំណាយ ការធ្លាក់ចុះតម្រូវការទីផ្សារ និងកង្វះទុនបង្វិល»។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងក្នុងពិធីដាក់ឱ្យដំណើរការក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីសម្រាប់ការស្តារសេដ្ឋកិច្ចក្នុងបរិបទការរស់នៅជាមួយជំងឺកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មីឆ្នាំ ២០២១-២០២៣» កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ ថា ឯកសារនេះជាមូលដ្ឋានដ៏សំខាន់ និងជាផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តបន្ទាន់ និងរយៈពេលមធ្យមនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល។
លោកបានថ្លែងថា៖ «ក្នុងរយៈពេលការរីករាលដាលជំងឺកូវីដ ១៩ យើងទាំងអស់គ្នាអាចកត់សម្គាល់ឃើញយ៉ាងច្បាស់ពីផលវិបាកអវិជ្ជមានលើស្ថានភាពសេដ្ឋកិច្ចសង្គមនៅកម្ពុជាដែលបណ្ដាលមកពីវិបត្តិនេះ»។
លោកបន្ថែមថា៖ «ក្រៅពីការគំរាមកំហែងដែលឆក់យកជីវិតមនុស្ស វិបត្តិនេះបានបណ្ដាលឱ្យមានចំណុចដែលអាចបង្កជាបញ្ហាមួយចំនួននៃមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា ដែលងាយរងគ្រោះដោយសារកត្តាខាងក្រៅ»។
ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានបញ្ចេញថវិកាចំនួន ២៥០ លានដុល្លារ សម្រាប់កម្ចីផ្ទាល់ពីធនាគារសហគ្រាសធុនតូច និងមធ្យមដែលគ្រប់គ្រងដោយរដ្ឋ (SME Bank) និងធនាគារអភិវឌ្ឍន៍ជនបទ ប្រើប្រាស់ក្នុងឆ្នាំ ២០២៣ កន្លងមកនេះសម្រាប់វិស័យអាទិភាពដូចជា កសិកម្ម និងអេកូទេសចរណ៍។
ក្នុងរយៈពេល ៣ ឆ្នាំមកនេះ គិតត្រឹមដើមឆ្នាំ ២០២៤ ធនាគារ SME បានបង្កើនប្រាក់កម្ចីដល់សហគ្រាសប្រមាណ ៣ ២០០ ដែលមានទំហំទឹកប្រាក់ប្រហែល ៤៩០ លានដុល្លារ។
លោក Anthony Galliano អគ្គនាយកក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Cambodia Investment Management Co Ltd បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣ ខែមករាថា រដ្ឋាភិបាលបានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងជាក់ស្តែង ជាពិសេសបន្ទាប់ពីព្រឹត្តិការណ៍ «ថ្ងៃទី ២០ ខែកុម្ភៈ»។
វិធានការមួយចំនួនដែលលោក Galliano លើកឡើងនោះគឺការអនុវត្ត ផែនការមេជំងឺកូវីដ ១៩ និងការកាត់បន្ថយចំណាយរបស់រដ្ឋាភិបាល ដើម្បីប៉ះប៉ូវដល់ការធ្លាក់ចុះប្រាក់ចំណូល។
លោកបន្តថា៖ «ភាពធន់ និងនិរន្តរភាពសេដ្ឋកិច្ច ភាគច្រើនដោយសារតែភាពជោគជ័យនៃកម្មវិធីនេះ ជាពិសេសការផ្ទេរសាច់ប្រាក់សម្រាប់គ្រួសារក្រីក្រ និងជនងាយទទួលរងគ្រោះ សហហិរញ្ញប្បទាន និងការចែករំលែកហានិភ័យតាមរយៈ SME Bank, កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងការគាំទ្រដល់កម្មករជាប់កិច្ចសន្យាដែលព្យួរការងារ, កម្មវិធីមូលនិធិធានាឥណទាន និងហិរញ្ញប្បទាន និងមធ្យោបាយជួយសម្រួលផ្សេងៗទៀត។
លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី ៥ ខែធ្នូ បានឱ្យដឹងថា រដ្ឋាភិបាលបានត្រៀមរៀបចំធ្វើសមាហរណកម្មកម្មវិធីផ្នែកផ្សេងៗទៀត បង្កើតជាបណ្តាញគាំពារសង្គមដ៏ទូលំទូលាយមួយដើម្បីឆ្លើយតបនឹងគ្រោះអាសន្ន។
លោកថា រដ្ឋាភិបាលបានត្រៀមថវិកាជាង ១,៣ ពាន់លានដុល្លារ សម្រាប់គំនិតផ្តួចផ្តើមការពារសង្គមចំនួន ៥ ហើយក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩ រដ្ឋាភិបាលចំណាយប្រាក់ចំនួន ១,២១៣ ពាន់លានដុល្លាររួចទៅហើយ៕