ក្រុមអ្នកជំនាញ ដែលជាវាគ្មិនមកពីធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៤ទៀត បានរួមគ្នាចែករំលែកចំណេះដឹង និងបទពិសោធន៍លើការងារវិស័យធនាគារ ទៅដល់ក្រុមសិស្សនិស្សិតប្រមាណ ៣០០នាក់ តាមរយៈវេទិកាស្តីពីអាជីពការងារក្នុងវិស័យធនាគារ ឆ្នាំ២០២៤ និងការរៀបចំការតាំងពិព័រណ៍ការងារ នៅវិទ្យាស្ថានខេមអេដ។
ចំពោះវេទិកាស្តីពីអាជីពការងារក្នុងវិស័យធនាគារ ឆ្នាំ២០២៤ និងការរៀបចំការតាំងពិព័រណ៍ការងារ ដែលរៀបចំឡើងដោយវិទ្យាស្ថានខេមអេដ កាលពីថ្ងៃទី១០ ខែតុលានេះ គឺផ្តោតទៅលើប្រធានបទ «ការអភិវឌ្ឍន៍ប្រព័ន្ធឌីជីថល និងនិន្នាការក្នុងវិស័យធនាគារ នៅក្នុងប្រទេសកម្ពុជា» ហើយក្រៅពីក្រុមនិស្សិត ក៏មានការចូលពីខាងធនាគារ និងក្រុមហ៊ុននានាចំនួន២២ទៀតផងដែរ។
លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ បានថ្លែងទៅកាន់វេទិកាទាំងមូលថា ប្រព័ន្ធធនាគារនៅប្រទេសកម្ពុជា ពិតជាបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសនៅមុនកំឡុងវិបត្តិកូវីដ១៩ ដែលប្រទេសកម្ពុជា មានកំណើនសេដ្ឌកិច្ចប្រហែល៧ភាគរយ ហើយ «នេះជាកំណើនមួយ ដែលលឿនបំផុតនៅក្នុងពិភពលោក»។
ជាមួយគ្នានេះ លោក ខេស៊ី បានកោតសសើរចំពោះធនាគារជាតិនៃកម្ពុជា ទៅលើការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងប្រព័ន្ធធនាគារ និងសមត្ថភាពក្នុងការគ្រប់គ្រង អត្រាអតិផរណាឱ្យស្ថិតនៅកម្រិតប្រែប្រួលតិច។
ចំណែកលោក អ៊ុក សារ៉ាត អគ្គនាយករងប្រតិបត្តិការ និងជាប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់នៃធនាគារជាតិនៃកម្ពុជា បានចំណាយពេលជិតកន្លះម៉ោង ដើម្បីបរិយាពីស្ថានភាពពិត និងរបត់នៃការប្រែប្រួល ដែលកើតមានឡើងនៅក្នុងវិស័យធនាគារ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ជាពិសេសលោកបានសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍន៍ប្រព័ន្ធឌីជីថល និងនិន្នាការ ដែលកំពុងកើនឡើងនៅក្នុងវិស័យធនាគារនៅកម្ពុជា នាពេលបច្ចុប្បន្ន។
លោក សារ៉ាត បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា បានបង្កើតឱ្យមានប្រព័ន្ធឌីជីថលទូទាត់រួមមួយ ដែលហៅថា «បាគង» ដើម្បីកាត់បន្ថយការចំណាយនៅពេលទូទាត់ឆ្លងធនាគារ និងបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងរហ័សជាងមុន។ លើសពីនេះ ធនាគារជាតិនៃកម្ពុជា បានតភ្ជាប់ប្រព័ន្ធឌីជីថល បាគង ទៅកាន់ប្រទេសផ្សេងៗ តាមលក្ខណ:ឯកតោភាគី និងពហុភាគីជាមួយនឹងប្រទេស ថៃ ឡាវ ម៉ាឡេស៊ី និង វៀតណាម និងប្រព័ន្ធទូទាត់ Union Pay និង Alipay របស់ប្រទេសចិន។
