ភ្នំពេញៈ កម្ពុជា-វៀតណាម បានបើកកិច្ចពិភាក្សាដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី ព្រមទាំងគ្រោងរៀបចំឱ្យមានជំនួបរវាងវិនិយោគិននៃប្រទេសទាំង ២ ដើម្បីស្វែងយល់ពីឱកាសវិនិយោគរៀងៗខ្លួន។
កិច្ចពិភាក្សាខាងលើបានធ្វើឡើងក្នុងជំនួបរវាង លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាមួយ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤។
បើតាម CDC នាឱកាសនោះ ភាគីទាំង ២ បានពិភាក្សាគ្នាលើគោលបំណងជំរុញការវិនិយោគ និងពាណិជ្ជកម្ម និងពិនិត្យរៀបចំអ្នកវិនិយោគរបស់កម្ពុជា និងវៀតណាម អាចជួបពិភាក្សាគ្នាស្វែងយល់ពីសក្តានុពលវិនិយោគនៃប្រទេសរៀងៗខ្លួន។
ជាមួយគ្នានេះលោក Nguyen Huy Tang ក៏បានបង្ហាញពីក្តីរំពឹងចំពោះការជំរុញការវិនិយោគ និងពាណិជ្ជកម្មប្រទេសទាំង ២ ព្រមទាំងបង្ហាញសុទិដ្ឋិនិយមលើទិសដៅដែលលោកចង់ឃើញវិនិយោគិនកម្ពុជាទៅវិនិយោគនៅក្នុងប្រទេសវៀតណាមផងដែរ។
ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានប្រាប់គូភាគីអំពីការងាររបស់ CDC ដែលជាអ្នកសម្របសម្រួលការងារវិនិយោគរវាងរដ្ឋាភិបាលទៅផ្នែកឯកជន ហើយក្នុងនោះស្ថាប័ន CDC ក៏មាននាទីរៀបចំឱ្យវិនិយោគិនកម្ពុជា ជួបពិភាក្សាស្វែងយល់ពីសក្តានុពលវិនិយោគជាមួយវិនិយោគិននៃបណ្តាប្រទេសផ្សេងៗផងដែរ។
បន្ថែមពីនេះលោកបានប្រាប់ភាគីវៀតណាមថា នឹងពិនិត្យលទ្ធភាពធ្វើយ៉ាងណាអាចបើកលទ្ធភាពឱ្យអ្នកវិនិយោគកម្ពុជា និងវៀតណាម អាចជួបពិភាក្សា និងស្វែងយល់ពីគ្នា ជាពិសេសលើឱកាសវិនិយោគ។
ជុំវិញរឿងនេះ លោក ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានបង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញការវិនិយោគ និងពាណិជ្ជរវាងកម្ពុជា និងវៀតណាម ដែលនឹងផ្តល់សារៈសំខាន់ និងផលប្រ-យោជន៍រវាងគ្នា និងគ្នា ដោយសារភាគីទាំង ២ ជាប្រទេសក្បែរខាងដែលមានទំនាក់ទំនងល្អជាសមាជិកអាស៊ាន និងកិច្ចព្រមព្រៀង RCEP ដូចគ្នា។
លោកនិយាយថា៖ «ខ្ញុំមើលមិនឃើញសក្តានុពលអ្វីច្រើនឡើយសម្រាប់អ្នកវិនិយោគកម្ពុជាទៅកាន់វៀតណាម ដែលកម្ពុជាអាចនាំចេញ និងកែច្នៃចំពោះកសិផលនៅប្រទេសវៀតណាម ព្រោះវៀតណាមមានសក្តានុពលលើបច្ចេកវិទ្យា រោងចក្រកែច្នៃ មានទីផ្សារនាំចេញទូលំទូលាយ»។
លោកបន្តថា៖ «ប៉ុន្តែកម្ពុជាមានអំណោយផលច្រើនសម្រាប់វិនិយោគិនវៀតណាមវិញ មានដូចជា វិស័យថាមពល ទូរគមនាគមន៍ កសិកម្ម បច្ចេកវិទ្យាកសិកម្ម ដឹកជញ្ជូន និងភ័ស្តុភារកម្ម ហិរញ្ញវត្ថុធនាគារ ឌីជីថល ជាដើម ដែលជាលទ្ធភាពវៀតណាមអាចមកវិនិយោគនៅកម្ពុជាបាន»។
កាលពីខែធ្នូ ឆ្នាំ ២០២៣ គ្រាដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ភាគីទាំង ២ ក៏បានឯកភាពគ្នាជំរុញកំណើនពាណិជ្ជកម្មទ្វេភាគីដោយធ្វើយ៉ាងណាឱ្យឈានសម្រេចបានរហូតដល់ ២០ ពាន់លានដុល្លារ នាពេលដ៏ខ្លីខាងមុខ។
ការរំពឹងទុកនេះ គឺបន្ទាប់ពីកម្ពុជា-វៀតណាម សម្រេចបានទំហំប្រមាណ ១១ ពាន់លានដុល្លារ នៅឆ្នាំ ២០២២ ជាមួយនឹងការលើកទឹកចិត្ត និងការសម្របសម្រួលជូនអ្នកវិនិយោគ និងកិច្ចសហប្រតិបត្តិការអាជីវកម្មរវាងប្រទេសទាំង ២៕