​ភ្នំពេញៈ ចេក​ស្រស់​ប្រមាណ​ជា ២៩ ​ម៉ឺន​តោន ត្រូវបាន​កម្ពុជា​ធ្វើ​ការនាំ​ចេញទៅ​ក្រៅប្រទេស​ក្នុង​ឆ្នាំ ​២០២៣​ កន្លងមក ដោយមាន​ការធ្លាក់ចុះ​ប្រមាណ​ជាង​ ២១​ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២​។ នេះ​បើតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន ឡុង ម៉េ​ត អេ​ហ្គ្រី​ខាល​ឈ័​រ បានឱ្យដឹងថា នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២៤​ថា ការធ្លាក់​ចុះ​នៃ​បរិមាណ​នាំចេញ​ចេក​ក្នុង​ឆ្នាំ​២០២៣​នោះ មិនមែន​ដោយសារតែ​តម្រូវការ​ទីផ្សារ​ទេ តែ​បញ្ហា​នេះ​កើតឡើង​ដោយសារតែ​បម្រែបម្រួល​អាកាសធាតុ​។​

លោក ហ៊ុន ឡាក់ បាន​ប្រាប់ថា របាយការណ៍​ដែល​បាន​បង្ហាញថា ការនាំចេញ​ចេក​ទៅ​ក្រៅប្រទេស​មានការ​ធ្លាក់ចុះ​នេះ ពិតជា​ត្រឹមត្រូវ​ហើយ ព្រោះថា​ក្រុមហ៊ុន​របស់លោក​បាន​នាំចេញ​ចេក​ទៅកាន់​ប្រទេស​ចិន​ថយចុះ​មែន ដែល​បញ្ហា​នេះ​កើតឡើង​ដោយសារតែ​ទិន្នផល​ដែល​ប្រមូល​ក្នុង​ឆ្នាំ​២០២៣ មានការ​ថយចុះ បើ​ធៀប​នឹង​ឆ្នាំ​២០២២​។​

លោក​បាន​និយាយ​ដូច្នេះ​ថា​៖«​តម្រូវការ​ទីផ្សារ​នៅតែមាន ហើយ​តម្លៃ​វិញ​ក៏​ល្អ​ដែរ តែ​ទិន្នផល​វិញ​ថយចុះ​ដោយសារតែ​កត្តា​អាកាសធាតុ និង​បញ្ហា​បច្ចេកទេស ជាពិសេស​ចម្ការ​ធំៗ រង​ឥទ្ធិពល​ច្រើន​ពី​បញ្ហា​នេះ​។​ ចម្ការ​រ​ធំៗ មាន​បញ្ហា​បច្ចេកទេស និង​ការផ្តល់​ធាតុ​ចូល​កសិកម្ម ដោយសារតែ​ការប្រែប្រួល​អាកាសធាតុ​»​។​

លោក​ ហ៊ុន ឡាក់ បាន​បន្ថែមថា នៅពេលដែល​មានការ​ប្រែប្រួល​អាកាសធាតុ ជាពិសេស​ការរង​ផលប៉ះពាល់​ពី​បាតុភូត​អែល​នី​ណូ (​គ្រោះរាំងស្ងួត​អូសបន្លាយ​) ដែលនាំឱ្យ​ដី​សំណើម ដោយសារ​ខ្វះ​ទឹក កើត​សត្វល្អិត​ចង្រៃ​ច្រើន​ធ្វើឱ្យ​ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​មិនសូវមាន​ប្រសិទ្ធភាព​។​

​លោក​បាន​បញ្ជាក់ថា ៖ «​ថយ​នេះ គឺ​ដោយសារ​ទិន្នផល​ទេ មិនមែន​ដោយសារតែ​ទីផ្សារ​ឡើយ​។​ចំណែក​តម្លៃ​ដឹកជញ្ជូន​វិញ​ក៏​សមរម្យ ខណៈដែល​ការចំណាយ​ផ្សេងៗ​ក៏​មិន​អស់​ច្រើន​ដែរ​។​និយាយ​ជារួម នាពេលខាងមុខ បម្រែបម្រួល​អាកាសធាតុ​នេះ​កាន់​តែមាន​បញ្ហា​ធ្វើឱ្យ​វិស័យ​កសិកម្ម​ខាង​ផលិតផល​ផ្ទាល់ កាន់តែ​មានការ​ប្រឈម​ខ្លាំង​។​ម្ល៉ោះហើយ​បានជា​ធ្វើឱ្យមាន​ការអន្តរាគមន៍​ជាស​កល ដោយសារ​បញ្ហា​នេះ មិន​ត្រឹមតែ​នៅ​កម្ពុជា​ទេ គឺ​នៅ​ទូទាំង​ពិភពលោក​»​។​

