រយៈពេល ១ ឆ្នាំ ២០២៣ កម្ពុជា បានសម្រេចការនាំចេញអង្ករក្នុងបរិមាណ ៦៥៦ ០០០ តោន កើនឡើង ៣ ភាគរយគិតជាបរិមាណអង្ករ ដែលគិតជាទឹកប្រាក់ ៤៦៦ លានដុល្លារ កើនឡើង ១៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ទៀតថា ពេញមួយឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករចំនួន ៦៥៦ ៣២៣ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៣ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦១ ទទួលបានទឹកប្រាក់បានចំនួនជាង៤៦៦លានដុល្លារ។
ក្នុងនោះការនាំចេញទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តហុងកុង បានចំនួន ២១២ ៧៥៦ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៣៨លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៦ប្រទេស បានចំនួន ២៦៤ ៦៨៣ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៩១លានដុល្លារសហរដ្ឋអាមេរិក និងនាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន៧ ប្រទេស បានបរិមាណចំនួន ៩៣ ៣៧៦ តោន គិតជាទឹកប្រាក់ចំនួន ៦២ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈិមបូព៌ា ចំនួន២៦ ប្រទេសបានចំនួន៨៥ ៥០៨ តោន ដែលគិតជាទឹកប្រាក់បានចំនួន៧៦ លានដុល្លារសហរដ្ឋអាមេរិក។
របាយការណ៍ឱ្យដឹងទៀតថា ចំពោះប្រភេទអង្ករដែលបាននាំចេញ ក្នុងនោះមាន អង្ករក្រអូបគ្រប់ប្រភេទចំនួន ៨២,២៩ភាគរយ, អង្ករស ចំនួន ១២,៩៤ភាគរយ , អង្ករចំហុយ ២,៩២ភាគរយ, អង្ករសរីរាង្គចំនួន ១,៦២ភាគរយ, អង្ករសគ្រាប់ខ្លីចំនួន ០,០៣ភាគរយ និងអង្ករដំណើបចំនួន ០,២០ភាគរយ។
ជាមួយគ្នានោះ កម្ពុជាក៏បាននាំចេញស្រូវចំនួន ៤ ៣៨៧ ៣៦៣ តោន ដែលគិតជាទឹកប្រាក់បានប៉ានប្រមាណជា ១៣២០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៦៤ភាគរយ បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។ ការនាំចេញស្រូវមានការកើនឡើងលើបរិមាណចំនួន ២៦,៥០ភាគរយ និង ទឹកប្រាក់មានកំណើនចំនួន ៥៦,៦៩ភាគរយ បើធៀបរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២២។ ដូច្នេះថា កម្ពុជាទទួលបានទឹកប្រាក់ សរុប១៧៨៦លានដុល្លារ ពីការនាំចេញអង្ករ និងស្រូវ នៅរយៈពេល១២ ខែ ឆ្នាំ២០២៣កន្លងទៅនេះ។
លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា កំណើនជាវិជ្ជមាននៃការនាំចេញអង្កររបស់កម្ពុជានេះ ដោយសារកម្ពុជា រកបានទីផ្សារថ្មីៗជាបន្តបន្ទាប់ ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងអាណត្តិទី៦ និងអាណត្តិថ្មី ខណៈដែលមានកិច្ចសហការយ៉ាងជិតស្និទ្ធពីវិស័យឯកជន ផ្នែកស្រូវអង្ករ។
លោកបានបញ្ជាក់ដូច្នេះថា៖«យើងនឹងខិតខំប្រឹងប្រែង ជួយរាជរដ្ឋាភិបាលសម្រេចឱ្យបាននូវគោលដៅនាំចេញអង្ករឱ្យបាន១លានតោន តាមរយៈការស្វែងដៃគូថ្មីៗ នៅតាមបណ្តាប្រទេសដែលមានសក្តានុពល សម្រាប់ឱ្យកម្ពុជានាំអង្ករចេញទៅ។យើងសង្ឃឹមថាទីផ្សារអារ៉ាប់រួម និង អាហ្វ្រិក ជាទីផ្សារគោលដៅ ដែលអាចស្រូបយកបរិមាណប្រមាណជា ១០០ ០០០ តោន»។
គួររំឭកថា នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ដើម្បីជំរុញកំណើននៃការនាំចេញអង្ករ ក្រសួងពាណិជ្ជកម្មបានចុះអនុស្សរណៈយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្ករ ជាមួយបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសទីម័រឡេស្តេ បាននាំចេញរួចហើយក្នុងបរិមាណ ៤០០០តោន, ហ្វីលីពីន ២៣០០តោន,ឥណ្ឌូនេស៊ី ចំនួន១៥០០០តោន។
លោកស្រីបានបញ្ជាក់ទៀតថា៖«ក្រសួងកំពុងតែពិនិត្យឡើងវិញ នូវលទ្ធផលដំឡើងកម្រិតបរិមាណនាំចេញ២០ភាគរយថែមទៀត ទៅកាន់ទីផ្សារប្រទេសចិន ខណៈដែលកន្លងទៅមានបរិមាណ៤០ម៉ឺនតោនរួចហើយ។ ក្រសួងបាននិងកំពុង ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី ដើម្បីជំរុញការនាំចេញបន្ថែមទៀត»។
បើតាមលោកស្រី ចម និម្មល ក្រសួងបាននិងកំពុងរៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រនាំចេញអង្ករ ដែលមានការចូលរួមផ្តល់យោបល់ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីរៀបចំផែនការដាក់ចេញទៅឱ្យចំគោលដៅ៕