ភ្នំពេញៈ ក្រុមហ៊ុន​អាជីវកម្ម​ចំនួន​ជាង ១១​ពាន់​ ដែល​មាន​ដើម​ទុន​សរុប​ ៣,៨ ​ពាន់​លាន​ដុល្លារ​​បាន​ទទួល​ជោគ​ជ័យ​លើ​ការ​ចុះ​បញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេក​វិទ្យា​ព័ត៌មាន​ដំណាក់​កាល​​ទី​១​ ក្នុង​ឆ្នាំ​២០២៣ ដែល​ធ្វើឱ្យ​​ចំនួន​ក្រុមហ៊ុន​ទទួល​ជោគ​ជ័យ​​លើ​ការ​ចុះ​បញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេក​វិទ្យា​គិត​ត្រឹម​ដើមឆ្នាំ​២០២៤ ​កើនដល់​ជាង ៣,២​​ ពាន់​ក្រុម​ហ៊ុន​។​ នេះ​បើ​យោងតាម​ (OBRS) បាន​ឱ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​នេះ​ក្រុម​ហ៊ុនទាំង ​៣២ ៣២៣ ខាង​លើ ក៏​មាន​ក្រុមហ៊ុន​​​ ១៧ ៧១១​ ផ្សេង​ទៀត ​ដែល​ទទួល​ជោគ​ជ័យ​លើ​ការ​សុំ​នាមករណ៍​បម្រុង​ទុក  និង​​ចំនួន ៣ ត្រូវ​បាន​បដិសេធ។​

ប្រធាន​សមាគម​បច្ចេក​វិទ្យា​ឌីជីថល​នៃ​កម្ពុជា លោក ឈិន កេន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​ថា ចំណេះ​ដឹង​ពីកាតព្វ​កិច្ច​​ផ្លូវច្បាប់​នៃ​​ម្ចាស់​អាជីវកម្ម​ និង​ការបង្កើត​​បរិយា​កាស​ងាយ​ស្រួល​ក្នុង​ការចុះ​បញ្ជី បានលើក​ទឹក​ចិត្ត​​​ម្ចាស់​អាជីវកម្ម​កាន់​តែ​ច្រើន​ឱ្យ​នាំ​គ្នា​ទៅ​ចុះ​បញ្ជី​ដើម្បី​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​ខ្លួន​​​ស្រប​ច្បាប់​។ នៅពេល​​​គ្រប់​អាជីវកម្ម​សុទ្ធតែ​ត្រូវបាន​អាជ្ញាធរទទួល​ស្គាល់​វា​នឹង​​ធ្វើ​ឱ្យ​ការ​ប្រកួត​ប្រជែង​មាន​តម្លា​ភាពជាង​មុន​។ 

លោក​បានបន្ត​ថា ម៉្យាង​ទៀត​វា​ក៏​អាច​ជួយ​ឱ្យ​រដ្ឋាភិបាល​អាច​គ្រប់​គ្រង​ចំនួន​នៃ​ប្រភេទ​អាជីវកម្ម និង​អាច​​រៀបចំ​គោលនយោបាយ​លើក​ទឹក​ចិត្ត​ផ្នែក​ពន្ធដារ ឬ​ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​​ផ្សេងៗ​តាម​ប្រភេទ​អាជីវកម្មនី​មួយ​ៗ​ផង​ដែរ​។

