រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​ការ​នាំ​ប្រទេស​កម្ពុជា​ឱ្យ​ចាកចេញ​ពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ក្នុង​ឆ្នាំ ២០២៩ បើ​ទោះបី​ជា​ដឹង​ថា ការ​ចាកចេញ​ពី​ឋានៈ​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​មុខ​នឹង​ផល​ប៉ះពាល់​​អវិជ្ជមានជា​ច្រើន​ដូច​ជា ការ​បាត់បង់​ភាព​អនុ​គ្រោះ​ពន្ធ​គយ និង​វិធាន​ដើម​កំណើត​ទំនិញ​កាន់​តែ​រឹត​ត្បិត​ជាង​មុន ដែល​នឹង​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ភាព​ប្រកួត​ប្រជែង​របស់​ទំនិញ​កម្ពុជា​លើ​ទីផ្សារ​អន្តរជាតិ។ យុទ្ធសាស្រ្ត​សំខាន់​ៗ​ចំនួន ៨ ត្រូវ​បាន​ក្រសួង​ពាណិជ្ជកម្ម​កំណត់​ជា​អាទិភាព​សម្រាប់​ពេល​ខាង​មុខ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោកស្រី ចម និម្មល ក្នុង​ឱកាស​ក្នុង​ពិធី​អបអរ​សាទរ​ខួប ២០ ឆ្នាំ នៃ​កម្ពុជាចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO) ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ សុខា​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃទី​១៤ ខែតុលា បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO) ចាប់​តាំង​ពី​ឆ្នាំ​ ២០០៤ កម្ពុជា​បាន​ទទួល​​ផ្លែផ្កា​ជាច្រើន​ក្នុង​ការ​ធ្វើ​សមាហរណ​កម្ម និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ខ្លួន​ឱ្យ​មាន​កំណើន​រឹង​មាំ​ដូច​ពេល​បច្ចុប្បន្ន​។

សម្រាប់​សមិទ្ធផល​ធំៗ​ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ ​មាន​ដូច​ជា ផលិតផល​ក្នុង​ស្រុក​សរុប​(GDP) បាន​កើន​ឡើង​ពី​ប្រមាណ ៥,៣ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០២៤ ដល់ ២៩,៦១ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២២, រយៈពេល ២ ទសវត្សរ៍​ចុង​ក្រោយ​នេះ​អត្រា​ភាពក្រីក្រ​បាន​ធ្លាក់ចុះ​ជា​លំដាប់​ក្នុង​អត្រា​មធ្យម​ប្រចាំ​ឆ្នាំ ១,៦ ភាគរយ ពី ៦០ ភាគរយ​ក្នុង​ឆ្នាំ ២០០០ មក​ត្រឹម ១៦ ភាគរយ ក្នុង​ឆ្នាំ ២០២២ ហើយសេដ្ឋកិច្ច​កម្ពុជា​បាន​កើន​ឡើង​ជាង ៧ ភាគរយ​ក្នុង​មួយ​ឆ្នាំ។

លោកស្រីបន្ត​ថា កំណើន​ដ៏​ខ្ពស់​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ចាកចេញ​ពី​ឋានៈ​ជា​ប្រទេស​ក្រីក្រ និង​បាន​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ ២០១៥, ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​កើន​​ពី ១១០ លាន​ដុល្លារ នៅ​ឆ្នាំ ២០០០ រហូត​ដល់ ៤,៩ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៣។ ជាមួយ​គ្នា​នេះ​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​មាន​ប្រមាណ ៤,៥ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០០៤ ហើយ​បាន​កើន​ឡើង​ជា​បន្តបន្ទាប់​រហូត​ដល់ ៤៧,៨៨ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៣ ក្នុង​នោះ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​មាន​ប្រមាណ ២៣,៤៧ ពាន់​លាន​ដុល្លារ។

លោកស្រី​បាន​បន្ថែមទៀត​ថា ជាមួយ​នឹង​សមិទ្ធផល​ដែល​សម្រេច​បាន​ដ៏​ច្រើន​នា​ពេល​កន្លង​មក​ កម្ពុជា​ក៏​ត្រូវ​បាន​គណៈ​កម្មាធិការ​គោល​នយោបាយ​អភិវឌ្ឍន៍​របស់​អង្គការ​សហ​ប្រជាជាតិ ផ្តល់​អនុសាសន៍​ឱ្យ​ចាក​ចេញ​ពី​ចំណាត់​ថ្នាក់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​ ២០២៩ បន្ទាប់​ពី​កម្ពុជា​បាន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​នេះ​តាំង​ពី​ឆ្នាំ​ ១៩៩១។​

