ភ្នំពេញៈ យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅក្នុងរយៈពេល ១២ ខែ ឆ្នាំ ២០២៣ កម្ពុជា សម្រេចការនាំចេញផលិតផលកសិកម្មបានប្រមាណ ៨ ៤៤៩ ៤១៤,៣៦ តោន ថយចុះ ១,៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២២។
របាយការណ៍បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៣ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួនជាង ៤ ៣០៦ លានដុល្លារអាមេរិក ដែលក្នុងនោះ រួមមាន ការនាំចេញអង្ករមានតម្លៃទឹកប្រាក់សរុបជាង ៥៦៧ លានដុល្លារអាមេរិក, ការនាំចេញស្រូវមានតម្លៃទឹកប្រាក់ ៩៣៩ លានដុល្លារអាមេរិក និងការនាំចេញកសិផលក្រៅពីស្រូវអង្ករមានចំនួនជាង ២ ៧៩៩ លានដុល្លារអាមេរិក។
ការនាំចេញកសិផលក្រៅពីស្រូវអង្កររួមមានចំណិតដំឡូងមីក្រៀមមានបរិមាណ ១,២ លានតោន, ដំឡូងមីស្រស់ ១,៩ លានតោន, ម្សៅដំឡូងមី ជាង ៣៦ ពាន់តោន, កាកសំណល់ដំឡូងមីជាង ៧៤ ពាន់តោន, គ្រាប់ស្វាយចន្ទី ជាង ៤២ ម៉ឺនតោន, គ្រាប់ពោតជាង ៧១ ពាន់តោន, គ្រាប់សណ្ដែកបាយ ជាង ២៨ ពាន់តោន, គ្រាប់សណ្ដែកសៀង ជាង ៥៤ ពាន់តោន, ផ្លែចេកស្រស់ជិត ២៩ ម៉ឺនតោន, ផ្លែស្វាយស្រស់ជាង ១៦ ម៉ឺនតោន, ដំណាប់ស្វាយ ជាង ២៧ ពាន់តោន, ផ្លែមៀនស្រស់ ជាង១៧ ពាន់តោន, ដូងប្រេង ជាង ៧៩ ពាន់តោន, ម្រេច ជាង ៦ ពាន់តោន, បន្លែចម្រុះជាង ២២០ តោន និងកសិផលចំនួន ១០០ មុខ ផ្សេងទៀត ជិត ៥៤ ម៉ឺនតោន។
ក្រសួងកសិកម្ម បានវាយតម្លៃសភាពការណ៍ជារួមថា៖ «នៅក្នុងឆ្នាំ ២០២៣ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងសម្រេច បានចំនួន ៥៥៤ ២១០ ហ.ត ស្មើនឹង ១១១,២៥ ភាគរយ នៃផែនការចំនួន ៤៩៨ ១៧០ ហ.ត។ វិធានការជួយសង្គ្រោះបន្ទាន់ និងវិធានការជំរុញផលិតកម្ម ដំណាំ ការចិញ្ចឹមសត្វ និងវារីវប្បកម្មត្រូវបានដាក់ចេញ និងអនុវត្តយ៉ាងសកម្មដើម្បីជួយដល់កសិករ»។
លោក ហ៊ុន ឡាក់ ជាម្ចាស់ក្រុមហ៊ុនជាច្រើន ដែលជាក្រុមហ៊ុននាំចេញផលិតកម្មរួមមាន ចេកស្រស់ ស្វាយស្រស់ និងបន្លែ ជាដើមបានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី ៧ មករាថា លោកបានមើលឃើញពីភាពវិជ្ជមាននៃវិស័យឧស្សាហកម្ម នៅក្នុងឆ្នាំ ២០២៣ កន្លងទៅ ជាពិសេសតម្លៃស្រូវ ដោយក្នុងរយៈពេលមួយឆ្នាំ ២០២៣ តម្លៃស្រូវមានភាពល្អប្រសើរ ជាហេតុធ្វើឱ្យកសិករមានភាពរីករាយក្នុងការប្រមូលផលដោយសារតែកសិករទទួលបានចំណូលខ្ពស់ជាងឆ្នាំ ២០២២។
