ភ្នំពេញៈ ចំណង​មិត្តភាព​ និង​កិច្ច​ខិតខំ​ទាក់​ទាញ​វិនិយោគិន​ចិន​ឱ្យ​ចូល​មកបណ្តាក់​ទុន​​ផ្ទាល់​នៅ​កម្ពុជា បាន​ជំរុញ​ឱ្យ​ទឹក​ប្រាក់​នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ កើន​ឡើង​ជា​បន្ត​បន្ទាប់ ដោយ​ក្នុង​រយៈពេល ៩ ​ខែ​ដើម​ឆ្នាំ​ ២០២៤ សម្រេច​បាន​ក្នុង​ទឹក​ប្រាក់​ជាង ១១ ពាន់​លាន​ដុល្លារ កើន​ឡើង​ជាង ២០​ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០២៤។

ទិន្នន័យ​កត់​ត្រា​ដោយ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ឱ្យ​ដឹង​ថា ប្រទេស​ចិន គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​កម្ពុជា ដោយ​គិត​ពី​ដើម​ខែ​មករា ដល់​ដំណាច់​ខែ​កញ្ញា ឆ្នាំ ​២០២៤ ការ​ផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ មាន​ទឹក​ប្រាក់​សរុប ១១,១៥ ពាន់​លាន​ដុល្លារ កើន​ឡើង ២២,៥ ​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២៣ ដែល​មាន​ចំនួន​ ៩,១ ពាន់​លាន​ដុល្លារ​។ 

ក្នុង​ចំនួន​នេះ គឺ​ទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិន​ចំនួន ១,២៨ ពាន់​លាន​ដុល្លារ កើន​ ២០,៨ ភាគរយ ចំណែក​ទំនិញ​ចិន​នាំ​មក​កម្ពុជា ៩,៨៧​ ពាន់​លាន​ដុល្លារ កើន​ឡើង ២២,៧ ​ភាគរយ។ ផ្អែក​តាម​តួលេខ​នេះ គឺ​ជញ្ជីង​ពាណិជ្ជកម្ម​របស់​កម្ពុជា​មាន​ឱនភាព​ប្រមាណ ៨,៥៩ ​ពាន់​លាន​ដុល្លារ ខណៈ​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២៣ មាន​ចំនួន​ ៦,៩៨ ​ពាន់​លាន​ដុល្លារ។

សម្រាប់​ខែ​កញ្ញា ឆ្នាំ​ ២០២៤ ទឹក​ប្រាក់​នៃ​ការ​នាំចេញ ​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ២ មាន​ចំនួន ១,០៧ ពាន់​លាន​ដុល្លារ កើន​ឡើង ៦,៤ ភាគរយ​ធៀប​ខែ​កញ្ញា ឆ្នាំ ២០២៣ ដោយ​ទំនិញ​កម្ពុជា​នាំ​ចេញ​មាន​ទឹក​ប្រាក់ ១២៩,១ លាន​ដុល្លារ កើន ៨,៤​ ភាគរយ ខណៈ​ប្រទេស​ចិន​នាំ​ចូល ៩៤១,៦២ លាន​ដុល្លារ កើន​ឡើង ៦,១ ភាគរយ។

អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-ចិន លោក ឡោ វិចិត្រ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃទី ១៤ ខែតុលា​ថា ការ​កើន​ឡើង​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-​ចិន គឺ​ដោយ​សារ​កត្តា​មួយ​ចំនួន​ដូច​ជា ភាព​ល្អ​ប្រសើរ​នៃ​ទំនាក់​ទំនង​ការទូត​នៃ​ប្រទេស​ទាំង ២, ប្រទេស​ចិន​មាន​វត្ថុធាតុដើម​ និង​គ្រឿងផ្សំ​ដែល​មាន​តម្លៃ​ប្រកួត​ប្រជែង​ជាច្រើន​ស្របនឹង​តម្រូវការ​របស់​កម្ពុជា និង​កម្ពុជា​គឺ​ជា​ទីតាំង​មាន​សក្តានុពល​សម្រាប់​ការ​បណ្តាក់​ទុន។