លោក​បញ្ជាក់​ថា៖​«​នៅ​ពេល​គ្រប់​អាជីវកម្ម​ទាំង​អស់​ត្រូវ​បាន​​ចុះ​បញ្ជី វានឹង​ផ្តល់​ផល​ចំណេញ​​ច្រើន​ទៅ​រដ្ឋាភិបាល និង​ផ្នែក​ឯក​ជន ហើយជា​មួយ​គ្នា​នេះ​​វា​ក៏​​នឹង​ជួយ​កាត់​បន្ថយ​ការ​លក់​បង្ខូច​ថ្លៃ​ពី​សំណាក់​ម្ចាស់​អាជីវកម្ម​មិន​ចុះ​បញ្ជី​​មួយ​ចំនួន​ដែល​រក​ស៊ី​ដោយ​មិន​បង់​ពន្ធ​»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​យុទ្ធ​សាស្ត្រ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​២០២៣-​២០២៨ កាល​ពី​ថ្ងៃទី១០ ខែ​តុលា ឆ្នាំ​២០២៣ បាន​លើក​ឡើង​អំពី​កម្លាំង​ចលករ​ដ៏​សំខាន់​របស់​អ្នក​​ប្រកប​អាជីវកម្ម​សម្រាប់​សេដ្ឋ​​កិច្ច​ជាតិ និងបាន​ជំរុញ​ឱ្យ​ម្ចាស់​អាជីវ​កម្ម​ទាំង​អស់​ត្រូវ​ទៅ​ចុះបញ្ជី​នៅ​អាជ្ញាធរ ដើម្បី​អាច​ឱ្យ​រដ្ឋាភិបាល​មាន​ព័ត៌​មាន និងអាច​​ជួយ​ដោះ​ស្រាយ​បញ្ហាបាន​ទាន់​ពេល​វេលា​​​។

លោក​បន្ថែម​ថា​  គោលនយោបាយ​របស់​​រដ្ឋាភិ​បាល គឺ​លើកទឹក​ចិត្ត​ឱ្យ​អ្នក​ប្រកប​មុខ​របរ ​(ជា​​ពិសេស​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ)​ចូល​ទៅ​ចុះ​បញ្ជី​ដោយ​មិន​មាន​ការ​បង្ខិត​បង្ខំ។ លោក​បាន​​បន្ត​ថា ហេតុអ្វី​ត្រូវ​ចុះ​ឈ្មោះ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ? អស់​លុយ​ប៉ុន្មាន? ត្រូវ​ជាប់​ពិន័យ​អ្វី​ដែរ​ទេ? ជាប់​កាតព្វ​កិច្ច​អ្វី​ខ្លះ​? បាន​ផល​​អ្វី​មក​វិញ? ទាំង​នេះ​ជាសំណួរ​ដែល​ក្រុម​គោល​នយោ​បាយ​​តែ​ងយក​ចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត ដោយមាន​​ការ​ជជែក​យ៉ាង​ច្រើន​​ក្នុង​កិច្ច​ប្រជុំ​អន្តរ​ក្រសួង។

លោក​​​ថ្លែង​ថា៖​«យើង​ចង់​បាន​បង​ប្អូន​ចូល​រួម​ឱ្យ​បាន​ច្រើន ​ក្នុង​ដំណាក់​​កាល​អន្តរ​​កាល​នេះ​ ដើម្បី​ងាយ​ស្រួល​រដ្ឋាភិបាល​ចង់​បាន​ទិន្ន​ន័យ​ ដើម្បី​ឱ្យ​ងាយស្រួល​ក្នុង​ការ​គ្រប់​គ្រង​គោល​នយោ​បាយ ​ដើម្បី​ជួយ​បង​ប្អូន​ឱ្យ​ទាន់​ពេល​វេលា និង​ចំ​គោល​ដៅ​ ពិសេស​ក្នុង​ពេល​លំបាក»។

បើ​តាម​លោក​នាយក​រដ្ឋ​មន្ត្រី​ផល​ប្រយោជន៍​នៃ​ការ​ចុះ​បញ្ជី​ដោយ​ស្ម័គ្រ​ចិត្ត ​នៅក្នុង​ដំណាក់កាល​អន្តរ​កាល​នេះ​ អ្នក​ដែល​ស្ថិត​​ក្នុង​សហ​គ្រាស​មីក្រូ តូច និង​មធ្យម នឹង​ទទួល​បាន​ផល​ប្រយោជន៍​ នៃ​ការ​លើក​លែង​ការពិន័យ​នានា បំណុល​ពន្ធ ផ្តល់​ការ​លើក​ទឹក​ចិត្ត​ពន្ធដារ​ រួមទាំង​​អាច​ទទួល​បាន​ការ​គាំទ្រ​ហិរ​ញ្ញវត្ថុ និង​ការ​បណ្តុះ​បណ្តាល​នានា ពាក់​ព័ន្ធ​នឹង​ការ​គ្រប់​គ្រង​៕​​