ចំពោះការថយចុះការនាំចេញផលិតផលកសិកម្មទៅក្រៅប្រទេសវិញ លោកយល់ឃើញថា មិនមែនមកពីតម្រូវការរបស់ទីផ្សារថយចុះនោះទេ តែជាការថយចុះនៃបរិមាណផលិតកម្ម ចំពោះការផលិតកសិផលមួយចំនួនដូចជាចេក ស្វាយ និងដូងប្រេងជាដើម ដោយសារតែការប្រែប្រួលអាកាសធាតុ។
លោកបញ្ជាក់ថា៖ «ជាការពិតណាស់ដូចយើងទាំងអស់គ្នាដឹងហើយ ពីបម្រែបម្រួលអាកាសធាតុ ជាពិសេសឥទ្ធិពលនៃបាតុភូតអែលនីណូ មកលើប្រទេសកម្ពុជា ដែលធ្វើឱ្យគ្រោះរាំងស្ងួតមានភាពអូសបន្លាយតាំងក្នុងឆ្នាំ ២០២៣ មក ដែលធ្វើឱ្យទិន្នផលដំណាំមានការធ្លាក់ចុះ ព្រោះខ្វះទឹក ដីខ្វះសំណើម កើតសត្វល្អិតចង្រៃបំផ្លាញច្រើន ដែលធ្វើឱ្យការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតគ្មានប្រសិទ្ធភាពក្នុងការគ្រប់គ្រង។ ដោយឡែកចំពោះទីផ្សារ មិនមានបញ្ហានោះទេ ខណៈដែលតម្លៃដឹកជញ្ជូនក៏ល្អគ្រាន់បើជាងឆ្នាំ ២០២២ ដែរ»។
បើតាមលោក ហ៊ុន ឡាក់ ចាប់ពីពេលនេះទៅ ក្នុងរយៈពេល ៤ ទៅ ៥ ឆ្នាំទៀត វិស័យកសិកម្មនឹងមានភាពប្រសើរឡើងកាន់តែខ្លាំង ជាពិសេសផលិតផលកសិកម្ម ដែលពាក់ព័ន្ធនឹងសន្តិសុខស្បៀង ព្រោះថា ពិភពលោកនឹងជួបបញ្ហាសន្តិសុខស្បៀងនាពេលខាងមុខ ដោយសារតែបញ្ហាការប្រែប្រួលអាកាសធាតុ (រញ្ជួយដី, ព្យុះ, រាំងស្ងួត, ទឹកជំនន់...) និងបញ្ហាសង្រ្គាមអូសបន្លាយ រវាងរុស្សី និងអ៊ុយក្រែន ដែលអ៊ុយក្រែន ជាប្រទេសផលិតស្រូវសាលីដ៏ធំរបស់ពិភពលោក។
ជាមួយគ្នានេះដែរលោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងថា កំណើនជាវិជ្ជមាននៃការនាំចេញអង្កររបស់កម្ពុជានេះ ដោយសារកម្ពុជា រកបានទីផ្សារថ្មីៗជាបន្តបន្ទាប់ ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទាំងអាណត្តិទី៦ និងអាណត្តិថ្មី ខណៈដែលមានកិច្ចសហការយ៉ាងជិតស្និទ្ធពីវិស័យឯកជន ផ្នែកស្រូវអង្ករ។
លោក ចាន់ សុឃាំង បញ្ជាក់ថា៖«យើងនឹងខិតខំប្រឹងប្រែង ជួយរាជរដ្ឋាភិបាលសម្រេចឱ្យបាននូវគោលដៅនាំចេញអង្ករឱ្យបាន១លានតោន តាមរយៈការស្វែងរកដៃគូថ្មីៗ នៅតាមបណ្តាប្រទេសដែលមានសក្តានុពល សម្រាប់ឱ្យកម្ពុជានាំអង្ករចេញទៅ។ យើងសង្ឃឹមថា ទីផ្សារអារ៉ាប់រួម និងអាហ្វ្រិក ជាទីផ្សារគោលដៅ ដែលអាចស្រូបយកបរិមាណប្រមាណជា ១០០ ០០០ តោន»។
បើតាមរបាយការណ៍ក្រសួងកសិកម្ម មកទល់ពេលនេះ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងសម្រេចបានចំនួន ៥៥៤ ២១០ហ.ត ស្មើនឹង ១១១,២៥ ភាគរយនៃផែនការចំនួន ៤៩៨ ១៧០ ហិកតា លើសឆ្នាំមុន ៩៦ ៨២០ ហិកតា និងការប្រមូលផលស្រូវវស្សាសម្រេចបានចំនួន ២ ៨៣៥ ៥៥៧ ហិកតា ដោយទទួលបរិមាណផលសរុបចំនួន ៩ ៣៤២ ៤៦៤ តោន និងទិន្នផលគិតជាមធ្យម ៣,២៩៥ តោន ក្នុង ១ ហិកតា៕