ភ្នំពេញៈ ទោះបីបរិមាណនៃការនាំចេញគ្រាប់ស្វាយចន្ទី (មិនទាន់កែច្នៃ) ទៅក្រៅប្រទេសកាលពីឆ្នាំ ២០២៣ បានធ្លាក់ចុះជិត ១០ ភាគរយ ប៉ុន្តែអ្នកនៅក្នុងផលិតកម្មដំណាំស្វាយចន្ទី មានសុទិដ្ឋិនិយមថា កម្ពុជានឹងទាញបានផលវិជ្ជមានកាន់តែច្រើនពីចង្វាក់ផលិតកម្មកែច្នៃស្វាយចន្ទីក្នុងស្រុក។
របាយការណ៍ប្រចាំឆ្នាំ ២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីថ្ងៃទី ៨ ខែមករា បង្ហាញថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២៣ ប្រទេសកម្ពុជាបាននាំចេញកសិផលសរុប ៨ ៤៤៩ ៤១៤,៣៦ តោន ធ្លាក់ចុះ ១,៩ ភាគរយ ធៀបនឹងឆ្នាំ ២០២២ ក្នុងនោះការនាំចេញគ្រាប់ស្វាយចន្ទីឆៅមានបរិមាណ ៤២៥ ៩៧៧,១៣ តោន ឬគិតជាទឹកប្រាក់ប្រមាណ ៨០០ លានដុល្លារ ទោះបីជាបរិមាណនៃការនាំចេញធ្លាក់ចុះ ៩,៩៦ ភាគរយក្តី។
រាជរដ្ឋាភិបាល កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧» ដែលគោលនយោបាយជាតិនេះ មានចក្ខុវិស័យធ្វើការអភិវឌ្ឍផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែង ធានានិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងមានគោលបំណងប្រែក្លាយកម្ពុជាទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយសម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៩ ខែមករា ថា បើទោះបីតួលេខនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តរជាតិធ្លាក់ចុះជិត ១០ ភាគរយ ប៉ុន្តែវាមិនមែនជារឿងអវិជ្ជមានឡើយសម្រាប់សេដ្ឋកិច្ចកម្ពុជា ព្រោះការធ្លាក់ចុះនេះ គឺបណ្តាលមកពីការកើនឡើងសមត្ថភាពនៃសិប្បកម្ម និងរោងចក្រកែច្នៃនៅកម្ពុជា។
លោកបន្តថា ផលិតកម្មស្វាយចន្ទីកម្ពុជានៅក្នុងឆ្នាំ ២០២៤ នេះត្រូវបានព្យាករថា នឹងកាន់តែល្អថែមទៀតធៀបនឹងឆ្នាំ ២០២៣ ដោយបរិមាណទិន្នផល អាចកើនឡើង ១០ ភាគរយបើអាកាសធាតុដូចការព្យាករ (មិនសូវមានភ្លៀង) ចំណែកតម្លៃ អាចនឹងកើនឡើង ៥ ភាគរយ។
លោកថ្លែងថា៖«សម្រាប់ឆ្នាំ ២០២៤ យើងខ្ញុំគិតថា ការនាំចេញគ្រាប់ស្វាយចន្ទីឆៅនឹងបន្តធ្លាក់ចុះទៀត ប៉ុន្តែវាមិនមែនជាសញ្ញាអាក្រក់ឡើយ ដោយវានឹងជំនួសមកវិញតាមរយៈការកើនឡើងនៃសមត្ថភាពរបស់សិប្បកម្ម និងរោងចក្រកែច្នៃក្នុងស្រុក ដែលនឹងជួយឱ្យកម្ពុជាទទួលបានតម្លៃបន្ថែមខ្ពស់ជាងការនាំចេញផលិតផលមិនទាន់កែច្នៃ»។
លោកបន្តថា៖ «នៅពេលនេះមានម្ចាស់សិប្បកម្ម និងរោងចក្រកែច្នៃកាន់តែច្រើនបានមកប្រមូលទិញគ្រាប់ស្វាយចន្ទីពីប្រជាកសិករដើម្បីកែច្នៃបន្ត ដោយខុសពីពេលមុន ដែលគ្រាប់ស្វាយចន្ទីឆៅស្ទើរទាំងអស់ត្រូវបានក្រុមឈ្មួញប្រមូលទិញយកទៅលក់បន្តឱ្យសិប្បកម្ម ឬរោងចក្រកែច្នៃនៅប្រទេសជិតខាង (វៀតណាម)»។
លោក ស៊ីឡុត បានឱ្យដឹងទៀតថា ដើម្បីជំរុញផលិតកម្មស្វាយចន្ទីកម្ពុជាឱ្យកាន់តែអាចពង្រីកសក្តានុពលលើការដាំដុះ កែច្នៃ និងនាំចេញទៅទីផ្សារអន្តរជាតិ ថ្នាក់ដឹកនាំសមាគមស្វាយចន្ទីកម្ពុជា កំពុងត្រៀមជួបជាមួយនឹងថ្នាក់ដឹកនាំធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ដើម្បីពិភាក្សាពីការកែសម្រួលលក្ខខណ្ឌអនុគ្រោះមួយចំនួនសម្រាប់ការផ្តល់ឥណទានដល់សហគ្រាសកែច្នៃក្នុងន័យជួយឱ្យសហគ្រាសនៅក្នុងស្រុកមានលទ្ធភាពកាន់តែច្រើនក្នុងការប្រជែងទិញជាមួយប្រទេសជិតខាងយកមកស្តុកទុកកែច្នៃ មុននឹងនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ។ កន្លងមកផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃនៅកម្ពុជា ត្រូវបាននាំទៅលក់នៅប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន និងតំបន់អឺរ៉ុបមួយចំនួន។