លោកស្រី​លើក​ឡើង​ថា ទោះបី​សមិទ្ធផល​ដែល​សម្រេច​បាន​នា​ពេល​កន្លង​មក​មាន​ច្រើន​ឥត​គណនា ប៉ុន្តែ​ផែនការ​ក្នុង​ការ​ចាក​ចេញ​ពី​ឋានៈ​ជា​ប្រទេស​​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​ ២០២៩ ក៏​អាច​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​រង​នៅ​ផល​ប៉ះពាល់​មួយ​ចំនួន​ផងដែរ​ដូចជា ការ​ប្រឈម​នឹង​ការ​បាត់បង់​ភាព​អនុគ្រោះ​ពន្ធគយ និង​វិធាន​ដើម​កំណើត​ទំនិញ​កាន់​តែ​រឹតត្បិត​ជាង​មុន ដែល​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ភាព​ប្រកួត​ប្រជែងរបស់​កម្ពុជា​ក្នុង​ទីផ្សារ​សំខាន់ៗ។

លោកស្រី​បាន​អះអាង​ថា៖​«ទោះ​យ៉ាង​ណា​​កម្ពុជា​ចាំបាច់​ត្រូវ​ប្រែក្លាយ​បញ្ហា​ប្រឈម​ទាំង​នេះ​ជា​កាលានុវត្ត​ភាព​ក្នុង​ការ​ពង្រឹង និង​ជំរុញ​បន្ថែម​នូវ​សមត្ថភាព​ប្រកួត​ប្រជែង​ការ​ចូលរួម​ក្នុង​ច្រវាក់​ផ្គត់ផ្គង់​តំបន់ និង​ច្រវាក់​តម្លៃ​សកល​ តាម​រយៈការ​ធ្វើ​ពិពិធកម្ម​ទីផ្សារ និង​បង្កើន​ភាព​ប្រកួត​ប្រជែង, ការ​ពង្រីក​មូលដ្ឋាន​ផលិតកម្ម, ការ​បង្កើន​តម្លៃ​បន្ថែម, ការ​តភ្ជាប់​ខ្សែច្រវាក់​តម្លៃ​និង​ផ្គត់ផ្គង់​សកល, ពង្រឹង​កិច្ច​សម្រួល​ពាណិជ្ជកម្ម, ព្រមទាំង​បង្កើន​ការ​ទាក់​ទាញ​វិនិយោគ​ក្នុង​ឧស្សាហ​កម្ម​ថ្មីៗ ដែល​ជា​មូលដ្ឋាន​នៃ​ការ​គាំទ្រកំណើន​ប្រកប​ដោយ​ចីរភាព​និង​ភាព​ធន់ ដែល​កិច្ចការ​ទាំង​នេះ​ត្រូវ​បាន​ដាក់​ចេញ​នៅ​ក្នុង​ផ្នែក​បរិស្ថាន​គ្រប​ដណ្តប់​បញ្ចកោណ​ទី២ និង​បញ្ចកោណ​ទី៣ នៃ​យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់​កាលទី ១ ដែលក្រសួង ពាណិជ្ជកម្ម និង​ក្រសួង-​ស្ថាប័ន​ពាក់ព័ន្ធ​បាននិងកំពុង​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន។

ក្រុមហ៊ុន​ផលិតសម្បកកង់​រថយន្ត​កាន់​តែ​ច្រើន​បាន​ចូល​មក​បើក​រោងចក្រ​នៅកម្ពុជា។ សហការី

តើ​រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​យុទ្ធសាស្រ្ត និង​ត្រៀម​ខ្លួន​បែប​ណា​ខ្លះ​សម្រាប់​ឆ្នាំ​២០២៩?

