ក្រសួងពាណិជ្ជកម្ម កំពុងរៀបចំឯកសារ ដើម្បីដាក់បញ្ចូល ប្រហុកសៀមរាប, ក្តាមថ្មកោះកុង និងទុរេនកំពត ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (Geographical Indication-GI) ដែលការចុះបញ្ជីនេះ នឹងជួយពង្រឹងគុណភាព ការបង្កើនតម្លៃ និងផ្តល់ទំនុកទុកចិត្តដល់អ្នកប្រើប្រាស់។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ ក្រសួងបាននិងកំពុងរៀបចំឯកសារសំខាន់ៗមួយចំនួន ដើម្បីដាក់បញ្ចូលផលិតផលសក្តានុពលកម្ពុជា ចំនួន៣មុខ ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI)ដែលផលិតផលទាំងនោះរួមមានដូចជា ប្រហុកសៀមរាប, ក្តាមថ្មកោះកុង និងទុរេនកំពត ដោយផលិតផលទាំងបីមុខនេះ សុទ្ធសឹងជាផលិតផលមានភាពល្បីល្បាញថារសជាតិឆ្ងាញ់ និងល្បីល្បាញប្រចាំតំបន់។
លោកបានបញ្ជាក់ថា៖ «ចំពោះការចុះបញ្ជីទំនិញឱ្យក្លាយជាទំនិញម៉ាកសម្គាល់ភូមិសាស្ត្រនេះ ពិតជាមានអត្ថប្រយោជន៍ នៅក្នុងប្រទេសកម្ពុជាដូចជា ការពង្រីកមុខមាត់ និងអត្តសញ្ញាណនៃដែនដី ការលើកកម្ពស់គុណភាពទំនិញសម្គាល់ភូមិសាស្ត្រ តាមរយៈការរៀបចំចងក្រងសៀវភៅបន្ទុក និងកិច្ចសន្យាអនុវត្តអនុលោមតាមសៀវភៅបន្ទុក ដោយសមាជិកនីមួយៗ»។
លោកបានឱ្យដឹងបន្ដទៀតថា កត្តាសំខាន់មួយទៀតនោះ គឺសមាជិកសមាគម អាចប្រើប្រាស់រូបសញ្ញា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ រូបសញ្ញាជាតិទំនិញសម្គាល់ភូមិសាស្ត្រ នៃប្រទេសកម្ពុជា លើសម្បកវេចខ្ចប់ និងឧបករណ៍ផ្សព្វផ្សាយផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ សមាជិកនីមួយៗ អាចរៀបចំកសាងកេរ្តិ៍ឈ្មោះម៉ាកផ្ទាល់ខ្លួន ដើម្បីប្រើប្រាស់ភ្ជាប់នឹងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីញែកឱ្យដាច់ពីសមាជិកផ្សេងៗ។
លោកបានបញ្ជាក់ទៀតថា៖ «ក្រៅពីនេះយើងមានឱកាសក្នុងការចូលរួមប្រកួតប្រជែងក្នុងកម្មវិធីពិព័រណ៍ថ្នាក់ជាតិ និងអន្តរជាតិបង្កើនការងារក្នុងតំបន់ដោយផ្ទាល់ ឬមិនផ្ទាល់ កាត់បន្ថយការចំណាកស្រុក, ការអភិវឌ្ឍក្នុងតំបន់ រចនាសម្ព័ន្ធ សេដ្ឋកិច្ច បរិស្ថាន ភោជនីយដ្ឋាន និងទាក់ទាញភ្ញៀវទេសចរ»។
បើតាមលោក ប៉ែន សុវិជាតិ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយ ដែលជួយពង្រឹងគុណភាព ការបង្កើនតម្លៃ និងផ្តល់ទំនុកទុកចិត្តដល់អ្នកប្រើប្រាស់ តាមរយៈប្រព័ន្ធធានារ៉ាប់រងគុណភាពដូចជា ការត្រួតពិនិត្យគុណភាព និងស្វែងរកតឹកតាងដោយសមាគមអន្តរវិជ្ជាជីវៈ ស្វ័យត្រួតពិនិត្យ, កសិករផ្ទាល់, ការត្រួតពិនិត្យផ្ទៃក្នុង និងអង្គភាពឯករាជ្យចេញវិញ្ញាបនបត្រ ពីខាងក្រៅ ឬអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធានាថា សមាជិកសមាគមបានអនុវត្តអនុលោមតាមសៀវភៅបន្ទុក។
សូមជម្រាបថា ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញមួយចំនួនរួចហើយ ដូចជា ម្រេចកំពត, ស្ករត្នោតកំពង់ស្ពឺ, ក្រូចថ្លុងកោះទ្រង់, ទឹកឃ្មុំព្រៃមណ្ឌលគិរី, អំបិល និងផ្កាអំបិលកំពត, បង្កងតាកែវ និងទឹកត្រីកំពតកែប៕