រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​យានយន្ត និង​អេឡិចត្រូនិក​នៅ​ក្នុង​ប្រទេស​ដើម្បី​ឱ្យ​ដើរ​ស្រប​នឹង​ការ​វិវឌ្ឍ​របស់​ពិភពលោក តាម​រយៈ​ការ​ជួប​ពិភាក្សា​ជាមួយ​ផ្នែក​ឯកជន និង​អ្នក​ពាក់ព័ន្ធ ​ដើម្បី​ស្វែង​រក​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ក្នុង​ន័យ​អភិវឌ្ឍន៍​វិស័យ​ទាំង ២ ឱ្យ​កាន់​តែ​រីក​ចម្រើន។

ឧប​នាយក​រដ្ឋមន្ត្រី អនុ​ប្រធានទី ១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​​ ​(CDC) លោក ស៊ុន ចាន់ថុល កាល​ពី​ថ្ងៃ​ទី​ ១០ ខែ​តុលា បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ក្រុម​ប្រឹក្សា​ផ្តល់​យោបល់​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​យានយន្ត និង​អេឡិចត្រូនិក (ក.ប.យ.អ.) កម្ពុជា លើក​ទី ២។

កិច្ច​ប្រជុំ​នេះ​មាន​ចូលរួម​ធ្វើ​ពី​ផ្នែក​ឯកជន​ ទាំង ២ គឺ​ លោក ងន សាំង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន RMA (CAMBODIA) PLC. ដែល​ជា​សហ​ប្រធាន​ផ្នែក​យានយន្ត និង លោក Yoshihiro Sakanushi ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន MINEBEA (CAMBODIA) CO., LTD. ដែល​ជា​សហប្រធាន​ផ្នែក​អេឡិចត្រូនិក រួម​នឹង​អ្នក​ពាក់ព័ន្ធ​ប្រមាណ ១០០ រូប។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CDC បាន​ឱ្យ​ដឹង​ថា កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ពិភាក្សា​លើ​ការ​ធ្វើ​អាទិភាវូបនីយកម្ម​លើ​វិធានការ​ដែល​មាន​ចែង​ក្នុង​ផែនទី​បង្ហាញ​ផ្លូវ, ស្ថានភាព​បច្ចុប្បន្ន និងបញ្ហា​ប្រឈម​ក្នុង​វិស័យ​យានយន្ត និង​អេឡិច​ត្រូនិក, និង​ការ​ចូល​រួម​ចំណែក​របស់​ផ្នែក​ឯកជន​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទាំង ២។

លោក ស៊ុន ចាន់ថុល បាន​លើក​ឡើង​ថា កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ផ្តល់​យោបល់​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​យានយន្ត និង​អេឡិច​ត្រូនិក នេះ​ពិត​ជា​មាន​សារៈ​សំខាន់ ព្រោះ​វា​នឹង​ដើរ​តួនាទី​ក្នុង​ការ​គាំទ្រ​ដល់​ការ​អនុវត្ត​ផែនទី​បង្ហាញ​ផ្លូវ ការ​អភិវឌ្ឍ​វិស័យ​យានយន្ត និង​អេឡិច​ត្រូនិក​កម្ពុជា។

ក្នុង​កិច្ច​ប្រជុំ​ខាង​លើ​តំណាង​ផ្នែក​ឯកជន​ក៏​បាន​បង្ហាញ​ពី​ការ​ត្រៀម​លក្ខណៈ​របស់​ខ្លួន​ក្នុង​ការ​ចូលរួម​ជាមួយ​រដ្ឋាភិបាល តាម​រយៈ​ការ​ផ្តល់​ធាតុ​ចូល​នានា សម្រាប់​ពិចារណា​ធ្វើការ​កែលម្អ​ការ​អនុវត្ត និង​ការធ្វើ​អាទិភាវូបនីយកម្ម​វិធានការ​ដែល​មាន​ផល​វិជ្ជមាន និង​អវិជ្ជមាន​ទៅ​លើ​ការ​អភិវឌ្ឍ​វិស័យ​យានយន្ត និង​អេឡិច​ត្រូនិក​កម្ពុជា។