ដើម្បី​ត្រៀម​ដោះស្រាយ​បញ្ហា​ប្រឈម និង​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​បរិបទ​ថ្មី ក្រសួង​ពាណិជ្ជកម្ម​បាននិង​កំពុង​រៀបចំ និង​អនុវត្ត​យុទ្ធសាស្ត្រ ដូច​ខាង​ក្រោម៖

១. អនុវត្ត​យុទ្ធសាស្ត្រ​ទាញ​យក​ផល​ប្រយោជន៍​ជា​អតិបរមា​នៃ​កិច្ច​ព្រមព្រៀង​សេរី រួម​មាន កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​បូក​មួយ កិច្ច​ព្រមព្រៀង អាសិប និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ដូចជា កម្ពុជា-ចិន កម្ពុជា-កូរ៉េខាងត្បូង និង កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម

២. បន្ត​ការ​ចរចា​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ដែល​មាន​សក្តានុពល ដើម្បី​បន្ត​ពង្រីក​ទីផ្សារ​ថ្មី និង​ពង្រឹង​មូលដ្ឋាន​នាំ​ចេញ​របស់​កម្ពុជា​ឱ្យ​កាន់​តែ​មាន​ភាពធន់ និងទូលាយ​ជាង​មុន ដោយ​ត្រៀម​សម្រប​សម្រួល និង​រក​ដំណោះស្រាយ​លើ​បញ្ហា​ថ្មីៗ សម្រាប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្រិត​ខ្ពស់

៣. ចូលរួម​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូបកម្ពុជា ២០២២-២០២៧

៤. ពង្រឹង​អភិបាល​កិច្ច​វិស័យ​ឯកជន និង​បន្ត​កិច្ច​ប្រឹងប្រែង​លើក​កម្ពស់​បរិយាកាស​អំណោយ​ផល សម្រាប់​ធុរកិច្ច ការ​វិនិយោគ និង​ពាណិជ្ជកម្ម តាម​រយៈ​ការ​ផ្តល់​នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម ការ​ផ្តល់​សេវា​ពាណិជ្ជកម្ម​ឱ្យ​កាន់​តែ​រហ័ស និង​មាន​ភាព​ងាយ​ស្រួល​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ប្រកប​ដោយ គុណភាព ប្រសិទ្ធភាព និង​តម្លាភាព

៥. ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក និង​ធុរកិច្ច​ឌីជីថល តាម​រយៈ​ការ​រៀបចំ​ថ្នាល​ទីផ្សារ តាម​អនឡាញ និង​ការ​រៀបចំ​គោល​នយោបាយ​ពាណិជ្ជកម្ម​ឌីជីថល

៦. ពង្រឹង​ពាណិជ្ជកម្ម​ក្នុង​ស្រុក​តាម​រយៈ​ការ​លើក​កម្ពស់​ការអភិវឌ្ឍ និង​កែច្នៃ​ផលិតផល​សម្រាប់​ផ្គត់​ផ្គង់តម្រូវការ​ក្នុង​ស្រុក និង​ការ​នាំ​ចេញ

៧. បន្ត​រៀបចំ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ គោល​នយោបាយ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម

៨. សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ អនុវត្ត​គម្រោង​សិក្សា​ស្រាវជ្រាវ​លម្អិត​ពី​ផល​ប៉ះពាល់​លើ​ពាណិជ្ជកម្ម និង​យុទ្ធសាស្ត្រ​របស់​កម្ពុជា​សម្រាប់​ការ​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដោយ​រលូន​ព្រមទាំង​រៀបចំ​ផែនទី​បង្ហាញ​ផ្លូវ និង​ផែនការ​សកម្មភាព​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ទាំង​នោះ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្តភាព បរិយាបន្ន និង​ភាពធន់។

សេដ្ឋវិទូ​មាន​សុទិដ្ឋិនិយម​ចំពោះ​សមិទ្ធផល​នៃ​កំណើន​សេដ្ឋកិច្ច​ដែល​កម្ពុជា​សម្រេច​បាន​នា​ពេល​កន្លង​មក​

