កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ជិត ៤៥ ​ម៉ឺន​តោន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ ក្នុង​រយៈពេល ៩​ខែ​ ដើម​ឆ្នាំ ២០២៤ ដែល​ចំនួន​នេះ​គឺធ្លាក់ចុះ​តិចតួច​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២៣ ខណៈ​នៅ​ចុង​សប្តាហ៍​នេះ​ថ្នាក់​ដឹកនាំ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​(CRF) នឹង​ដឹកនាំ​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ចំនួន ១២ ទៅ​ចូលរួម​ព្រឹត្តិការណ៍​ម្ហូប​អាហារ​អន្តរជាតិ Salon International de l’Alimentation (SIAL) Paris នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​(CRF) ឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ ២០២៤ ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​សម្រេច​បាន​ក្នុង​បរិមាណ ៤៤៥ ៩១៣ តោន គិត​ជា​ប្រាក់​មាន​ចំនួន ៣៣៥,៤ លាន​ដុល្លារ។

សម្រាប់​បរិមាណ​អង្ករ​នាំចេញ​គឺ​ថយចុះ​ ២,៣ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ ២០២៣ ប៉ុន្តែ​ចំនួន​ទឹក​ប្រាក់​ដែល​ទទួល​បាន គឺ​កើន​ឡើង ២,៤ ភាគរយ។

យោង​តាម CRF អង្ករ​កម្ពុជា​ ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​គោល​ដៅ​ចំនួន​ ៦៥​ ប្រទេស/​ដែនដី តាមរយៈ​ក្រុមហ៊ុន​នាំចេញ​អង្ករ​ចំនួន ៥៤។ គោលដៅ​សំខាន់​ៗ​រួមមាន តំបន់​អឺរ៉ុប​(២៦​ប្រទេស) ​បាន​បរិមាណ ២២៨ ​៧៣១ តោន ស្មើនឹង ១៨៦,៦៧ លាន​ដុល្លារ, ប្រទេស​ចិន ​រួមទាំង​ហុងកុង និង​ម៉ាកាវ ចំនួន ៨១ ៤២៣ តោន ស្មើ ៥២,៦៣ លានដុល្លារ, ប្រទេស​ក្នុង​អាស៊ាន រួមទាំង​ទីម័រ​ខាងកើត ៨៦ ០៤៣ តោន​ ស្មើ ៥២,២៣ លាន​ដុល្លារ, និង​ទៅ​គោលដៅ ២៩ ប្រទេស​ផ្សេង​ទៀត​(អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ... នូវែលសេឡង់​) បាន​ចំនួន ៤៩ ៧១៦ តោន ស្មើ​នឹង​ ៤៣,៨៧ លាន​ដុល្លារ។

ចំពោះ​ប្រភេទ​អង្ករ​នាំ​ចេញ គឺ​អង្ករ​ក្រអូប ចំនួន ៧២,០១ ភាគរយ ប្រភេទអង្ករស​ធម្មតា​ ២២,៥២ ភាគរយ អង្ករ​ចំហ៊ុយ ៣,៣១​ភាគរយ អង្ករ​សរីរាង្គ ១,៨២​ ភាគរយ និង​អង្ករ​ផ្សេងៗ​ចំនួន ០,៣៤ ភាគរយ។

យោង​តាម CRF ក្រៅ​ពី​អង្ករ កម្ពុជា​ក៏​បាន​នាំ​ចេញ​ស្រូវ​ចំនួន ៣ ៣៦៨ ០១២ តោន ដែល​គិត​ជាប្រាក់​ជាង ១ ០៦៦ លាន​ដុល្លារ ក្នុង​នោះ ៨៦,៣​ ភាគរយ​បាន​នាំ​ចេញ​ដោយ​ឆ្លង​កាត់​ការ​ស្នើ​សុំ​ការ​បញ្ជាក់​ឯកសារ​នាំចេញ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

អគ្គលេខា​ធិការ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក លន់ យេង បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នា​ល្ងាច​ថ្ងៃទី ១៥ ខែតុលា ថា ទោះបី​ការ​នាំ​ចេញ​អង្ករ​ទៅ​សហភាព​អ៊ឺរ៉ុប និង​តំបន់​មជ្ឈឹមបូព៌ា មាន​ភាព​វិជ្ជមាន​ ប៉ុន្តែ​ការ​ធ្លាក់​ចុះ​បរិមាណ​នាំ​ទៅ​ប្រទេស​ចិន​ដែល​ជា​ទីផ្សារ​ធំ​ជាង​គេ គឺ​ធ្វើ​ឱ្យ​តួលេខ​នាំចេញ​អង្ករ​សរុប​ក្នុង​រយៈ​ពេល ៣​ ត្រីមាស​ដំបូង ​ឆ្នាំ​ ២០២៤ ធ្លាក់ចុះ​បន្តិច​បន្តួច​។​

លោក​បន្ត​ថា សម្រាប់​តម្លៃ​ស្រូវ-អង្ករ​ឆ្នាំ ២០២៤ គឺ​កើន​ឡើង​បន្តិច​បើ​ធៀប​នឹង​ឆ្នាំ​ ២០២៣។

លោក​ថ្លែង​ថា៖​«​ទោះ​បរិមាណ​នាំ​ចេញ​អង្ករ​ក្នុង​រយៈ​ពេល ៩ ខែ​ឆ្នាំ ២០២៤ ធ្លាក់​ចុះ​ខ្លះ ប៉ុន្តែ​យើង​ក៏​ចាប់​អារម្មណ៍​ចំពោះ​កំណើន​នៃ​ការ​នាំ​ចេញ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី តំបន់​អ៊ឺរ៉ុប និង​ប្រទេស​ទីម័រ​ខាង​កើត ផងដែរ»។

