ភ្នំពេញៈ ប្រាក់ចំណូលមធ្យមរបស់ប្រជាជនខ្មែរម្នាក់ៗក្នុងឆ្នាំ ២០២៤ នេះត្រូវបានព្យាករថា នឹងមានប្រមាណជាង ២ ពាន់ដុល្លារ កើនជាង ៨ ភាគរយ បើធៀបទៅនឹងឆ្នាំ ២០២៣ ខណៈកំណើនសេដ្ឋកិច្ចនឹងសម្រេចបាននៅក្នុងរង្វង់ ៦,៦ ភាគរយ។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកសារថវិកាសង្ខេបប្រចាំឆ្នាំ ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា សេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៤ ត្រូវបានព្យាករនឹងងើបឡើងហើយរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦ ភាគរយ ដែលនឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផសស) ថ្លៃបច្ចុប្បន្នស្ថិតនៅក្នុងរង្វង់ ១៤ ២៩៥៧ ប៊ីលានរៀល (ស្មើ ៣៥ ១៦៨ លានដុល្លារអាមេរិក)។
សម្រាប់ ផសស មនុស្សម្នាក់ៗត្រូវរំពឹងនឹងកើនដល់ ២ ០៧១ ដុល្លារពីចំនួនប៉ាន់ស្មាន ១ ៩១៧ ដុល្លារ ក្នុងឆ្នាំ ២០២៣ ខណៈកាលពីឆ្នាំ ២០២២ មានចំនួន ១ ៧៨៤ ដុល្លារ។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការព្យាករកំណើនប្រាក់ចំណូលរបស់ប្រជាជនខ្មែរ គឺធ្វើឡើង ដោយអ្នកជំនាញដោយមានការអង្កេត និងសិក្សាច្បាស់លាស់ ខណៈបច្ចុប្បន្នគេក៏សង្កេតឃើញមានលំហូរចូលកាន់តែច្រើននៃការវិនិយោគលើគ្រប់វិស័យ។
នៅពេលសង្គម និងសេដ្ឋកិច្ចក្នុងស្រុកមានដំណើរទៅមុខល្អ កម្រិតប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់ៗនឹងកើនឡើង។
លោកប្រាប់ទៀតថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពរស់នៅ និងប្រាក់ចំណូលរបស់ប្រជាជន គឺកំពុងផ្តល់នូវពន្លឺជាបន្តបន្ទាប់។
ជាក់ស្តែងចំនួនទឹកប្រាក់ការនាំចេញទំនិញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិក្នុងរយៈពេលជិត ១ ឆ្នាំ ២០២៣ កន្លងមកពីមានភាពវិជ្ជមាន ខណៈសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានដំណើរការល្អនៅឡើយនោះ។
លោកបន្តថា៖ «ខ្ញុំមានសុទិដ្ឋិនិយមចំពោះការបោះជំហានទៅមុខនៃកំណើនសេដ្ឋកិច្ចកម្ពុជា។ ប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជាបានកើនឡើងជាបន្តបន្ទាប់នៅក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមកនេះ»។
លោកបានបញ្ជាក់ថា៖ «កម្ពុជានឹងអាចសម្រេចបានតាមការព្យាករ»។ ទោះជាយ៉ាងណា លោកក៏ជំរុញឱ្យរដ្ឋាភិបាល និងផ្នែកឯកជនត្រូវខិតខំបន្ថែមទៀតដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ ២០៣០ និង ២០៥០ របស់ខ្លួនកាន់តែលឿន តាមរយៈការទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុកឱ្យមកបណ្តាក់ទុនផ្ទាល់ និងតាមរយៈការពង្រឹង និងពង្រីកទីផ្សារនាំចេញឱ្យបានកាន់តែច្រើន។
អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក្នុងឱកាសពិធីមីទ្ទីងរំឭកខួបលើកទី៤៥ ទិវាជ័យជម្នះ ៧ មករា កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៤ បានលើកឡើងថា កម្ពុជាដែលពីមុនកើតមានសង្គ្រាមមិនចេះចប់ និងជាទឹកដីនៃវាលពិឃាតដ៏យង់ឃ្នងបំផុត បានប្រែក្លាយជាទឹកដីដ៏ស្រស់បំព្រងប្រកបដោយសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ប្រជាជនបានធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន ហើយកំពុងរស់នៅយ៉ាងសុខសាន្ត សុខដុមរមនាទាំងក្នុងគ្រួសារ នៅក្នុងសហគមន៍ និងសង្គមជាតិទាំងមូល។
លោកបានបន្តថា រដ្ឋាភិបាលនីតិកាលទី៧ បាននិងកំពុងអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនារបស់ប្រទេសជាតិ ដើម្បីថែរក្សា ពូនជ្រំរាល់សមិទ្ធផលជាតិ ជំរុញសម្ទុះកំណើនសេដ្ឋកិច្ចសំដៅធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
លោកថ្លែងថា៖ «កម្ពុជាដែលខឿនសេដ្ឋកិច្ច សង្គម ត្រូវបំផ្លាញខ្ទេចខ្ទីដល់ឫសគល់ បានក្លាយជាទឹកដីដែលមានការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយចីរភាព និងសមធម៌ ហើយបានចេញផុតពីប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ធ្វើឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង និងមានក្តីសង្ឃឹមចំពោះអនាគត»។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ក្នុងរយៈពេល ១១ ខែ ដើមឆ្នាំ២០២៣ កម្ពុជាបាននាំចេញទំនិញទៅប្រទេសដៃគូពាណិជ្ជកម្មទាំងអស់ក្នុងទឹកប្រាក់សរុប ២០,៤៩ ពាន់លានដុល្លារ កើន ១,២ ភាគរយ ពីចំនួន ២០,២៤ ពាន់លានដុល្លារនារយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ខណៈទំនិញ ដែលកម្ពុជានាំចូលពីក្រៅប្រទេស មានចំនួន ២២ពាន់លានដុល្លារ ធ្លាក់ចុះ ៥,៤ ភាគរយពី ២៣,២៧ ពាន់លានដុល្លារ។
ផ្អែកតាមទិន្នន័យ គឺពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់សរុប ៤២,៥ ពាន់លានដុល្លារ ធ្លាក់ចុះ ២,៣ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ ដែលមាន ៤៣,៥១ ពាន់លានដុល្លារ៕