អ្នក​សេដ្ឋកិច្ច និង​ជា​សាស្ត្រាចារ្យ​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល លោក​បណ្ឌិត ឌុច ដារិន្ទ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១៤ ខែ​តុលា ថា ការ​ផ្លាស់ប្តូរ​របស់​កម្ពុជា​ពី​ស្ថានភាព​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ថ្ងៃ​អនាគត មិន​ត្រឹម​តែ​ជា​សក្ខីភាព​មួយ​ចំពោះ​សមិទ្ធផល​សេដ្ឋកិច្ច​របស់​កម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក៏​ជា​ការ​ផ្លាស់ប្តូរ​ជា​យុទ្ធសាស្ត្រ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍប្រកប​ដោយ​និរន្តរភាព​យូរ​អង្វែង និង​បន្ត​ពង្រឹង​ឯករាជ្យ​ភាព​ផ្នែក​សេដ្ឋកិច្ច​ដោយ​ខ្លួន​ឯង​ផង​ដែរ។ ការ​អនុវត្ត​គោល​នយោបាយ​ប្រកបដោយ​ប្រសិទ្ធ​ភាព​របស់​រដ្ឋាភិបាល រួមជាមួយ​នឹង​អត្ថ​ប្រយោជន៍​នៃ​ការ​ពង្រឹង​ឯករាជ្យ​ភាព​ផ្នែក​សេដ្ឋកិច្ច​កាន់​តែ​ច្រើន និង​ធានា​ថា​ការ​ផ្លាស់ប្តូរ​នេះ គឺ​ជា​ជំហាន​វិជ្ជមាន​មួយ​សម្រាប់​ប្រជាជន​កម្ពុជា និង​អនាគត​របស់​ប្រទេស​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក។

លោក​បាន​ថ្លែង​ថា៖​«​ការ​ត្រៀម​ខ្លួន​របស់​កម្ពុជា​ក្នុង​ការ​ផ្លាស់ប្តូរ​ពី​ស្ថានភាព​ប្រទេស​អភិវឌ្ឍន៍​តិច​តួច ឆ្លុះ​បញ្ចាំង​ពី​វឌ្ឍនភាព​សេដ្ឋកិច្ច​របស់​ខ្លួន​ក្នុង​រយៈពេល ពីរ​ទសវត្សរ៍​កន្លង​មក​នេះ។ ជាក់ស្តែង​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ក្នុង​ឆ្នាំ២០០៤ មានប្រមាណ ៥,៣៤ ពាន់​លាន​ដុល្លារ​ ខណៈ​​ក្នុង​ឆ្នាំ ២០២៣ បាន​កើន​រហូតដល់ ៣១,៧៧ ​ពាន់​លាន​ដុល្លារ។

ប្រទេស​កម្ពុជា​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ជាប់​លាប់​ក្នុង​រង្វង់ ៧ ភាគ​រយ​ជា​មធ្យម​ពី​ឆ្នាំ ១៩៩៥ រហូត​ដល់​ឆ្នាំ ២០២៣ ជាមួយ​នឹង​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់ ការ​កែលម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ការ​ពង្រីក​វិស័យ​សំខាន់ៗ​ដូច​ជា ផលិតកម្ម កសិកម្ម ទេសចរណ៍ ហិរញ្ញវត្ថុ និង​ធនាគារ គ្រឿង​អេឡិចត្រូនិក គ្រឿង​បង្គុំ និង​កង់ ជាដើម។ កំណើន​នេះ​ជា​ភ័ស្តុតាង​បង្ហាញ​ថា កម្ពុជា​បាន​កសាង​សេដ្ឋកិច្ច​រឹងមាំ​ដែល​អាច​ទ្រទ្រង់​ខ្លួនឯង​បាន»។

លោក​បាន​ប្រាប់​ទៀត​ថា តាម​រយៈ​សមាជិក​ភាព​របស់​ខ្លួន​នៅ​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO) កម្ពុជា​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការ​រួម​បញ្ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក និង​ការ​ចូល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។ ការ​នាំ​ចេញ​របស់​ប្រទេស​នេះ​បាន​ធ្វើ​ពិពិធកម្ម​ពី​វាយនភណ្ឌ និង​កាត់ដេរ​ទៅ​ផលិតកម្ម និង​ផលិត​ផល​កសិកម្ម​ផ្សេង​ទៀត ដោយ​កាត់​បន្ថយ​ភាព​ងាយ​រងគ្រោះ​ចំពោះ​ផល​ប៉ះពាល់​ពី​ខាងក្រៅ។ កម្ពុជា​ក៏​មាន​ការ​រីកចម្រើន​ក្នុង​ការ​ធ្វើកំណែ​ទម្រង់​ជាច្រើន​ដែល​ស្រប​នឹង​សេរីភាព​សេដ្ឋកិច្ច ការ​កែលម្អ​បរិយាកាស​ធុរកិច្ច​ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស។ កំណែ​ទម្រង់​ទាំង​នេះ មាន​សារៈសំខាន់​សម្រាប់​ការ​ជំរុញ​ទំនុក​ចិត្ត​វិនិយោគិន ដែល​អាច​ជួយ​ជំនួស​ជំនួយ​បរទេស។

