ភ្នំពេញៈ ទុនបម្រុងអន្តរជាតិកម្ពុជាក្នុងឆ្នាំ ២០២៤ ត្រូវបានព្យាករថា នឹងកើនឡើងដល់ជាង ២១ ពាន់លានដុល្លារពីចំនួនជាង ១៩ ពាន់លានដុល្លារ (តាមការប៉ាន់ស្មាន) នៅក្នុងឆ្នាំ ២០២៣ ដែលអាចអនុញ្ញាតឱ្យកម្ពុជាធ្វើការនាំចូលទំនិញ និងសេវាកម្មសំខាន់ៗពីក្រៅប្រទេសបានចំនួន ៦,៦ ខែ បើប្រទេសជាតិជួបនឹងវិបត្តិអ្វីមួយ ខណៈអ្នកសេដ្ឋកិច្ចអះអាងថា ការកើនឡើងទុនបម្រុងអន្តរជាតិគឺបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ និងកំណើនការវិនិយោគផ្ទាល់ (FDI)។
ឯកសារថវិកាសង្ខេបប្រចាំឆ្នាំ ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) បានឱ្យដឹងថា សេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៤ ត្រូវបានព្យាករនឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦ ភាគរយ ដែលនឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផសស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤ ២៩៥៧ ពាន់លានរៀល (សមមូលប្រមាណ ៣៥ ១៦៨ លានដុល្លារ) នៅក្នុងនោះទុនបម្រុងអន្តរជាតិកម្ពុជាសម្រាប់ឆ្នាំ ២០២៤ ត្រូវបានព្យាករនឹងមានចំនួន ២១,២៨ ពាន់លានដុល្លារពីចំនួនប៉ាន់ស្មាន ១៩,៤៤ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣ និង ១៧,៨ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២។
យោងតាមឯកសារ គឺតាមការប៉ាន់ស្មានទុនបម្រុងអន្តរជាតិកម្ពុជានៅក្នុងឆ្នាំ ២០២៤ អាចធានាការនាំចូលទំនិញពីទីផ្សារអន្តរជាតិបាន ៦,៦ ខែ ថយចុះពីចំនួន ៦,៩ ខែ ក្នុងឆ្នាំ ២០២៣ ប៉ុន្តែខ្ពស់ជាងឆ្នាំ ២០២២ ដែលមានត្រឹមតែ ៦,១ ខែ។
បើតាមឯកសារថវិកាសង្ខេប ឆ្នាំ ២០២៤ ទោះបីជានៅក្នុងបរិការណ៍ដែលកម្ពុជាកំពុងទទួលផលពីសុខសន្តិភាព និងស្ថិរភាពនយោបាយក្នុងប្រទេស ហើយសេដ្ឋកិច្ចកំពុងងើបឡើងវិញ និងត្រឡប់ទៅរកភាពប្រក្រតីក្រោយវិបត្តិនៃជំងឺកូវីដ ១៩ ក្តី ក៏កម្ពុជានៅតែមានបញ្ហាប្រឈមជាមួយរចនាសម្ព័ន្ធខាងក្នុងមួយចំនួន ដែលធ្វើឱ្យដំណើរការធ្វើពិពិធកម្មសេដ្ឋកិច្ចមិនទាន់សម្រេចបានក្នុងល្បឿនខ្ពស់តាមការរំពឹងទុកបានឡើយ ហើយភាពប្រកួតប្រជែងក៏នៅមានកម្រិត។ ម្យ៉ាងទៀតកម្ពុជាក៏ដូចជាបណ្តាប្រទេសដទៃទៀតក៏កំពុងត្រូវបានបន្តហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាពី កត្តាខាងក្រៅ។
