ភ្នំពេញៈ បើទោះបីចំនួនទឹកប្រាក់នៃការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាជាមួយប្រទេសដៃគូមួយចំនួនបានធ្លាក់ចុះនៅក្នុងរយៈពេល ១១ ខែដើមឆ្នាំ ២០២៣ ក៏ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌា មិនបានធ្លាក់ចុះឡើយ ដោយមានទឹកប្រាក់សរុបជិត ៤៥០ លានដុល្លារ កើនឡើងជាង ១០ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ស្ថិតិរបស់ GDCE ឱ្យដឹងថា ក្នុងចន្លោះពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ ការនាំចេញនាំចូលទំនិញរវាងកម្ពុជា-ឥណ្ឌា មានទឹកប្រាក់សរុប ៤៣៣,២៣ លានដុល្លារ កើន ១១,១ ភាគរយធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលមាន ៣៩៩,០១ លានដុល្លារ ក្នុងនោះទំនិញដែលកម្ពុជានាំទៅឥណ្ឌា ២៦៤,៥ លានដុល្លារ កើនឡើង ៥៥,១ ភាគរយ និងទំនិញឥណ្ឌានាំមកកម្ពុជា ១៧៨,៧៣ លានដុល្លារ ធ្លាក់ចុះ ២១,៨ ភាគរយ។
ផ្អែកតាមតួលេខខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាព ៨៥,៧៧ លានដុល្លារ ខណៈរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាពប្រមាណ ៥៧,៩៨ លានដុល្លារ។ ប្រទេសឥណ្ឌា គឺជាដៃគូពាណិជ្ជកម្មធំទី១៨ របស់កម្ពុជា។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌា បានកើនឡើងជាបន្តបន្ទាប់ ជាពិសេសការនាំទំនិញពីកម្ពុជាទៅទីផ្សារឥណ្ឌា ដោយភាគច្រើននៃទំនិញដែលកម្ពុជានាំទៅឥណ្ឌា គឺជាផលិតផលវាយនភណ្ឌ និងកសិកម្ម ចំណែកទំនិញនាំចូលពីឥណ្ឌា គឺជាឱសថ សម្ភារវេជ្ជសាស្រ្ត ឧបករណ៍អេឡិចត្រូនិក អគ្គិសនី និងសាច់គោ ជាដើម។
កំណើនការនាំចេញទៅឥណ្ឌា គឺដោយសារភាពរឹងមាំនៃផលិតកម្មនៅកម្ពុជា ខណៈឥណ្ឌាជាប្រទេសធំ និងមានប្រជាជនច្រើនជាងគេលើពិភពលោក ដូច្នេះក៏មានតម្រូវការនាំចូលផលិតផលពីក្រៅប្រទេសច្រើនដែរ។
លោកបន្តថា សម្ទុះនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងកើនឡើងបន្ថែមទៀតនាពេលអនាគត។
លោកអះអាងថា៖ «ចរន្តការនាំចេញទំនិញពីកម្ពុជាទៅឥណ្ឌានឹងកើនឡើងទៀត ពិសេសផលិតផលកសិកម្ម។ ដោយសារប្រទេសឥណ្ឌា មានប្រជាជនច្រើន ដូច្នេះកម្ពុជានៅមានឱកាសច្រើនទៀតក្នុងការពង្រីកទីផ្សារនាំចេញទៅទីនោះ»។
លោកប្រាប់ទៀតថា ក្រៅពីធ្វើពាណិជ្ជកម្មទំនិញ ប្រទេសទាំង ២ ក៏មានទំនាក់ទំនងខ្លាំងផងដែរលើផ្នែកវប្បធម៌ និងការធ្វើទេសចរណ៍ជាមួយគ្នាទៅវិញទៅមក។
ទិន្នន័យក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវបរទេសដែលធ្វើដំណើរមកកម្ពុជា ៤,៩២ លាននាក់ក្នុងរយៈពេល ១១ ខែដើមឆ្នាំ ២០២៣ គឺមានជនជាតិឥណ្ឌាចំនួន ៦១ ០២៥ នាក់ កើនឡើង ១១៩,៩ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។
រដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ច លោក អូនព័ន្ធ មុនីរ័ត្ន ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជាលោកស្រី Devyanl Uttam Khobragade នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីដើមខែតុលា ឆ្នាំ ២០២៣ បានបង្ហាញសុទិដ្ឋិនិយមថាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌា នឹងកាន់តែមានភាពល្អប្រសើរ តាមរយៈការជំរុញកិច្ចសម្រួលពាណិជ្ជកម្មទ្វេភាគី និងការគាំទ្រចំពោះការបង្កើតឱ្យមានជើងហោះហើរត្រង់ ដែលនឹងជួយជំរុញការតភ្ជាប់រវាងប្រជាជន និងលំហូរទេសចរណ៍រវាងប្រទេសទាំង២។
លោកបានបន្ថែមថា ជាមួយគ្នានេះភាគីទាំង ២ នឹងពិនិត្យរួមគ្នាលើការតភ្ជាប់វិស័យឌីជីថលដែលជាវិស័យអាទិភាពមួយក្រោមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល នីតិកាលទី៧។
លោកស្រី Devyani Uttam Khobragade បានលើកឡើងថា ឥណ្ឌាសង្ឃឹមថាក្នុងនីតិកាលថ្មីនេះ កម្ពុជា-ឥណ្ឌា នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យអាទិភាពរបស់រដ្ឋាភិបាលកម្ពុជា ក្នុងនោះការបង្កើតឱ្យមានយន្តការសម្របសម្រួលដល់ដំណើរការពាណិជ្ជកម្ម និងវិនិយោគតាមរយ:កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម និងការជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយៈជើងហោះហើរត្រង់ឥណ្ឌា-កម្ពុជា៕