លោក​បាន​ពន្យល់​ថា កំណើន​ទឹកប្រាក់​នាំចេញ​នាំចូល​ទំនិញ​ប្រទេស​ទាំង ២ ក៏​ទទួល​បាន​ផល​វិជ្ជមាន​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហា​អំណាច​ធំៗ​(​ចិន អាមេរិក ព្រម​ទាំង​តំបន់​អ៊ឺរុប) ដែល​ជំរុញ​ឱ្យ​រោងចក្រ​មួយ​ចំនួន​នៅ​ប្រទេស​ចិន​ប្តូរ​ទីតាំង ឬពង្រីក​ទីតាំង​ផលិត​នៅ​​ប្រទេស​ផ្សេង​ៗរួម​ទាំង​កម្ពុជា​ ដើម្បី​គេច​ចេញ​ពី​សម្ពាធ​ផ្នែក​នយោបាយ និង​ពន្ធគយ ជាដើម។

លោក​ថ្លែង​ថា៖ ​«​ខ្ញុំ​មើល​ឃើញ​ថា ទំហំ​​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ នឹង​បន្ត​កើន​ឡើង​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ។ ប្រទេស​ចិន​នឹង​នៅ​តែ​ជា​ប្រភព​នៃ​ការ​ផ្គត់ផ្គង់​វត្ថុធាតុ​ដើម​សំខាន់​សម្រាប់​ចង្វាក់​ផលិតកម្ម​របស់​​កម្ពុជា»។

ទាក់​ទង​ចំនួន​ទឹក​ប្រាក់​ដែល​កម្ពុជា​នាំចូល​ទំនិញ​ពី​ប្រទេស​ចិន​ក្នុង​ចំនួន​ដ៏​ច្រើន លោក វិចិត្រ បាន​លើក​ឡើង​ថា ចាប់​តាំង​ពី​ចិន​ក្លាយ​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​(WTO) ក្នុង​ឆ្នាំ ​២០០១ ការ​នាំចេញ​ទំនិញ​របស់​ប្រទេស​ចិន បាន​ស្ទុះ​ឡើង​ស្ទើរ​គ្រប់​គោល​ដៅ​ទូទាំង​ពិភពលោក​។ សម្រាប់​កម្ពុជា​ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ចិន​ច្រើន គឺ​ដោយសារ​កម្ពុជា​ខ្វះ​វត្ថុធាតុ​ដើម​ ដែល​ជា​ធាតុ​ផ្សំ​សម្រាប់​កែច្នៃ​ជា​ផលិត​ផល​សម្រេច ដើម្បី​នាំ​ចេញ​ទៅ​លក់​បន្ត​នៅ​ទីផ្សារ​អន្តរជាតិ។

លោក​លើក​ឡើង​ទៀត​ថា ទន្ទឹម​នឹង​ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ចិន​ច្រើន កម្ពុជា​ក៏​បាន​ទាក់​ទាញ​វិនិយោគិន​ចិន​ឱ្យ​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា​លើ​វិស័យ​ចម្រុះ​ជាច្រើន​ផងដែរ។

លោក​បាន​បញ្ជាក់​ថា៖​«កត្តា​ភូមិសាស្រ្ត​នយោបាយ​ពិភពលោក ព្រម​ទាំង​លក្ខណៈ​អំណោយ​ផល​នៃ​ទីតាំង​ភូមិសាស្រ្ត​ ច្បាប់​វិនិយោគ ... និង​កម្លាំង​ពលកម្ម​ជំនាញ​មាន​តម្លៃ​សមរម្យ បាន​ជួយ​ឱ្យ​កម្ពុជា​ទាក់​ទាញ​វិនិយោគិន​អន្តរជាតិ ពិសេស​ជន​ជាតិ​ចិន​ជា​ច្រើន​ឱ្យ​ចូល​មក​បើក​រោងចក្រនៅ​កម្ពុជា»។

ជំនួប​រវាង​ថ្នាក់​ដឹកនាំ CDC ជា​មួយ​វិនិយោគិនចិន នៅទីស្តីការ CDC កាលពី​ចុង​សប្តាហ៍មុន។ CDC

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពហុភាគី គឺ​ជា​ការ​រួម​ចំណែក​ក្នុង​ការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម

សេដ្ឋវិទូ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាននិយាយ​ថា ទឹក​ប្រាក់​នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​កម្ពុជា-ចិន​​កើន​ឡើងដោយ​សារ​ភាព​ល្អ​ប្រសើរ​នៃ​ទំនាក់​ទំនង​ការទូត ខណៈ​ប្រទេស​ទាំង​២ ក៏​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេភាគី​ជា​មួយ​គ្នា​ (CCFTA) និង​ជា​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​ (RCEP) ផង​ដែរ​។​ 

លោក​បន្ត​ថា ខណៈ​ប្រទេស​ចិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ប្រភព​ផ្គត់​ផ្គង់​វត្ថុធាតុ​ដើម និង​ទំនិញ​ដ៏​ធំ​លើ​ពិភព​លោក​នោះ ដូច្នេះ​ចិន​នឹង​នៅ​បន្ត​ជា​ប្រភព​ផ្គត់​ផ្គង់​ទំនិញ​ដ៏​សំខាន់​របស់​កម្ពុជា​ ជា​ពិសេស​វត្ថុធាតុ​ដើម​ក្នុង​ផលិតកម្ម​វាយនភណ្ឌ​ដើម្បី​ឱ្យ​កម្ពុជា​យក​ទៅ​កែច្នៃ​ជា​ផលិត​ផល​សម្រេច​សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរ​ជាតិ។

លោក​បញ្ជាក់​ថា៖​«​រយៈ​ពេល​ជា​យូរ​មក​ហើយ​ដែល​ប្រទេស​ចិន គឺ​ជា​ប្រភព​សំខាន់​នៃ​ការ​ផ្គត់​ផ្គង់​វត្ថុធាតុ​ដើម ឬ​គ្រឿង​ផ្សំ​ផ្សេង​ៗ​ឱ្យ​រោងចក្រ/​សហគ្រាស​នៅ​កម្ពុជា។ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ នឹង​បន្ត​កើន​ឡើង​ថែម​ទៀត​នា​ពេល​ខាង​មុខ»។

ទាក់​ទង​នឹង​ការ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ចិន អ្នក​សេដ្ឋកិច្ច​ខាង​លើ​បាន​អះអាង​ថា ដោយ​សារ​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដូច្នេះ​ទំនិញ​ដែល​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិន​ភាគ​ច្រើន​ជា​ផលិត​ផល​កសិកម្ម និង​ធនធាន​ធម្ម​ជាតិ។

ភាគ​ច្រើន​ទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិន គឺ​ជា​ផលិត​ផល​កសិកម្ម និង​វាយន​ភណ្ឌ ចំណែក​ការ​នាំ​ចូល​របស់​ចិន គឺ​មាន​ផលិត​ផល​ចម្រុះ​ជា​ច្រើន​ដូច​ជា វត្ថុធាតុ​ដើម​សម្រាប់​វិស័យ​វាយន​ភណ្ឌ គ្រឿង​សំណង់ រថយន្ត គ្រឿង​ម៉ាស៊ីន ឧបករណ៍​អេឡិច​ត្រូនិក អគ្គិសនី ឱសថ ចំណី​អាហារ ថ្នាំ​គីមី​កសិកម្ម ជា​ដើម។ នេះ​បើ​តាម​លោក ហុង វណ្ណៈ។

កម្ពុជា​ខិតខំ​បង្កើន​ការ​ទាក់​ទាញ​វិនិយោគិន​ចិន​ឱ្យ​ចូល​មក​បណ្តាក់​ទុនផ្ទាល់

នៅ​ទីស្តីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា លោក ជា វុទ្ធី អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈ​ប្រតិភូ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​ចំនួន ៦ ដែល​មាន​សកម្មភាព​វិនិយោគ​ក្នុង​វិស័យ​ថាមពល, ឧស្សាហកម្ម, សេវាប្រឹក្សា​ក្នុង​វិស័យ​វិស្វកម្ម​សំណង់ និង​ពាណិជ្ជកម្ម​អន្តរជាតិ ព្រម​ទាំង​សភា​ពាណិជ្ជកម្ម​ក្រុង Xinyang ខេត្ត Henan​ ដែល​ដឹកនាំ​ដោយ លោក ហេង ទី ទីប្រឹក្សា​ក្រុមហ៊ុន Zhongjian Yongfeng New Energy Resources Technology Co., Ltd ។

