ភ្នំពេញៈ ក្រុមហ៊ុន Cart Tire Co., Ltd. ដែលមានរោងចក្រផលិតសម្បកកង់យានយន្តនៅក្នុងខេត្តស្វាយរៀង កំពុងមានផែនការចង់ពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមនៅក្នុងប្រទេសកម្ពុជា ដោយបង្កើនដើមទុនឱ្យឡើងដល់ប្រមាណ ៧០០ លានដុល្លារ ដើម្បីបង្កើនសមត្ថភាពផលិត និងជំរុញការនាំចេញទៅទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើននាពេលខាងមុខ។
បើតាមគេហទំព័រ https://propertyarea.asia ក្នុងដំណើរទស្សនកិច្ចគោះទ្វារអ្នកវិនិយោគចិនឱ្យមកកម្ពុជា នៅក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានធ្វើដំណើរទៅទស្សនាក្រុមហ៊ុនផលិតសម្បកកង់រថយន្ត មួយចំនួននៅក្នុងប្រទេសចិន។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញអំពីទិសដៅរបស់កម្ពុជាដែលចង់ឃើញមានការវិនិយោគលើវិស័យនានាច្រើននៅកម្ពុជា ដែលនេះស្របទៅគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ ២០១៥-២០២៥ ការខិតខំជំរុញឱ្យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០ ដោយត្រូវប្ដូរមកប្រើធនធានបច្ចេកទេសខ្ពស់ ការប្រើប្រាស់បច្ចេកវិទ្យាជាដើម។ បន្ថែមលើនេះ លោកក៏បានប្រាប់ភាគីចិនពីកត្តាកម្លាំងពលកម្មនៅកម្ពុជា ដោយបច្ចុប្បន្នកម្ពុជាមានយុវជនវ័យក្មេងអាយុក្រោម ២៥ ឆ្នាំជាង ៦០ ភាគរយដែលកត្តានេះនឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត ស្របតាមគន្លឹះអាទិភាពផ្លូវ ភ្លើង ទឹក ធនធានមនុស្ស និងបច្ចេកវិទ្យា។
ក្រុមហ៊ុន Cart Tire Co., Ltd. បាននិងកំពុងវិនិយោគលើរោងចក្រផលិតសម្បកកង់យានយន្ត ក្នុងខេត្តស្វាយរៀង និងជាក្រុមហ៊ុនផលិតសម្បកកង់យានយន្តដំបូងគេនៅកម្ពុជា ក្រោមទុនវិនិយោគជាង ៣៥០ លានដុល្លារ ដោយក្រុមហ៊ុនសន្យានឹងទិញផលិតផលជ័រកៅស៊ូក្នុងស្រុក ១០០ ភាគរយ ក្នុងសង្វាក់ការផលិត ពោលគឺប្រមាណ ៥ ម៉ឺនតោននៅឆ្នាំដំបូង និង ១៥ ម៉ឺនតោននៅ ៥ ឆ្នាំបន្ទាប់។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៨ ខែមករាថា កត្តាស្ថិរភាពនយោបាយ ទីតាំងភូមិសាស្ត្រ កម្លាំងពលកម្ម និងច្បាប់វិនិយោគដែលមានលក្ខណៈអំណោយផលបានជួយឱ្យកម្ពុជាទាក់ទាញអ្នកវិនិយោគកាន់តែច្រើនឱ្យចូលមកវិនិយោគផ្ទាល់នៅកម្ពុជា។ នៅពេលមានការវិនិយោគផ្ទាល់វានឹងផ្តល់ផលជាវិជ្ជមានច្រើនសម្រាប់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារ ការលើកកម្ពស់ទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចេញវត្ថុធាតុដើម និងបង្កើនចំណូលសម្រាប់រដ្ឋាភិបាលផងដែរ។
ទាក់ទងនឹងគម្រោងវិនិយោគរបស់ក្រុមហ៊ុន Cart Tire Co., Ltd. លោកប្រាប់ថា មិនដឹងថាអ្វីដែលក្រុមហ៊ុនកំពុងធ្វើ និងគ្រោងពង្រីកផលិតកម្មនៅកម្ពុជានៅពេលខាងមុខ គឺសម្រាប់ដាក់បញ្ចូលទីផ្សារក្នុងស្រុក ឬសម្រាប់តែការនាំចេញនោះទេ។
ទោះយ៉ាងណា លោកបានអះអាងថា៖«បើនិយាយទៅវត្តមានរបស់ក្រុមហ៊ុនផលិតសម្បកកង់យានយន្តនៅកម្ពុជា គឺទើបនឹងបង្ហាញវត្ដមាននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយតែប៉ុណ្ណោះ។ ប្រសិនបើក្រុមហ៊ុនអាចផលិត និងចែកចាយក្នុងស្រុកគឺជាការល្អណាស់ ព្រោះជាការលើកកម្ពស់ផលិតផលជាតិ រួមទាំងជួយបង្កើនការដាំដុះដើមកៅស៊ូ បង្កើតការងារដល់់កសិករ និងកម្មករ និងមានគុណភាពលំដាប់ស្តង់ដាអន្តរជាតិផងដែរ»។
បើតាមលោក ចាន់ដារ៉ា បច្ចុប្បន្នផលិតផលសម្បកកង់យានយន្តដែលកំពុងប្រើប្រាស់នៅកម្ពុជាភាគច្រើនត្រូវបាននាំចូលមកពីប្រទេសចិន ថៃ ម៉ាឡេស៊ី និងវៀតណាម ជាដើម។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រយៈពេល ១១ ខែ ឆ្នាំ ២០២៣ កម្ពុជាបានលក់ជ័រកៅស៊ូចំនួន ៣៣៤ ១៧៦តោន កើន ១១ ៥៩០ តោន ស្មើនឹង ៤ ភាគរយបើធៀបរយៈពេលដូចគ្នា ឆ្នាំ ២០២២ ចំណែកប្រាក់ដែលទទួលបាន ៤៤៥,៤២ លានដុល្លារ៕