ដោយឡែក វាគ្មិនចំនួន៤រូបទៀត ដែលមកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត, ធនាគារវឌ្ឍនៈ អាស៊ីចំកាត់ (ABA Bank), ធនាគារវីង និងធនាគារមេយប៊ែង ក៏បានចែករំលែកពីបទពិសោធន៍ និងតួនាទីទំនួលខុសត្រូវរបស់ប្រធានផ្នែកហិរញ្ញវត្ថុ នៅក្នុងការរក្សាស្ថិរភាពធនាគារ សវនកម្មផ្ទៃក្នុង ការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងហានិភ័យរបស់ធនាគារ ទៅដល់អ្នកចូលរួមទាំងអស់ នៅក្នុងវេទិកាស្តីពីអាជីពការងារក្នុងវិស័យធនាគារ ឆ្នាំ២០២៤ កាលពីថ្ងៃព្រហស្បតិ៍នោះដែរ។
សម្រាប់ការចែករំលែកចំណេះជំនាញ និងបទពិសោធន៍របស់វាគ្មិនសំខាន់ៗមកពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង៥នេះ ត្រូវបានក្រុមនិស្សិត ដែលបានចូលរួមផ្ទាល់ ចាត់ទុកថា ជាមេរៀន និងជាបទពិសោធន៍យ៉ាងសំខាន់ សម្រាប់ពួកគេបានយល់ដឹងកាន់តែច្បាស់ពីស្ថានភាពពិតនៃវិស័យធនាគារ នៅក្នុងប្រទេសកម្ពុជា។
និស្សិតឆ្នាំទី២នៃវិទ្យាស្ថានខេមអេដ លី ស្រីមាស ដែលបានចូលរួមនៅក្នុងវេទិកាស្តីពីអាជីពការងារក្នុងវិស័យធនាគារ ឆ្នាំ២០២៤ កាលពីថ្ងៃព្រហស្បតិ៍នោះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ដោយសាវាគ្មិនទាំងអស់ សុទ្ធតែជាសិស្សច្បង មានបទពិសោធន៍ច្រើន និងមកពីធនាគារល្បីៗ អ៊ីចឹងពួកគាត់បានផ្តល់គំនិត និងបទពិសោធន៍ល្អៗដល់ពួកខ្ញុំជាសិស្ស ដែលទៅថ្ងៃអនាគត នឹងត្រូវដើរនៅលើវិស័យធនាគារហ្នឹងផ្ទាល់»។
និស្ស័យវ័យ១៩ឆ្នាំនេះរូបនេះ បានឱ្យដឹងទៀតថា ការសិក្សានៅក្នុងសាលា ក៏មានមេរៀនទាក់ទងទៅនឹងវិស័យធនាគារហ្នឹងខ្លះដែរ ប៉ុន្តែការទទួលបានចំណេះដឹងបន្ថែមពីអ្នកជំនាញ ដែលបានបំពេញការងារលើជំនាញនេះផ្ទាល់ វាជារឿងមេរៀនដ៏សំខាន់ ក្នុងការជួយឱ្យក្រុមនិស្សិត អាចឈានទៅទទួលបានជោគជ័យ ក្នុងការបំពេញការងារលើវិស័យធនាគារនេះ នៅពេលរៀនចប់។
ស្រីមាស បានបញ្ជាក់ថា៖ «នៅក្នុងសាលាពួកយើងក៏បានរៀនខ្លះមេរៀនហ្នឹងខ្លះដែរ ប៉ុន្តែចំណេះដឹង និងបទពិសោធន៍ ដែលយើងទទួលបានពីវាគ្មិនលើកនេះ គឺជាការបង្ហាញនូវស្ថានភាពពិតជាក់ស្តែង នៅក្នុងអាជីពការងារក្នុងវិស័យធនាគារ អ៊ីចឹងបន្ទាប់ពីបានស្តាប់ពួកគាត់ហើយ ធ្វើឱ្យពួកខ្ញុំជានិស្សិតបានដឹងពីអ្វីទៅជាបញ្ហា និងផលលំបាក ដែលកើតមានក្នុងវិស័យនេះ ហើយយើងត្រូវត្រៀមខ្លួន និងដោះស្រាយបែបណា នៅពេលជួបបញ្ហាទាំងអស់នោះ ដើម្បីឈានទៅទទួលបានជោគជ័យ ក្នុងការបំពេញការងារ នៅលើវិស័យហ្នឹង នាពេលអនាគេត»៕