អគ្គ​នាយក​ក្រុមហ៊ុន City Rice Import Export លោក ឡាយ ឈុនហួ (Lay Chhun Hour, CEO of City Rice Import Export Co Ltd,) ដែល​ជា​ក្រុមហ៊ុន​រោងម៉ាស៊ីន​កិនស្រូវ និង​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ បាន​ប្រាប់​ថា មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​ការ​នាំចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស​ធ្លាក់​ចុះ​បន្តិច គឺ​អាច​មក​ពី​កត្តា​មួយ​ចំនួន​ដូច​ជា កំណើន​ទិន្នផល​ស្រូវ​នៅ​ប្រទេស​ចិន​ដែល​ធ្លាប់​ជា​ទីផ្សារ​ធំ​របស់​កម្ពុជា​, ​ប្រទេស​ឥណ្ឌា​ចាប់​ផ្តើម​បើក​ឱ្យ​មាន​ការ​នាំ​ចេញ​អង្ករ​ស ឡើង​វិញ, និង​ចុង​ក្រោយ​គឺ​ក្រុម​ឈ្មួញ​ប្រទេស​ជិត​ខាង​នៅ​តែ​បន្ត​ប្រមូល​ទិញ​ស្រូវ​ពី​កម្ពុជា​ក្នុង​បរិមាណ​ច្រើន។

លោក​អះអាង​ថា៖​«​ការ​នាំ​ចេញ​អង្ករ​របស់​យើង​ពិត​ជា​ធ្លាក់​ចុះ​ខ្លះ ដោយ​សារ​ប្រទេស​ចិន​ប្រមូល​ផល​ស្រូវ​បាន​ច្រើន​ជាង​មុន ហើយ​ឥណ្ឌា​ដែល​ជា​ប្រទេស​នាំ​ចេញ​អង្ករ ក៏​បើក​ឱ្យ​មាន​ការ​នាំ​ចេញ​អង្កស​ឡើង​វិញដែរ»។

ដើម្បី​ពង្រឹង និង​ពង្រីក​ទីផ្សារ​នាំ​ចេញ​អង្ករ​ឱ្យ​បាន​កាន់​តែ​ច្រើន សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នឹង​ដឹកនាំ​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ចំនួន ១២ ទៅ​ចូលរួម​តាំង​បង្ហាញ​នូវ​ផលិតផល​អង្ករ​ដែល​មាន​គុណភាព​ល្អ​បំផុត​របស់​កម្ពុជា និង​ធ្លាប់​បាន​ឈ្នះពាន​អង្ករ​ល្អបំផុត​ពិភពលោក នៅ​ក្នុង​ព្រឹត្តិការណ៍​ម្ហូប​អាហារ​អន្តរជាតិ Salon International de l’Alimentation (SIAL) Paris នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២៣ ខែ​តុលា ឆ្នាំ ២០២៤។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ CRF ឱ្យ​ដឹង​ថា ការ​ចូលរួម​ព្រឹត្តិការណ៍​ម្ហូប​អាហារ​អន្តរជាតិ SIAL Paris នេះ​គឺ​ជា​ការ​ចូលរួម​លើក​ទី ២ របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បន្ទាប់​ពី​ការ​ចូលរួម​លើកទី ១ កាល​ពី​ឆ្នាំ ២០១៤។

គោល​បំណង​នៃ​ការ​ចូល​រួម​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​ធ្វើ​ពិពិធកម្ម​ទីផ្សារ​ដែល​ស្រប​ទៅ​តាម​គោល​នយោបាល​របស់​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួងពាណិជ្ជ​កម្ម ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍ លើ​បទដ្ឋាន​ស្តង់ដារ និង​លក្ខខណ្ឌ​សុវត្ថិភាព​ចំណី​អាហារ និង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​សេនាធិការ​ក្នុង​ការ​ជំរុញ​ផលិតផល​ចូល​ទីផ្សារ និង​ការ​ដាំដុះ​តម្រូវ​តាម​ទីផ្សារ។

កាល​ពី​ឆ្នាំ ២០២៣ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​សរុប ៦៥៦ ៣២៣ តោន កើន​ឡើង ៣ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០២២ ចំណែក​ទឹក​ប្រាក់ប្រមូល​បាន​មាន​ចំនួន ៤៦៦ លាន​ដុល្លារ កើន​ឡើង ១៣ ភាគរយ។

អង្ករ​កម្ពុជា​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​គោលដៅ​ចំនួន ៦១ ប្រទេស/​ដែនដី តាម​រយៈ​ក្រុមហ៊ុន​នាំ​ចេញ​ចំនួន ៦៣។ ចំណែក​ការ​នាំចេញ​ស្រូវ​មាន​បរិមាណ ៤ ៣៨៧ ៣៦៣ តោន គិត​ជា​ប្រាក់​ប្រមាណ ១,៣២ ពាន់​លាន​ដុល្លារ ក្នុងនោះ ៦៤ ភាគរយ​បាន​នាំ​ចេញ​ដោយ​ឆ្លង​កាត់​ការ​ស្នើសុំ​ការ​បញ្ជាក់​ឯកសារ​នាំចេញ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។ បរិមាណ​នាំចេញ​ស្រូវ បាន​កើន​ប្រមាណ ២៦,៥ ភាគរយ និង​ចំនួន​ប្រាក់​កើន​ប្រហែល ៥៦,៦៩ ភាគរយ​ធៀប​ឆ្នាំ ២០២២។ នេះ​បើ​តាម CRF៕