ភ្នំពេញៈ តំបន់ឧទ្យានប្រាសាទកោះកេររបស់កម្ពុជាដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានជាប់ចំណាត់ថ្នាក់ទី៣៤ ក្នុងចំណោមឧទ្យាន ៥២ កន្លែង ជាទិសដៅទេសចរណ៍នៅក្នុងឆ្នាំ ២០២៤ សម្រាប់ភ្ញៀវទេសចរទៅទស្សនានាឆ្នាំនេះ។ នេះបើយោងតាមកាសែតអាមេរិក New York Times។
ប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលធ្វើឡើងនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ី សាអ៊ូឌីត កាលពីថ្ងៃទី ១៧ កញ្ញា ឆ្នាំ ២០២៣។ ប្រាសាទបុរាណកោះកេរមានទីតាំងស្ថិតនៅក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។យោងតាមអង្គការយូណេស្កូ ទីតាំងប្រាសាទកោះកេរ លាតសន្ធឹងលើផ្ទៃដីទំហំ ១ ១៨៧ ហិកតា។
កាសែត New York Times ដែលបានចុះផ្សាយកាលពីថ្ងៃទី ៨ ខែមករា ត្រូវបានដកស្រង់សម្តីថា៖ «សម្រាប់អ្នកគ្រប់គ្នាដែលតែងផូស្តរូបឥតឈប់ឈរ និងរូបភាព Instagram នៃប្រាសាទអង្គរវត្តក្នុងប្រទេសកម្ពុជា ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅលើភពផែនដីនេះ។ ប៉ុន្តែប្រាសាទកោះកេរ ដែលជាប្រាសាទបុរាណចំណាស់រាប់សតវត្សរ៍នៅក្នុងតំបន់ក្បែរនោះផ្តល់នូវជម្រើស និងដំណើរផ្សងព្រេងថ្មីមួយទៀត ដែលប្រាសាទកោះកេរត្រូវបានសាងសង់ឡើងនៅក្នុងសតវត្សរ៍ទី១០ គឺប្រហែល ២ សតវត្សរ៍មុនប្រាសាទអង្គរវត្ត ដូច្នេះទីក្រុងដ៏ពិសិដ្ឋនៃកោះកេរត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅរដូវស្លឹកឈើជ្រុះកាលពីឆ្នាំ ២០២៣ កន្លងទៅ។ នេះបើយោងតាមកាសែត New York Times ដែលបានចុះក្នុងបញ្ជីនៅថ្ងៃទី ៨ ខែមករា។
បើតាមកាសែត New York Times នៅផ្នែកកណ្ដាលនៃទីតាំងនេះ គឺជាបណ្ដុំប្រាសាទដែលមានទំហំ ៤,៥ ម៉ាយល៍ការ៉េ ពិសេសប្រាសាទពីរ៉ាមីត ៧ ជាន់ដែលគេស្គាល់ថា ជាប្រាសាទធំ រួមជាមួយរូបសំណាក ចម្លាក់ថ្ម ស្រះសិប្បនិម្មិត និងដើមឈើធំៗ ដែលឫសរបស់វាដុះវណ្ឌជាប់នឹងសំណង់ដែលបែកបាក់ជាច្រើន។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៩ ខែមករាថា ប្រាសាទកោះកេរ គឺជាឧទ្យានបុរាណដែលបានសាងសង់ដាច់ពីគេកាលពីសតវត្សរ៍ទី១០ គឺជាទិសដៅទាក់ទាញដ៏សំខាន់មួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីស្វែងយល់អំពីវប្បធម៌ និងអរិយធម៌ដ៏ចំណាស់ និងមានភាពសម្បូរបែបរបស់ព្រះរាជាណាចក្រកម្ពុជា។
លោកថ្លែងថា៖ «ចាប់តាំងពីប្រាសាទ (កោះកេរ) ដែលនៅមិនឆ្ងាយពីប្រាសាទអង្គរវត្ត ភ្ញៀវទេសចរអាចចំណាយពេលទៅទស្សនាប្រាសាទព្រះវិហារ និងប្រាសាទកោះកេរនៃខេត្តព្រះវិហារក្នុងថ្ងៃតែមួយ។ ពួកគេអាចស្នាក់នៅខេត្តព្រះវិហារ ឬខេត្តសៀមរាបនៅពេលល្ងាចបានផងដែរ»។
ទោះយ៉ាងណាក៏ដោយ លោកបន្តថា ដោយសារតែប្រាសាទកោះកេរ ដែលទើបតែចុះបញ្ជីដោយអង្គការយូណេស្កូ ចាំបាច់ត្រូវមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍បន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងលិខិតអបអរសាទរ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ ជុំវិញការចុះបញ្ជីប្រាសាទកោះកេររបស់អង្គការយូណេស្កូ បានពិពណ៌នាការចុះបញ្ជីនេះថា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ លោកបានកត់សម្គាល់ថា ប្រាសាទនេះត្រូវបានសាងសង់ឡើងកាលពីសតវត្សរ៍ទី១០ ដោយព្រះបាទជ័យវរ្ម័នទី៤។
យោងតាមលោក ម៉ាណែត កម្ពុជាបានរៀបចំពាក្យស្នើសុំចុះបញ្ជីនេះកាលពីឆ្នាំ ២០១៨។ បន្ទាប់ពីពិនិត្យ និងវាយតម្លៃជាច្រើនដំណាក់កាល អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានស្នើសុំជាផ្លូវការឱ្យអង្គការយូណេស្កូ ចុះបញ្ជីប្រាសាទនេះ ជាតំបន់បេតិកភណ្ឌពិភពលោកកាលពីខែមករា ឆ្នាំ ២០២១។
យោងតាមតួលេខដែលផ្តល់ដោយអាជ្ញាធរជាតិព្រះវិហារ (NAPV) កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤ កោះកេរដែលជាអតីតរាជធានីតែមួយគត់របស់អាណាចក្រខ្មែរ ចន្លោះពីឆ្នាំ ៩២៨ ដល់ឆ្នាំ ៩៤៤ នៃគ្រិស្តសករាជទទួលបានភ្ញៀវទេសចរចំនួន ១០៥ ៤៦៤ នាក់ចូលទស្សនាកើនឡើង ៧១,២ ភាគរយធៀបដើមឆ្នាំ ២០២៣។ ក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួន ១៤ ៨០៦ នាក់។
ចំណែកចំនួនភ្ញៀវទេសចរចូលទស្សនាប្រាសាទព្រះវិហារមានចំនួនសរុប ៩២ ៩៦៦ នាក់ ធ្លាក់ចុះ ១៦,៧ ភាគរយ បើធៀបនឹងឆ្នាំមុន។ ប្រាសាទនេះមានភ្ញៀវទេសចរក្នុងស្រុកចំនួន ៨៣ ៧២៣ នាក់ចូលទស្សនា ធ្លាក់ចុះ ២២ ភាគរយ និងភ្ញៀវទេសចរអន្តរជាតិចំនួន ៩ ២៤៣ នាក់ កើនឡើងជិត ១២៦ ភាគរយ៕