លោក​បាន​បន្តថា ចេកអំបូង​លឿង ដែល​កម្ពុជា បាននិងកំពុង​នាំចេញ ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​នាពេលនេះ ជា​ពូជ​ចេក​ម្យ៉ាង ដែលមាន​លក្ខណពិសេស​ជាង​ចេក​ដទៃទៀត ដោយ​ចេក​ប្រភេទ​នេះ មាន​រសជាតិ​ឆ្ងាញ់​ជាង​ចេក​ដទៃទៀត ហើយ​មិនអាច​ទុក​ទុំ​នៅលើ​ដើម​បានទេ តម្រូវឱ្យ​បេះ​ពេល​នៅ​ខៀវចាស់ និង​អាច​ដឹកជញ្ជូន​បាន​ឆ្ងាយ ព្រោះ​អាច​ទុក​បាន​រហូតដល់​ជិត​២​ខែ​ឯណោះ​។​

បើតាម លោក​ ហ៊ុន ឡាក់ កត្តា​សំខាន់​មួយទៀត​នោះ គឺ​តម្លៃ​ទីផ្សារ​ចេក​ស្រស់​ហាក់​មិនសូវមាន​លំនឹង ដែល​បណ្តាលមកពី​បញ្ហា​សង្គ្រាម​រវាង​រុស្សី និង​អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​ប៉ះពាល់​ដល់​ស្ថានភាព​សេដ្ឋកិច្ច​សកល រួមទាំង​ប្រទេស​ចិន ដែលជា​ប្រទេស​ប្រមូល​ទិញ​ផ្លែ​ចេក​ស្រស់​ច្រើនជាងគេ​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។​

​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កញ្ញា អ៊ឹម រចនា ធ្លាប់បាន​លើកឡើង​កាលពីពេល​ថ្មីៗ​នេះ​ថា ចេក​ស្រស់​របស់​កម្ពុជា​ប្រមាណ​ជាង​៩០​ភាគរយ រួមទាំង​ដំណាំ​សក្តានុពល​របស់​កម្ពុជា​មួយចំនួន ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ខណៈ​ដំណាំ​កសិកម្ម​ដទៃទៀត ចិន​និង​កម្ពុជា បន្ត​ពិភាក្សា​ក្នុង​នាំចេញ​បន្ថែម​។​

កញ្ញា​បាន​បញ្ជាក់ថា ៖ «​ប្រទេស​ចិន​គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​ផលិតផល​កសិកម្ម​ដ៏​មាន​សក្តានុពល​របស់​ក​ម្ពុ​ជា​យើង មិន​ត្រឹមតែ​សម្រាប់​ចេក​ស្រស់​ប៉ុណ្ណោះ​ទេ ថែមទាំង​សម្រាប់​អង្ករ ដំឡូង​មី ស្វាយ ជាដើម​ទៀតផង​។ ការនាំចេញ​ផ្លែ​ចេក និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​ទៅកាន់​ប្រទេស​ចិន បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​កម្ពុជា​»​។​

​ទាក់ទង​នឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ដែល​កើតឡើង​ដោយសារតែ​បាតុភូត អែល​នី​ណូ​វិញ កញ្ញា​បាន​ប្រាប់ថា ក្រសួង ក៏​បាននិងកំពុង​ជំរុញ​ដល់​គ្រប់​អង្គភាព​ជំនាញ​ទាំងអស់ ជាពិសេស​មន្ទីរ​កសិក​ម្ម​រាជធានី​ខេត្ត ឱ្យ​យកចិត្តទុកដាក់ គិតគូរ​ការចុះទៅ​អន្តរាគមន៍​ទាន់ពេលវេលា​ក្នុង​ការស្ដារ​ការប៉ះពាល់​និង​ខូចខាត ដោយ​ការ​រាតត្បាត ដោយ​សមាសភាព​ចង្រៃ​ការកើត​ជំងឺ​ផ្សេងៗ​លើ​ដំណាំ​កសិកម្ម​គ្រប់​ប្រភេទ មិន​ត្រឹមតែ​ចេក​ប៉ុណ្ណោះ​ទេ​។​

បើតាម​ក្រសួងកសិកម្ម កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​ចេក ប្រមាណ​ជាង​ ១៦ ​ពាន់​ហិកតា និង​ផ្ទៃដី​កំពុង​ប្រមូល​ផល​ជាង​១១​ពាន់​ហិកតា នៅក្នុង​ឆ្នាំ​២០២២ និង​អាចមាន​ការកើនឡើង​តិចតួច ក្នុង​ឆ្នាំ​២០២៣ ដោយ​ក្នុងនោះ​ខេត្ត​ដែលមាន​ដាំ​ដុះ​ចេក​ច្រើនជាងគេ រួមមាន​ខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កំពង់ចាម កំពង់ស្ពឺ​ជាដើម​៕