ក្នុង​ជំនួប​នោះ លោក ជា វុទ្ធី បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ ដែល​បាន​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​មក​ធ្វើ​ទស្សនកិច្ច​សិក្សា​ដោយ​ផ្ទាល់​នៅ​កម្ពុជា ដើម្បី​ស្វែង​យល់​ពី​កាលានុវត្តភាព​វិនិយោគ និង​សក្តានុពល​វិនិយោគ​របស់​កម្ពុជា ខណៈ​បច្ចុប្បន្ន​ប្រទេស​ចិន​គឺ​ជា​ប្រភព​ទុន​វិនិយោគ​ធំ​ជាង​គេទី ១ នៅ​កម្ពុជា។

លោក​បាន​ប្រាប់​ថា​ ​រាជ​រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​ពេញ​ទំហឹង​ទៅ​លើ​ការ​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា​ ពិសេស​លើ​ថាមពល​ស្អាត។ 

ជាមួយ​គ្នា​នេះ​លោក​ក៏​ស្នើ​ឱ្យ​គណៈ​ប្រតិភូ​ចិន ពិចារណា​លើ​ការ​វិនិយោគ​ក្នុង​វិស័យ​កសិ- ​ឧស្សាហកម្ម ដោយ​សារ​កម្ពុជា​មាន​សក្តានុពល​ខ្ពស់​ក្នុង​វិស័យ​កសិកម្ម និង​មាន​ដំណាំ​យុទ្ធសាស្ត្រ​ជាច្រើន​រួម​មានស្រូវ ដំឡូងមី និង​ស្វាយចន្ទី ជាដើម ព្រម​ទាំង​ពិចារណា​លើ​ការ​វិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ផងដែរ។

លោក​ថ្លែង​ថា៖​«​ថ្នាក់​ដឹកនាំ រួមទាំង​មន្ត្រី​ទាំង​អស់​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​មាន​សេចក្តី​សោនស្ស​រីករាយ​រង់ចាំ​ផ្តល់​កិច្ច​សម្រួល​ទាំង​ឡាយ​នៅ​គ្រប់​ជំហាន​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​វិនិយោគ​នៅ​កម្ពុជា​ជូន​ក្រុមហ៊ុន»។

ទុន​វិនិយោគមក​ពី​ប្រទេស​ចិន ឈរនៅលើគេ​នៅប្រទេស​​កម្ពុជា

យោង​តាម​ធនាគារ​ជាតិ​នៃ​កម្ពុជា​(NBC) គិត​ត្រឹម​ត្រីមាស​ទី ​១ ឆ្នាំ ​២០២៣ ទុន​វិនិយោគ​របស់​ជន​ជាតិ​ចិន បាន​នាំ​មុខ​គេ​ក្នុង​ការ​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ ដោយ​មាន​ចំណែក​ប្រមាណ ៤៥​ភាគ​រយនៃ​ចំនួន​សរុប ១៨៥,៧​ទ្រីលាន​រៀល តាម​ពី​ក្រោយ​ដោយ​វិនិយោគិន​កូរ៉េខាង​ត្បូង, សិង្ហបុរី, ជប៉ុន វៀតណាម ម៉ាឡេស៊ី និង​ថៃ។

កាលពីឆ្នាំ ​២០២៣ ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​កម្ពុជា-​ចិន មាន​ទឹក​ប្រាក់​សរុប ១២,២៦​ពាន់​លាន​ដុល្លារ កើន​ឡើង ៥​ភាគ​រយ​បើ​ធៀប​ឆ្នាំ​២០២២ ក្នុង​នោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​ប្រទេស​ចិន​ ១,៤៨​ពាន់​លាន​ដុល្លារ កើន​ឡើង​ ១៩,២​ភាគ​រយ និង​ទំនិញ​ចិន​នាំ​មក​កម្ពុជា​ ១០,៧៩​ពាន់​លាន​ដុល្លារ កើន ៣,៣​ភាគ​រយ​។ នេះ​បើ​យោង​តាម GDCE៕