ភ្នំពេញៈ កម្ពុជារកចំណូលបានជាង ១,២ ពាន់លានដុល្លារ ពីការនាំចេញផលិតផលស្បែកជើង និងវត្ថុប្រហាក់ប្រហែល ទៅទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៣ ធ្លាក់ចុះជិត ២៣ ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈការនាំចេញនារយៈពេលប៉ុន្មានខែចុងក្រោយឆ្នាំ ២០២៣ បានបង្ហាញពីភាពប្រសើរឡើងវិញជាបណ្តើរៗ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
បើតាមរបាយការណ៍ GDCE ចន្លោះពីខែមករា-ខែវិច្ឆិកា ឆ្នាំ ២០២៣ ការនាំចេញទំនិញស្ថិតក្នុងជំពូក (HS ២ ខ្ទង់) លេខកូដ ៦៤ ដែលរួមមាន ស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែលមានចំនួនសរុប ១,២១ ពាន់លានដុល្លារ ធ្លាក់ចុះ ២២,៨ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមាន ១,៥៧ ពាន់លានដុល្លារ។ ទឹកប្រាក់នាំចេញទំនិញលេខកូដ ៦៤ ស្មើនឹងប្រមាណ ៥,៩២ ភាគរយនៃទឹកប្រាក់នាំចេញទំនិញសរុបពីកម្ពុជារយៈពេល ១១ ខែ ឆ្នាំ ២០២៣ ដែលមាន ២០,៤៩ ពាន់លានដុល្លារ។
GDCE បានឱ្យដឹងទៀតថា សម្រាប់ខែវិច្ឆិកា ឆ្នាំ ២០២៣ ការនាំចេញស្បែកជើង ស្រោមជើង វត្ថុប្រហាក់ប្រហែល មានទឹកប្រាក់ ១២៤,៦១ លានដុល្លារ ថយចុះ ២,៣ ភាគរយពីចំនួន ១២៧,៥៩ លានដុល្លារធៀបខែវិច្ឆិកា ឆ្នាំ ២០២២។
ប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៨ ខែមករា ថា ការធ្លាក់ចុះទឹកប្រាក់នាំចេញផលិតផលស្បែកជើង និងវត្ថុប្រហាក់ប្រហែល ក្នុងឆ្នាំ ២០២៣ គឺបណ្តាលមកពីចំនួនដ៏ច្រើននៃការបញ្ជាទិញក្នុងឆ្នាំ ២០២២ ដែលធ្វើឱ្យក្រុមហ៊ុនបញ្ជាទិញនីមួយៗមាននៅសល់ទំនិញក្នុងស្តុកច្រើនបន្តដល់ឆ្នាំ ២០២៣។
លោកបានបន្ថែមថា ភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចពិភពលោកដែលបន្តអូសបន្លាយពេល ៣-៤ ឆ្នាំជាប់គ្នាមកនេះ ក៏បានជះឥទ្ធិពលលើការចំណាយ និងការធ្វើដំណើរកម្សាន្តរបស់ប្រជាជនលើពិភពលោកផងដែរ។ នៅពេលមនុស្សមិនសូវធ្វើដំណើរ និងមិនសូវចំណាយប្រាក់ ការទិញស្បែកជើង និងវត្ថុប្រើប្រាស់ផ្សេងៗទៀតក៏ធ្លាក់ចុះដែរ។
