ភ្នំពេញៈ ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​កម្ពុជា-​វៀតណាម​ ​ក្នុង​រយៈ​ពេល ៣​ត្រីមាស​ដើម​ឆ្នាំ​ ២០២៤ សម្រេច​បាន​ជាង ៥,៨​ ពាន់​លាន​ដុល្លារ កើន​ឡើង​ ១/៥ដង​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ក្នុង​នោះ​ជញ្ជីង​ពាណិជ្ជកម្ម​របស់​កម្ពុជា​ មាន​ឱនភាព​ប្រមាណ​ជាង ៣៦០ លាន​ដុល្លារ។

ទិន្នន័យ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) បង្ហាញ​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​ ២០២៤ ការ​នាំ​ចេញ​នាំ​ចូល​ទំនិញ​រវាង​ប្រទេស​កម្ពុជា-​វៀតណាម មាន​ទឹក​ប្រាក់​សរុប ៥ ៨១៩,៤៨ ​លាន​ដុល្លារ កើន​ឡើង ២១,៩ ​ភាគរយ​ពី​ចំនួន ៤ ៧៧៤,៣ ​លាន​ដុល្លារ​នា​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៣។ វៀតណាម​ គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​ធំ​ទី ៣ របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក។

យោង​តាម GDCE ក្នុង​ចំនួន​នេះ គឺ​ទំនិញ​កម្ពុជា​នាំ​ទៅ​វៀតណាម មានចំនួន ២ ៧២៧,៤៥ ​លាន​ដុល្លារ កើន​ ៣៣,៨ ​ភាគរយ​ពី​ចំនួន ២ ០៣៨,៥២ ​លាន​ដុល្លារ និង​ទំនិញ​វៀតណាម​នាំ​មក​កម្ពុជា ៣ ០៩២,០៣ ​លាន​ដុល្លារ កើន​១៣ ​ភាគរយ​ពី​ចំនួន ២ ៧៣៥,៧៨ ​លាន​ដុល្លារ​។

ផ្អែក​តាម​ទិន្នន័យ​នេះ គឺ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​មាន​ឱនភាព​ប្រមាណ ៣៦៤,៥៨ ​លាន​ដុល្លារ ខណៈ​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ឱនភាព​មាន​រហូត​ដល់ ៦៩៧,២៦ លាន​ដុល្លារ។

សម្រាប់​ខែ​កញ្ញា ឆ្នាំ​ ២០២៤ ចរាចរណ៍​ទំនិញ​រវាង​ប្រទេស​ទាំង ២ មាន​ទឹក​ប្រាក់ ៥៨៦,២៥ លាន​ដុល្លារ កើន​ឡើង ២៤,៣៦ ភាគរយ ដោយ​ទំនិញ​កម្ពុជា​នាំ​ទៅ​វៀតណាម មាន​ទឹក​ប្រាក់ ២៦២,៦៩ លាន​ដុល្លារ កើន​ឡើង ៤១,៨ ភាគ​រយ និង​វៀតណាម នាំមក​កម្ពុជា​វិញ​ចំនួន​ ៣២៣,៥៥ លាន​ដុល្លារ កើន​ឡើង ១៣,១ ភាគរយ។

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលាថា ក្នុង​នាម​ជា​ប្រទេស​មាន​ព្រំដែន​គោក-​ទឹក​ជាប់​គ្នា និង​​មាន​ទំនាក់​ទំនង​នយោបាយ​ល្អ​ទៀត​នោះ គឺ​ធ្វើ​ឱ្យ​ចរាចរណ៍​ទំនិញ និង​មនុស្ស​រវាង​ប្រទេស​ទាំង ២ កើន​ឡើង​ជា​បន្ត​បន្ទាប់។ លោក​បន្ត​ថា បច្ចុប្បន្ន​ដោយ​សារ​នៅ​កម្ពុជា​មិន​ទាន់​មាន​ឃ្លាំង​ស្តុក និង​រោងចក្រ​កែច្នៃ​ផលិត​ផល​​កសិកម្ម​គ្រប់​គ្រាន់ ដូច្នេះ​នៅ​រដូវ​ប្រមូល​ម្តងៗគឺ​​មាន​ឈ្មួញ​ជាតិ និង​អន្តរជាតិ​ជាច្រើន​​មក​ប្រមូល​ទិញ​ផលិតផល​កម្ពុជា​នាំ​ទៅ​លក់​ឱ្យ​ប្រទេស​វៀតណាម​។​

