ភ្នំពេញៈ និយ័តករមូលបត្រកម្ពុជា (SERC) កំពុងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងគម្រោងប្រមូលមូលនិធិសាធារណៈពីវិនិយោគិនដែលមិនមានការអនុញ្ញាតតាមរយៈការផ្តល់ប្រាក់ចំណូលខ្ពស់។
លោក ស៊ូ សុជាតិ អគ្គនាយក SERC បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៨ ខែធ្នូ ថា ដោយសារមនុស្សជាច្រើនត្រូវបានចាញ់បោកក្រុមដែលគ្មានវិជ្ជាជីវៈ ដោយសារតែការប្រមូលមូលនិធិពីប្រជាពលរដ្ឋតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសន្យានឹងផ្តល់ផលចំណេញកាន់តែខ្ពស់។ សកម្មភាពបែបនេះបណ្ដាលឱ្យមានការអនុវត្តគ្មានវិជ្ជាជីវៈ និងប៉ះពាល់ដល់ប្រជាពលរដ្ឋដែលពេលខ្លះខ្ចីលុយគេមកវិនិយោគ។
លោកថ្លែងថា៖ «យើងកំពុងធ្វើការជាមួយក្រសួងយុត្តិធម៌ និងបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធនានាដើម្បីប្រយុទ្ធប្រឆាំងទៅនឹងសកម្មភាពប្រមូលមូលនិធិនេះ ខណៈយើងប្រកាសប្រាប់ដល់សាធារណជនអំពីការបោកប្រាស់នេះតាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់យើង។ យើងនឹងរៀបចំសិក្ខាសាលាសាធារណៈ ដើម្បីបង្កើនការយល់ដឹងអំពីករណីឆបោកនេះ។ តាមពិតយើងបានធ្វើការងារនេះជាច្រើនមកហើយ ប៉ុន្តែពេលនេះយើងត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗបន្ថែមទៀត»។
លោកបន្ថែមថា៖ «ពិតហើយបញ្ហានេះវាមិនមែនស្ថិតក្រោមនិយ័តករផ្សារមូលបត្រកម្ពុជាតែម្នាក់ប៉ុណ្ណោះទេ ព្រោះវាពាក់ព័ន្ធនឹងវិស័យផ្សេងៗទៀត។ នេះហើយជាមូលហេតុដែលយើងត្រូវស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយបណ្ដាក្រសួង-ស្ថាប័នផ្សេងៗ ហើយបន្ទាប់មកយើងអាចចេញសេចក្តីប្រកាសរួមបាន។ នេះជាមូលហេតុដែលពេលនេះយើងគ្រាន់តែជូនដំណឹងដល់វិនិយោគិនឱ្យមានការប្រុងប្រយ័ត្នអំពីការប្រមូលមូលនិធិណាមួយ»។
កាលពីខែកក្កដា ឆ្នាំ ២០២៣ អាជ្ញាធរសេវាហិរញ្ញវត្ថុដែលមិនមែនធនាគារ (NBFSA) បានចេញប្រកាសមួយ ដែលបានអនុញ្ញាតជាផ្លូវការក្នុងការចេញឯកតានៃគម្រោងវិនិយោគរួម(CIS)។
លោក សុជាតិ បានឱ្យដឹងទៀតថា ការដាក់ឱ្យដំណើរការជាផ្លូវការនៃ CIS គឺជាទីផ្សារដែលទន្ទឹងរង់ចាំជាយូរមកហើយ។ ក្រុមហ៊ុនបោះផ្សាយចេញត្រូវតែចុះបញ្ជីគម្រោងជាមួយស្ថាប័នរបស់លោក។ លោកបន្តថា ប្រភេទ CIS រួមមានមូលនិធិភាគហ៊ុនសាធារណៈ និងឯកជន រួមជាមួយនឹងការជឿទុកចិត្តលើការវិនិយោគអចលនទ្រព្យ (REIT)។ លោកបន្ថែមថា ជាមួយគ្នា គម្រោងមួយចំនួននឹងអាចចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) សម្រាប់ការជួញដូរផងដែរ។
លោកបញ្ជាក់ថា៖ «ទីផ្សារនេះ គឺជាធនធានមួយដែលអាចផ្គត់ផ្គង់ប្រាក់សម្រាប់គម្រោងណាមួយដែលមានសក្ដានុពលដើម្បីទទួលបានជោគជ័យ និងផ្តល់នូវផលចំណេញសម្រាប់អ្នកដែលទិញឯកតាមូលនិធិទាំងនេះ»។
ប្រធានប្រតិបត្តិការទីផ្សារ CSX លោកស្រី គឹម សុផានីតា បានប្រាប់ភ្នំពេញប៉ុស្តិ៍កន្លងមកថា CIS ជាជម្រើសថ្មីមួយទៀតសម្រាប់វិនិយោគិននៅផ្សារហ៊ុនក្នុងស្រុក។
លោកស្រីបន្តថា៖ «ទោះបីការពិតដែលថា សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកនៅបន្តប្រឈមមុខនឹងឧបសគ្គជាច្រើនក៏ដោយ ក៏ខ្ញុំមានសុទិដ្ឋិនិយមថាក្រុមហ៊ុនគ្រប់គ្រងមូលនិធិនឹងចាប់អារម្មណ៍ក្នុងការដាក់ឱ្យដំណើរការ CIS»៕