លោកបញ្ជាក់ថា៖ «សម្រាប់ឆ្នាំ ២០២៤ នេះ តាមការវិភាគរបស់ក្រុមអ្នកជំនាញសមាគមស្បែកជើងកម្ពុជា គឺការនាំចេញស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល អាចនឹងល្អជាងឆ្នាំមុន ព្រោះតាមព័ត៌មានគឺសម្ទុះនៃការលក់ស្បែកជើងរបស់ក្រុមហ៊ុនបញ្ជាទិញទំនិញពីកម្ពុជា នារយៈពេល ៦ ខែចុងក្រោយឆ្នាំ ២០២៣ រហូតដល់ពេលនេះគឺមានភាពប្រសើរ។ ការបញ្ចេញស្តុករបស់ក្រុមហ៊ុនបញ្ជាទិញ និងហាងលក់ទំនិញនានា នឹងជួយឱ្យការបញ្ជាទិញនៅក្នុងឆ្នាំ ២០២៤ មានកំណើនបើធៀបឆ្នាំ ២០២៣»។
បើតាម ឃុនថៃ ផលិតផលស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល ផលិតនៅកម្ពុជាភាគច្រើនត្រូវបាននាំទៅគោលដៅសំខាន់ៗដូចជា អាមេរិក អឺរ៉ុប កាណាដា អង់គ្លេស និងប្រទេសក្នុងតំបន់។ ស្បែកជើងផលិតនៅកម្ពុជាមានម៉ាកអន្តរជាតិល្បីៗជាច្រើនដូចជា Adidas, Clarks, និង Timberland ជាដើម។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលជាស្ថាប័នតំណាងរបស់រដ្ឋាភិបាលមានភារកិច្ចក្នុងការពិនិត្យ និងផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុនជាតិ និងអន្តរជាតិបើកដំណើរការអាជីវកម្ម និងរោងចក្រ/សហគ្រាសនៅកម្ពុជា គឺចំនួននៃគម្រោងវិនិយោគដែលបានអនុម័តក្នុងឆ្នាំ ២០២៣ បានកើនឡើងដល់ ២៦៨ គម្រោង ពីចំនួន ១៨៦ កាលពីឆ្នាំ ២០២២ ក្នុងនោះក៏មានគម្រោងវិនិយោគលើរោងចក្រផលិតស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល ជាច្រើនផងដែរ។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បាននិយាយថា បន្ទាប់ពីធ្លាក់ចុះមួយរយៈ លោកសង្កេតឃើញថា សកម្មភាពដឹកជញ្ជូនទំនិញពីបណ្តារោងចក្រនានាទៅកាន់ទីផ្សារអន្តរជាតិបានចាប់ផ្តើមល្អប្រសើរឡើងវិញជាបណ្តើរៗហើយ។ ជាមួយគ្នានេះចំនួនក្រុមហ៊ុនវិនិយោគដែលមកបើករោងចក្រនៅកម្ពុជាក៏កំពុងកើនឡើងដែរ។
លោកបន្តថា កំណើននៃការបណ្តាក់ទុន គឺដោយសារវិនិយោគិនមើលឃើញពីឱកាសទីផ្សារនាពេលខាងមុខ។
លោកប្រាប់ថា៖ «កំណើនការបើករោងចក្រ និងសកម្មភាពដឹកជញ្ជូនទំនិញទៅក្រៅប្រទេសនារយៈពេលប៉ុន្មានខែមកនេះ ជាសញ្ញាបញ្ជាក់ថាការនាំចេញគ្រប់មុខទំនិញទៅទីផ្សារអន្តរជាតិនឹងបន្តការកើនឡើងកាន់តែច្រើននាពេលខាងមុខ»។
ក្នុងឆ្នាំ ២០២២ ការនាំចេញទំនិញនៅក្នុងជំពូក (HS២ខ្ទង់) លេខកូដ ៦៤ គឺមានទឹកប្រាក់សរុប ១,៧៤ ពាន់លានដុល្លារ កើន ២៤,៨ ភាគរយបើធៀបឆ្នាំ ២០២១ ដែលមាន ១,៣៩ ពាន់លានដុល្លារ។ ទឹកប្រាក់នាំចេញទំនិញលេខកូដ ៦៤ គឺស្មើនឹងប្រមាណ ៧,៧ ភាគរយនៃការនាំចេញសរុបរបស់កម្ពុជាក្នុងឆ្នាំ ២០២២ ដែលមានចំនួន ២២,៤៨ ពាន់លានដុល្លារ៕