កម្ពុជា-ឥណ្ឌូនេស៊ី ប្ដេជ្ញាបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ខណៈភាគីកម្ពុជាបានលើកទឹកចិត្តឱ្យអ្នកវិនិយោគឥណ្ឌូនេស៊ី មកសិក្សាពីឱកាសវិនិយោគដ៏មានសក្តានុពលនៅប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យកសិឧស្សាហកម្ម និងការកែច្នៃស្រូវ ដើម្បីធ្វើការនាំចេញ។
ការបញ្ជាក់ជំហរនេះ ធ្វើឡើងនាជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបបានគូសបញ្ជាក់ថា៖«ភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះការបន្តរីកចម្រើននៃចំណងមិត្តភាពដ៏យូរអង្វែង រវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេស លទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបទ្វេភាគីនាពេលថ្មីៗនេះរវាងសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានី ហ្សាការតា កាលពីខែកញ្ញា ឆ្នាំមុន»។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យអ្នកវិនិយោគឥណ្ឌូនេស៊ី មកសិក្សាពីឱកាសវិនិយោគ ដ៏មានសក្តានុពលនៅប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យកសិឧស្សាហកម្ម ការកែច្នៃស្រូវ ឃ្លាំង និងម៉ាស៊ីនកិនស្រូវ ដើម្បីនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសឥណ្ឌូនេស៊ី។
ភាគីទាំងពីរ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមាន ផលប្រយោជន៍ទៅវិញទៅមក រួមទាំងសន្តិសុខ នយោបាយ និងការពារជាតិ ពាណិជ្ជកម្មនិងការវិនិយោគ ការអប់រំ កីឡា វប្បធម៌ ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីការត្រៀមរៀបចំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ តាមពេលវេលាសមស្រប និងសកម្មភាពរួមគ្នានានា ដើម្បីរំឭកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅក្នុងឆ្នាំនេះ។
ដោយឡែកនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ និង លោក សាន់តូ ដាម៉ូស៊ូម៉ាតូ កាលពីថ្ងៃទី ៤ ខែមករា កន្លងទៅថ្មីៗនេះ ភាគីទាំង២ បានឯកភាពលើការពង្រឹងកិច្ចសហការបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈការផ្តល់អាហារូបករណ៍ និងលទ្ធភាពនៃការផ្លាស់ប្តូរសិក្ខាកាមបច្ចេកទេសនៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានលើកឡើងពីការពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍ដល់ពលរដ្ឋកម្ពុជាលើជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលឥណ្ឌូនេស៊ីមានសក្តានុពល និងលទ្ធភាពនៃការផ្លាស់ប្តូរសិក្ខាកាមផ្នែកបច្ចេកទេសវិជ្ជាជីវៈរវាងប្រទេសទាំងពីរ៕