តំណាងធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បង្ហាញឆន្ទៈក្នុងការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជនដែលជួបការលំបាក ខណៈដែលចំនួននៃការរៀបចំឡើងវិញនិងទំហំទឹកប្រាក់កំពុងកើនឡើង។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៨ ខែតុលា ធនាគារជាតិនៃកម្ពុជា សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ តំណាងធនាគារ ABA, អេស៊ីលីដា, និង LOLC បានបង្ហាញពីឆន្ទៈក្នុងការបន្តរៀបចំកម្ចីឡើងវិញដើម្បីសម្រួលដល់អតិថិជនដែលជួបការលំបាក ដោយសារចំណូលធ្លាក់ចុះ។
ស្ថាប័នហិរញ្ញវត្ថុទាំងនេះបានបញ្ជាក់ថា ការរៀបចំឥណទានឡើងវិញមិនប៉ះពាល់ដល់ប្រវត្តិឥណទាន ឬ ខូច CBC របស់ពួកគេនោះទេ ហើយទិន្នន័យនៃការរៀបចំឥណទានឡើងវិញត្រូវបានរក្សាទុកក្នុងរយៈពេលតែ ១២ខែប៉ុណ្ណោះ។
បន្ថែមពីលើនេះ តំណាងសមាគមធនាគារបញ្ជាក់ថា របាយការណ៍ CBC របស់បុគ្គលម្នាក់ៗគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះសម្រាប់ការសម្រេចចិត្តផ្ដល់កម្ចីនាពេលអនាគត ពីព្រោះធនាគារមិនយោងទៅលើតែ CBC មួយមុខនោះទេ គឺពិនិត្យមើលលើស្ថានភាពជាក់ស្ដែងរបស់បុគ្គលស្នើឥណទាន ជាពិសេសលើលទ្ធភាពបង់សង។
តំណាងធនាគារបានលើកឡើងថា ការរៀបចំឥណទានឡើងវិញនេះធ្វើឲ្យប៉ះពាល់ដល់ចរន្តសាច់ប្រាក់របស់ធនាគារខ្លះ ប៉ុន្តែធនាគារជាតិបានជួយសម្រួលដល់បញ្ហានេះតាមរយៈការបន្ធូរបន្ថយអនុបាតមួយចំនួន ដូចជាអនុបាតប្រាក់បម្រុងកាតព្វកិច្ចមកនៅត្រឹម ៧ ភាគរយ។
គោលការណ៍នៃការរៀបចំកម្ចីឡើងវិញ ត្រូវបានអនុវត្តតាំងពីឆ្នាំ២០២០ នៅពេលដែលពិភពលោកក៏ដូចជាកម្ពុជា ត្រូវបានរាតត្បាតដោយជំងឺកូវីដ១៩ ដែលប៉ះពាល់ដល់ជីវភាព និងអាជីវកម្មរបស់ប្រជាពលរដ្ឋ។
ការរៀបចំឥណទានឡើងវិញធ្វើឡើងក្នុងរូបភាពផ្សេងៗដូចជា ការពន្យារការបង់ប្រាក់ដើម បន្ថយចំនួនប្រាក់ដើមដែលត្រូវបង់ ការបន្ថយការប្រាក់ ការបន្ថយឬលើកលែងទ្រព្យធានា និងការអនុគ្រោះផ្សេងទៀត។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (CBC) ដែលជាក្រុមហ៊ុនកត់ត្រាទិន្នន័យពាក់ព័ន្ធនឹងឥណទាន បានថ្លែងថា ចាប់តាំងពីឆ្នាំ២០២០មក អតិថិជនដែលទទួលបានការរៀបចំឥណទានឡើងវិញមានចំនួនជិត ១ លាននាក់ និងមានទឹកប្រាក់ជាង ១០ ពាន់លានដុល្លារ។ គិតមកទល់ពេលនេះ ឥណទានសរុប ៤ ពាន់លានដុល្លារ ត្រូវបានអតិថិជនបង់រួចរាល់។
លោកថា ការរៀបចំឥណទានឡើងវិញក្នុងអំឡុងពេល៨ខែ ឆ្នាំ២០២៤នេះ មានទឹកប្រាក់ ១,៤ពាន់លានដុល្លារ គឺកើនលើសទំហំទឹកប្រាក់ ១,២ពាន់លានដុល្លារនៅឆ្នាំ២០២៣ទាំងមូល។ លោករំពឹងថា ការរៀបចំឥណទានឡើងវិញនឹងមានកំណើន បន្ទាប់ពីសារាចរថ្មីបានចូលជាធរមានចាប់ពីខែកញ្ញា។