ប្រធាន​សមាគម​បច្ចេកវិទ្យា​ឌីជីថល​នៃ​កម្ពុជា លោក ឈិន កេន បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃទី ១១ ខែតុលា ថា សម្ទុះ​នៃ​ការ​យល់​ដឹង និង​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​នៅ​កម្ពុជា​បាន​កើន​ឡើង​យ៉ាង​លឿន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តាម​រយៈ​កំណើន​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​អេឡិច​ត្រូនិក ដូច​ជា ទូរស័ព្ទ កុំព្យូទ័រ និង​ការ​ធ្វើ​ទំនាក់​ទំនង​តាម​ប្រព័ន្ធ​អនឡាញ​ ជាដើម។

លោក​បន្ត​ថា៖​«​ចំនួន​នៃ​អ្នក​សិក្សា និង​ស្រាវ​ជ្រាវ​ពី​បច្ចេក​វិទ្យា​នៅ​កម្ពុជា ​មាន​ចំនួន​កាន់តែច្រើន​ ខណៈ​ការ​រៀនសូត្រ ការងារ និង​អាជីវកម្ម​ភាគ​ច្រើន​ ពិសេស​ក្នុង​ទីក្រុង ឬ​ទីប្រជុំ​ជន គឺ​ទាមទារ​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​ឱកាស​សម្ពោធ​រោងចក្រ​ដំឡើង​រថយន្ត​ តូយ៉ូតា កាល​ពី​ខែ​ឧសភា ឆ្នាំ​ ២០២៤ បាន​លើក​ឡើង​ថា ​គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ២០២៤​ កម្ពុជា​មាន​រោងចក្រ​ផ្គុំ និង​ដំឡើង​រថយន្ត​ចំនួ​ន ៦ ហើយ ក្នុង​នោះ ​៤ កំពុង​ដំណើរការ និង​ចំនួន ​២ ​ផ្សេង​ទៀត​កំពុង​សាក​ល្បង​ដំណើរការ​ខ្សែ​ច្រវាក់​ផលិត​កម្ម​របស់​ខ្លួន។ រោងចក្រ​ផ្គុំ​ និ​ង​ដំឡើង​រថយន្ត​ទាំង​នោះ​មាន​ទីតាំង​ស្ថិត​នៅ​ខេត្ត​បន្ទាយមានជ័យ ខេត្ត​ពោធិ៍សាត់ ខេត្តកោះកុង ខេត្ត​ស្វាយរៀង ខេត្ត​កណ្ដា​ល​ និង​រាជធានី​ភ្នំពេញ។

លោក​បាន​និយាយ​ថា កម្ពុជា​ក៏​មាន​ចក្ខុ​វិស័យ​ប្រែ​ក្លាយ​ខ្លួន​ជា​មជ្ឈមណ្ឌល​ផ្ដុំ​សកម្មភាព​ផលិត​គ្រឿង​បង្គុំ​យាន​យន្ត និង​បរិក្ខា​អេឡិច​ត្រូនិក ​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់​ និ​ងសកលលោក​ ដែល​ការ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​នេះ​នឹង​នាំមក​នូវ​ជា​ផ្លែផ្កា​វិជ្ជមាន​ជាច្រើន​សម្រាប់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​​ជាតិ។

លោក​បន្ត​ថា ដើម្បី​សម្រេច​បាន​ចក្ខុវិស័យ​នេះ ផែនទី​បង្ហាញ​ផ្លូវ​ការ​អភិវឌ្ឍ​វិស័យ​យានយន្ត​ និង​អេឡិច​ត្រូនិក​កម្ពុជា គឺ​ពិត​ជា​មាន​សារសំខាន់​ណាស់។ ចំណុច​អាទិភាព​ដែល​ត្រូវ​ធ្វើ​មាន​ដូច​ជា ១.ការ​យុទ្ធសាស្ត្រ និង​ការ​សម្រប​សម្រួល​អន្តរ​ស្ថាប័ន ២. ធនធាន​មនុស្ស​ និង​នវានុវត្តន៍ ៣. ហេដ្ឋា​រចនា​សម្ព័ន្ធ ៤. កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ ៥. បរិកាស​ធុរកិច្ច ​និងការ​វិនិយោគ​ ។​

បច្ចុប្បន្ន​ក្រៅពី​រោងចក្រ​ផ្គុំ​ និង​ដំឡើង​រថយន្ត​​ នៅ​កម្ពុជា​បច្ចុប្បន្ន​ក៏​មាន​រោងចក្រ​ផលិត​គ្រឿង​បង្គុំ​អេឡិច​ត្រូនិក ជា​ច្រើន​ផងដែរ​៕