ឯកសារបញ្ជាក់ថា៖ «ជារួម ហានិភ័យ និងបញ្ហាប្រឈមទាំងនេះបាននិងកំពុងបង្កផលប៉ះពាល់លើពាណិជ្ជកម្មអន្តរជាតិ និងលំហូរការវិនិយោគមកកម្ពុជា ដែលអាចយាយីដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាអាចប៉ះពាល់ដល់គន្លងនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០»។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានថ្លែងមកកាន់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៣ ខែមករាថា ទុនបម្រុងអន្តរជាតិ គឺជាប្រាក់ដែលរដ្ឋាភិបាលប្រទេសនីមួយៗតម្កល់ទុកសម្រាប់ប្រើប្រាស់នៅពេលប្រទេសជួបវិបត្តិអ្វីមួយ ដោយរដ្ឋាភិបាលអាចដកទុនបម្រុងអន្តរជាតិទៅចំណាយលើការទិញស្បៀងអាហារ ថ្នាំពេទ្យ... ឬប្រេងឥន្ធនៈជាដើម ដើម្បីធានានិរន្តរភាពសង្គម និងសេដ្ឋកិច្ច។
លោកបន្ថែមថា ការកើនឡើងចំនួនទុនវិនិយោគ គឺឆ្លុះបញ្ជាំងពីស្ថានភាពការវិនិយោគផ្ទាល់នៅកម្ពុជាផងដែរ ពីព្រោះនៅពេលសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសមានដំណើរការល្អ ទើបរដ្ឋាភិបាលអាចរក្សាទុក ឬបង្កើនទុនបម្រុងអន្តរជាតិបានច្រើន។
លោកថ្លែងថា៖ «ទុនបម្រុងអន្តរជាតិ គឺពិតជាសំខាន់ខ្លាំងសម្រាប់រដ្ឋាភិបាលនៃប្រទេសនីមួយៗយកទៅប្រើប្រាស់ដើម្បីរក្សានិរន្តរភាពសង្គមនៅពេលប្រទេសជួបវិបត្តិណាមួយដូចជា វិបត្តិសេដ្ឋកិច្ច គ្រោះធម្មជាតិ កំណើនអតិផរណា និងការផ្ទុះជំងឺផ្សេងៗ។ ទុនបម្រុងនេះអាចជួយរដ្ឋាភិបាលឱ្យមានពេលដោះស្រាយស្ថានការណ៍លំបាកផ្សេងៗបានមួយរយៈ»។
លោកពន្យល់ទៀតថា សម្រាប់តួលេខដែលបង្ហាញថា ចំនួនទុនបម្រុងអន្តរជាតិកើនឡើង ប៉ុន្តែចំនួនខែការនាំទំនិញចូលធ្លាក់ចុះពី ៦,៩ ខែនាឆ្នាំ ២០២៣ មកនៅ ៦,៦ ខែ ក្នុងឆ្នាំ ២០២៤ គឺអាចដោយសារការប្រែប្រួលនៃអត្រាប្តូរប្រាក់ និងអត្រាអតិផរណាជាដើម។
អគ្គនាយកក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Cambodian Investment Management Co Ltd លោក Anthony Galliano ធ្លាប់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ប្រទេសកម្ពុជា បានរក្សាកម្រិតទុនបម្រុងអន្តរជាតិខ្ពស់ជាងអ្វីដែលកំណត់ជាទូទៅសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលធ្វើឱ្យកម្ពុជាស្ថិតនៅក្នុងស្ថានភាពហិរញ្ញវត្ថុរឹងមាំ។
លោកបញ្ជាក់ថា៖ «នេះជាការប្រុងប្រយ័ត្នជាពិសេសដោយសារការកើនឡើងនៃការខ្ចីប្រាក់ដោយប្រទេសកម្ពុជា។ កម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិជួយកាត់បន្ថយហានិភ័យសាច់ប្រាក់ ងាយស្រួលទទួលបានបំណុលរយៈពេលខ្លី និងសម្របសម្រួលអត្រាការប្រាក់កាន់តែទាប។ អ្វីៗទាំងអស់នេះ គឺផ្តល់ផលវិជ្ជមានដល់ការចេញសញ្ញាបណ្ណរដ្ឋនាពេលថ្មីៗនេះ»។
យោងតាម World Econo-mic Forum រូបិយប័ណ្ណបរទេស ឬទុនបម្រុងបរទេស ឬគេស្គាល់ថា ជាទុនបម្រុងអន្តរជាតិ រួមមានសាច់ប្រាក់ និងទ្រព្យសកម្មផ្សេងទៀតដូចជាមាស ដែលត្រូវបានតម្កល់ទុកដោយធនា-គារកណ្តាល និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)៕