កាលពីចុងខែសីហា ធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំថ្មីស្ដីពីការរៀបចំឥណទានឡើងវិញដោយបន្ធូរបន្ថយសំវិធានធន។ គោលការណ៍ថ្មីនេះមានប្រសិទ្ធភាពពីខែកញ្ញាឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៥។
អ្នកជំនាញក្នុងវិស័យធនាគារនិយាយថា ការអនុញ្ញាតឲ្យមានការរៀបចំឥណទានឡើងវិញជួយដល់ស្ថាប័នដែលឲ្យខ្ចីប្រាក់ អតិថិជនខ្ចីប្រាក់ដែលកំពុងជួបការលំបាក និងជួយដល់សេដ្ឋកិច្ចជាតិទាំងមូល។ វិស័យដែលជួបផលលំបាកខ្លាំងនាពេលបច្ចុប្បន្ន គឺវិស័យទេសចរណ៍ អចលនទ្រព្យ សំណង់ និងអាជីវកម្មខ្នាតតូច ដែលសុទ្ធតែពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ប្រសិនបើគ្មានការរៀបចំឥណទានឡើងវិញទេ ផលប៉ះពាល់អាចមានទំហំធំជាងនេះ។
ហេតុអ្វីសេដ្ឋកិច្ចមានកំណើន ប៉ុន្តែការរៀបចំឥណទានឡើងវិញនៅតែកើនឡើង?
រដ្ឋាភិបាលបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន៦,៦% ក្នុងឆ្នាំ២០២៤ ហើយនឹងអាចត្រលប់ទៅរកកំណើនមុនជំងឺរាតត្បាតកូវីដ១៩ ក្នុងរង្វង់៧%នៅឆ្នាំ២០២៨។
ចំណែកធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៥,៨% នៅឆ្នាំ២០២៤ និង ៦,១% នៅឆ្នាំ២០២៥ ដែលប្រហាក់ប្រហែលទៅនឹងការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលលើកឡើងថា កំណើតសេដ្ឋកិច្ចកម្ពុជានឹងមាន ៥,៨% និង ៦%រៀងគ្នា។
លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានពន្យល់ថា ទោះបីជាសេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញជាបណ្ដើរៗក្ដី ឥទ្ធិពលនៃកំណើននេះធ្លាក់ទៅដល់កម្រិតប្រជាពលរដ្ឋក្នុងល្បឿនយឺត ឬត្រូវការពេលវេលាមួយដើម្បីឲ្យកំណើនកម្រិតម៉ាក្រូនេះ ធ្លាក់ទៅដល់កម្រិតមីក្រូ។
តំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានលើកឡើងថា ការកើនឡើងទំហំនៃរៀបចំឥណទានឡើងវិញ បង្ហាញពីសមត្ថភាពរបស់គ្រឹះស្ថានទាំងនោះក្នុងការអនុវត្តតាមគោលការណ៍ណែនាំរបស់ធនាគារជាតិ ដែលធ្វើឲ្យការរៀបចំឥណទានឡើងវិញធ្វើឡើងបានឆាប់រហ័ស។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ទោះបីជាការរៀបចំកម្ចីឡើងវិញត្រូវបានអនុញ្ញាតតាំងពី២០២០ក៏ដោយ ក៏ការអនុវត្តជាក់ស្ដែងអាចមានភាពយឺតយ៉ាវពីសំណាក់អ្នកផ្ដល់កម្ចី ដោយសារវាជាយន្តការថ្មី ឬមួយការដាក់ពាក្យស្នើសុំអាចមានការយឺតយ៉ាវ។
លោកថា ការកើនឡើងនៃការស្នើសុំរៀបចំកម្ចីឡើងវិញ ក៏បង្ហាញពីស្ថានភាពលំបាករបស់ប្រជាពលរដ្ឋដែលជាអ្នកខ្ចីលុយ ដែលបន្តរងឥទ្ធិពលដោយប្រយោលពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សង្គ្រាមនៅមជ្ឈិមបូព៌ា និងឥទ្ធិពលនៃកូវីដ១៩។
លោកយល់ថា ការរៀបចំឥណទានឡើងវិញជួយឲ្យអតិថិជន «ដកដង្ហើមបានស្រួល»៕