លោក​អះអាងថា ដំណើរ​របស់​ប្រទេស​កម្ពុជា​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច ទៅ​កាន់​ស្ថានភាព​កាន់​តែ​រីកចម្រើន​ត្រូវ​បាន​គាំទ្រ​ដោយ​ការ​អនុវត្ត​គោល​នយោបាយ​ប្រកប​ដោយ​ប្រសិទ្ធភាព ជា​ពិសេស​គោល​នយោបាយ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។ សមត្ថភាព​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​បំពេញ​តាម​លក្ខខណ្ឌ​គតិយុត្តិ​របស់ WTO និង​សម្រប​ខ្លួន​ទៅ​នឹង​សក្ដានុពល​ពាណិជ្ជកម្ម​ពិភពលោក​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​គោល​នយោបាយ​ទាំង​នេះ។

លោក​បាន​បញ្ជាក់​ថា៖​ «សម្រាប់​កម្ពុជា​ខ្ញុំ​គិត​ថា ការ​ផ្លាស់ប្តូរ​ចេញ​ពី​ស្ថានភាព​ប្រទេស​អភិវឌ្ឍន៍​តិចតួច អាច​ជា​ប្រភព​នៃ​មោទនភាព​ជាតិ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ខិត​ខំ​ប្រឹងប្រែង និង​វឌ្ឍនភាព​ជាច្រើន​ឆ្នាំ​ដោយ​ខ្លួន​ឯង។ ការ​នេះ​អាច​បន្ត​ជំរុញ​ឱ្យមាន​ការ​ប្តេជ្ញាចិត្ត​កាន់​តែច្រើន​ក្នុង​ការអភិវឌ្ឍ​ជាតិ​ជា​បន្តបន្ទាប់»។

កម្ពុជា​ត្រូវខិតខំ​ធ្វើ​ពិពិធកម្ម​ទំនិញ និង​សេវាកម្ម​របស់​ខ្លួនឱ្យ​កាន់​តែ​ប្រសើរ​ទាំង​បរិមាណ និង​គុណភាព

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយ​ថា ប្រសិន​បើ​សេដ្ឋកិច្ច​កម្ពុជា​អាច​មាន​ដំណើរ​ការ​ល្អ​ដូចពេល​បច្ចុប្បន្ន​ គឺ​​កម្ពុជា​ប្រាកដ​ជា​អាច​ចាក​ចេញ​ពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ខណៈ​ផលិតផល​ក្នុង​ស្រុក​របស់​កម្ពុជា​នា​ពេល​នេះ​ក៏​បង្ហាញ​ពី​ភាព​វិជ្ជមាន​ជា​បន្ត​បន្ទាប់។ ការ​ចេញ​ផុត​ពី​អភិវឌ្ឍន៍​តិចតួច គឺ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​លេចមុខ​លើ​ឆាក​អន្តរ​ជាតិ​ស្មើ​មុខ​ស្មើ​មាត់​ជាមួយ​ប្រទេស​ជាច្រើន​លើ​ពិភព​លោក។

លោក​បន្ត​ថា ទោះ​ការ​ចាក​ចេញ​ពី​ឋានៈ​ជា​ប្រទេស​​អភិវឌ្ឍន៍​តិចតួច​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់​ភាព​អនុគ្រោះ​ពន្ធគយ​មួយ​ចំនួន ប៉ុន្តែ​ជាក់​ស្តែង​បច្ចុប្បន្ន​នេះ​កម្ពុជា​កំពុង​បាត់​បង់​ជា​បណ្តើរៗ​រួច​ទៅហើយ ដូចជា GSP និង EBA ជា​ដើម។

លោក​បាន​បញ្ជាក់​ថា៖​«ការ​ចេញ​ផុត​ពី​ឋានៈប្រទេស​ក្រីក្រ គឺ​ជា​មោទនភាព និង​កិត្តិយស​របស់​ប្រទេស​កម្ពុជា»។

ទោះយ៉ាង​ណា ក្នុង​នាម​ផ្នែក​ឯកជន​ លោក​ក៏​បាន​ជំរុញ និង​លើក​ទឹកចិត្ត​ឱ្យ​ម្ចាស់​ផលិតកម្ម និង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​ខិតខំ​ធ្វើ​ពិពិធធម្ម និង​គុណភាព​ផលិតផល និង​សេវាកម្ម​របស់​ខ្លួន​ឱ្យ​កាន់​តែ​ប្រសើរ​ផងដែរ៕