ភ្នំពេញៈ កម្ពុជាបាននាំចេញអង្ករប្រមាណជាង ៦៥៦ ០០០ តោន នៅក្នុងឆ្នាំ ២០២៣ ដោយកើនឡើង ៣ ភាគរយ ធៀបនឹងឆ្នាំ ២០២២ ខណៈប្រាក់ទទួលបានចំនួន ៤៦៦ លានដុល្លារ កើន ១៣ ភាគរយ។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។
របាយការណ៍របស់ CRF ឱ្យដឹងថា ពេញ ១ ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញអង្ករចំនួន ៦៥៦ ៣២៣ តោនទៅទីផ្សារ អន្តរជាតិតាមរយៈក្រុមហ៊ុននាំចេញអង្ករ ៦៣ ដោយទៅកាន់គោលដៅ ៦១ និងប្រមូលបានប្រាក់ជាង ៤៦៦ លានដុល្លារ។
ក្នុងនោះការនាំចេញទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តហុងកុង ចំនួន ២១២ ៧៥៦ តោន គិតជាប្រាក់ ១៣៨ លានដុល្លារ, ទៅប្រទេសនៅទ្វីបអឺរ៉ុប (២៦ ប្រទេស) មានបរិមាណ ២៦៤ ៦៨៣ តោន ស្មើនឹងប្រាក់ ១៩១ លានដុល្លារ, នាំទៅប្រទេសសមាជិកអាស៊ាន (ចំនួន ៧ ប្រទេស) ៩៣ ៣៧៦ តោន គិតជាប្រាក់ ៦២ លានដុល្លារ, ព្រមទាំងទៅគោលដៅផ្សេងៗទៀតរួមមានទ្វីបអា្រហ្វិក និងមជ្ឈិមបូព៌ា (២៦ ប្រទេស) បានចំនួន ៨៥ ៥០៨ តោន គិតជាប្រាក់ ៧៦ លានដុល្លារ។
របាយការណ៍ឱ្យដឹងទៀតថា ចំពោះប្រភេទអង្ករ ដែលបាននាំចេញ គឺអង្ករក្រអូបគ្រប់ប្រភេទ ៨២,២៩ ភាគរយ, អង្ករស ១២,៩៤ ភាគរយ, អង្ករចំហុយ ២,៩២ ភាគរយ អង្ករសរីរាង្គ ១,៦២ ភាគរយ, អង្ករសគ្រាប់ខ្លី ០,០៣ ភាគរយ និងអង្ករដំណើប ០,២ ភាគរយ។
ជាមួយគ្នានេះកម្ពុជាក៏បាននាំចេញស្រូវចំនួន ៤ ៣៨៧ ៣៦៣ តោន គិតជាប្រាក់ប្រមាណ ១,៣២ ពាន់លានដុល្លារ ដែលក្នុងនោះ ៦៤ ភាគរយបាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច។ ការនាំចេញស្រូវបានកើនឡើងចំនួន ២៦,៥០ ភាគរយ និងទឹកប្រាក់បានពីការនាំចេញស្រូវកើនឡើង ៥៦,៦៩ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
ដូច្នេះ កម្ពុជាទទួលបានប្រាក់សរុបប្រមាណ ១ ៧៨៦ លានដុល្លារ ពីការនាំចេញអង្ករនិងស្រូវ នារយៈពេល ១២ ខែ ឆ្នាំ ២០២៣។
លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងថា កំណើនជាវិជ្ជមាននៃការនាំចេញអង្កររបស់កម្ពុជាក្នុងឆ្នាំ ២០២៣ នេះ ដោយសារកម្ពុជារកបានទីផ្សារថ្មីៗជាបន្តបន្ទាប់ ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងអាណត្តិទី៦ និងអាណត្តិថ្មី ខណៈមានកិច្ចសហការយ៉ាងជិតស្និទពីផ្នែកឯកជនក្នុងវិស័យស្រូវអង្ករ។
លោកបញ្ជាក់ថា៖ «យើងនឹងខិតខំប្រឹងប្រែងជួយរាជរដ្ឋាភិបាលសម្រេចឱ្យបាននូវគោលបំណងនាំចេញអង្ករចំនួន ១ លានតោន តាមរយៈការស្វែងរកដៃគូថ្មីៗនៅតាមបណ្តាប្រទេសដែលមានសក្តានុពលសម្រាប់ឱ្យកម្ពុជានាំអង្ករចេញ។ យើងសង្ឃឹមថា ទីផ្សារប្រទេសអារ៉ាប់រួម និងអា្រហ្វិក គឺជាទីផ្សារគោលដៅ ដែលអាចស្រូបយកអង្ករពីកម្ពុជាបរិមាណប្រមាណ ១០០ ០០០ តោន»។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ដើម្បីជំរុញកំណើននៃការនាំចេញអង្ករ ក្រសួងពាណិជ្ជកម្មបានចុះអនុស្សរណៈយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្ករជាមួយបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសទីម័រឡេស្តេ ដោយបាននាំចេញរួចហើយក្នុងបរិមាណ ៤ ០០០ តោន, ហ្វីលីពីន ២ ៣០០ តោន, និងឥណ្ឌូនេស៊ី ចំនួន ១៥ ០០០ តោន។
លោកស្រីឱ្យដឹងទៀតថា៖ «បច្ចុប្បន្នក្រសួងកំពុងពិនិត្យឡើងវិញនូវលទ្ធផលដំឡើងកម្រិតបរិមាណនាំចេញ ២០ ភាគរយ ថែមទៀតទៅកាន់ទីផ្សារប្រទេសចិន ខណៈកន្លងទៅមានចំនួន ៤០ ម៉ឺនតោនរួចហើយ។ ក្រសួងកំពុងពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មីដើម្បីជំរុញការនាំចេញថែមទៀត»។
បើតាមលោកស្រី ចម និម្មល ក្រសួងពាណិជ្ជកម្មបាននិងកំពុងរៀបចំក្របខ័ណ្ឌយុទ្ធសាស្រ្តនាំចេញអង្ករ ដែលមានការចូលរួមផ្តល់យោបល់ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរៀបចំផែនការដាក់ចេញទៅឱ្យចំគោលដៅ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានបង្ហោះនៅលើបណ្តាញសង្គមផ្លូវការថា «អង្ករខ្មែរជើងដំបូង»បានដឹកទៅដល់កំពង់ផែនៃប្រទេសឥណ្ឌូនេស៊ី ជាផ្លូវការនាព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ បន្ទាប់ពីការចរចាបើកទីផ្សារបានសម្រេចក្នុងខែសីហា ឆ្នាំ ២០២៣។
នេះជាលទ្ធផលមួយទៀតនៃកិច្ចខំប្រឹងប្រែងក្នុងការចរចាបើកទីផ្សារ និងជំរុញការនាំចេញរហូតបានសម្រេចក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលរាជរដ្ឋាភិបាល និងការចូលរួមពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធរាប់ចាប់តាំងពីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជាវិស័យឯកជនជាដៃគូ គឺសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «កិច្ចខំប្រឹងប្រែងទាំងអស់នេះ ធ្វើឡើងស្របទៅតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ផ្ដោតលើការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ដែលផ្ដោតលើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និងសុវត្ថិភាពស្បៀង, បង្កើនតម្លៃបន្ថែមខ្ពស់, ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពប្រជាជននៅទីជនបទ»៕