បើតាមការស្រាវជ្រាវរបស់សមាគមស្វាយចន្ទីកម្ពុជា ការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តរជាតិ ក្នុងឆ្នាំ ២០២៣ គឺមានបរិមាណ ៦៥៦ ០០០ តោន ថយចុះប្រហែល ៧,៦ ភាគរយ បើធៀបនឹងឆ្នាំ ២០២២ និងទទួលបានប្រាក់ ៨៣៧ លានដុល្លារ ថយចុះ ១៦,៩ ភាគរយ។ ក្នុងចំនួននេះ ការនាំទៅវៀតណាមចំនួន ៦១៨ ០០០ តោន។
ម្ចាស់ចម្ការ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី Kosal Farms នៅខេត្តព្រះវិហារ លោក ខាន់ កុសល ដែលចូលប្រឡូកក្នុងផលិតកម្មស្វាយចន្ទី តាំងពីឆ្នាំ ២០១១ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៩ ខែមករា ថា ដោយសារអាកាសធាតុអំណោយផល (មិនសូវមានភ្លៀងបន្ទាប់ពីដើមស្វាយចន្ទីចេញផ្កា) បានធ្វើឱ្យទិន្នផល និងគុណភាពគ្រាប់ស្វាយចន្ទី ក្នុងឆ្នាំ ២០២៣ ល្អប្រសើរបើធៀបនឹងឆ្នាំ ២០២២ ខណៈតម្លៃគ្រាប់ស្វាយចន្ទីឆៅ ក៏កើនតិចតួចដែរ ដោយគ្រាប់ចន្ទីឆៅ (មិនទាន់កែច្នៃ) អាចមានតម្លៃចន្លោះពី ៣ ០០០- ៦ ០០០ រៀលក្នុង ១ គីឡូក្រាម។
លោកបន្តថា សម្រាប់តួលេខដែលបង្ហាញការនាំចេញគ្រាប់ស្វាយចន្ទីឆៅធ្លាក់ចុះនោះ គឺអាចដោយសារកត្តាចម្បងចំនួន ២ គឺការកើនឡើងនៃសមត្ថភាពផលិតកម្មរបស់រោងចក្រកែច្នៃនៅក្នុងស្រុក និងការនាំចេញក្រៅផ្លូវការ។
លោកថ្លែងថា៖ «សម្រាប់ស្ថានភាពការប្រមូលផល គុណភាព និងតម្លៃគ្រាប់ស្វាយចន្ទីឆៅកាលពីឆ្នាំ ២០២៣ គឺល្អប្រសើរជាងឆ្នាំ ២០២២ ប៉ុន្តែបើធៀបនឹង ៤-៥ឆ្នាំមុន គឺមិនទាន់ដល់ពេលនោះទេ ទាំងបរិមាណផលដែលប្រមូលបាន គុណភាព និងតម្លៃ»។
លោកបន្ថែមថា៖ «ទិន្នាការវិនិយោគលើសិប្បកម្ម/រោងចក្រកែច្នៃស្វាយចន្ទីនៅកម្ពុជាកំពុងវិវឌ្ឍទៅមុខ បន្ទាប់ពីគុណភាព និងរសជាតិគ្រាប់ស្វាយចន្ទីទទួលបានការគាំទ្រកាន់តែច្រើនពីប្រជាជនក្នុងស្រុក និងកំណើនការបញ្ជាទិញពីទីផ្សារអន្តរជាតិ»។
សមាគមស្វាយចន្ទីកម្ពុជាឱ្យដឹងថា ក្នុងឆ្នាំ ២០១៩ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីប្រហែល ៦០ ម៉ឺនតោន ឆ្នាំ ២០២០ ចំនួន ៩៥ ម៉ឺនតោន ឆ្នាំ ២០២១ ចំនួន ១,១ លានតោន (២៤ ភាគរយនៃការនាំចេញសរុបលើពិភពលោក) និងឆ្នាំ ២០២២ ចំនួន ៦៧ ម៉ឺនតោន។
បើតាមសមាគមស្វាយចន្ទីកម្ពុជា ស្វាយចន្ទីត្រូវបានដាំដុះភាគច្រើនក្នុងខេត្តចំនួន ១០ ក្នុងទំហំ ៦៥២ ៥៣៨ ហិកតា ដែលរួមមាននៅខេត្តកំពង់ធំ រតនគិរី កំពង់ចាម មណ្ឌលគិរី ត្បូងឃ្មុំ ស្ទឹងត្រែង សៀមរាប ក្រចេះ កំពង់ឆ្នាំង និងព្រះវិហារ។ ជាធម្មតាដើមស្វាយចន្ទីអាចផ្តល់ផលបន្ទាប់ពីដាំបាន ៥-៦ ឆ្នាំ (លើកលែងពូជ M10 និង M ២៣ ឱ្យផលចាប់ពីអាយុ ២ឆ្នាំ) និងឱ្យផលរហូតដល់អាយុ ២៥ ឆ្នាំ។ ដីទំហំ ១ ហិកតាជាមធ្យមផ្តល់ផលចន្លោះពី ១,៥ ទៅ ១,៨ តោនក្នុង ១ ឆ្នាំ។
ប្រភពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ស្វាយចន្ទី គឺជាដំណាំឧស្សាហកម្មដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ បច្ចុប្បន្ន ស្វាយចន្ទីជាប់ចំណាត់ថ្នាក់លេខ ៣ ជាកសិផលនាំចេញទៅក្រៅប្រទេសច្រើនជាងគេ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី៕