លោក​ថ្លែង​ថា៖​«​ទឹក​ប្រាក់​ដែល​បាន​ពី​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ នឹង​បន្ត​កើន​ឡើង​ច្រើន​ទៀត​។ ចំនួន​ទឹក​ប្រាក់​ជាក់​ស្តែង​អាច​មាន​លើស​ពី​តួលេខ​កត់ត្រា។ វៀតណាម​គឺ​ជា​ទីផ្សារ​សំខាន់​សម្រាប់​ផលិតផល​កសិកម្ម​កម្ពុជា»។

បើ​តាម លោក លឹម ហេង ថា ផលិត​ផល​សំខាន់ៗ​ដែល​កម្ពុជា នាំទៅ​វៀតណាម រួមមាន​ដូចជា ស្រូវ​, កៅស៊ូ​, ស្វាយចន្ទី​, ដំឡូង​មី ពោត ចេក ស្វាយ ថ្នាំ​ជក់ និង​ចំណែក​វៀតណាម​នាំមក​វិញ មានដូចជា សម្ភារ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេង​ឥន្ធនៈ ឧបករណ៍​អេឡិចត្រូនិក​អគ្គិសនី ជី​កសិកម្ម គ្រឿងទេស និង​បន្លែ ផ្លែឈើ ជាដើម​។

លោក​ប្រាប់​ទៀត​ថា ក្រៅ​ពី​ការ​នាំចេញ​ នាំចូល​ទំនិញ ប្រទេស​ទាំង ២ ក៏​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​រវាង​គ្នា​ច្រើន​ផង​ដែរ​ក្នុង ១​ឆ្នាំ​ៗ។

ទិន្នន័យ​ក្រសួង​ទេសចរណ៍ ​បង្ហាញ​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​សីហា ឆ្នាំ ​២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​សរុប ៤,២៩ លាន​នាក់​កើន​ឡើង ២២,៥​ ភាគរយ​ធៀប​នឹង​​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២៣។​ ក្នុង​ចំណោម​ភ្ញៀវ​ខាង​លើ គឺ​ភ្ញៀវ​មក​ពី​ប្រទេស​វៀតណាម មាន​ចំនួន ៨៦៨ ៤៤៥ នាក់ កើន​ឡើង ៣៥,៣ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣។

សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ថា បើ​និយាយ​ពី​ជាង ១ ទសវត្ស​មុន គឺ​ទឹក​ប្រាក់​នាំ​ទំនិញ​ពី​កម្ពុជា​មាន​ចំនួន​តិចតួច​បំផុត។ សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន និង​ទំនាក់​ទំនង​ទ្វេភាគី បាន​ជួយ​ឱ្យ​ទឹក​ប្រាក់​នាំ​ចេញ​របស់​កម្ពុជ​ទៅ​វៀតណាម កើន​ឡើង​ជាបន្ត​បន្ទាប់​នា​រយ´ពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ​។​ ការ​បន្ត​បើក​ច្រក​ព្រំដែន និង​ការ​កែល្អ​ស្ថានភាព​នាំ​ចេញ​ និង​ជួយ​ឱ្យ​ចរាចរ​ទំនិញ​មាន​សកម្មភាព​កាត់​តែ​សកម្ម​»។

លោក​អះអាង​ថា៖​«ទន្ទឹមនឹង​កំណើន​ទំហំ​ពាណិជ្ជកម្ម ខ្ញុំ​ប្រាកដ​ណាស់​ថា​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-​វៀតណាម និង​កាន់​តែមាន​ភាព​ល្អ​ប្រសើរ»។​

ក្នុង​ឆ្នាំ​២០២៣ ការ​នាំ​ចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា-​វៀតណាម មាន​ទឹក​ប្រាក់​សរុប​ ៦,៥៨​ពាន់​លាន​ដុល្លារ កើន​ឡើង ៧,៣​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​២០២២ ដែល​មាន​ ៥៦,១៣​ពាន់​លាន​ដុល្លារ។ ក្នុង​ចំនួន​ខាង​លើ គឺ​ការ​នាំ​ចេញ​របស់​កម្ពុជា មាន​ចំនួន ២,៩៧​ពាន់​លាន​ដុល្លារ កើន​ឡើង ៣៧,១​ភាគ​រយ​ និង​ទំនិញ​វៀតណាម​នាំ​មក​កម្ពុជា​ ៣,៦១​ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ ៨,៩​ភាគ​រយ។

យោង​តាម​តួលេខ​ខាង​លើ គឺ​ជញ្ជីង​ពាណិជ្ជ​កម្ម​កម្ពុជា បន្ត​មាន​ឱន​ភាព​ប្រមាណ ៦៣៩,៦២​លាន​ដុល្លារ ខណៈ​កាល​ពី​ឆ្នាំ​២០២២ មាន​រហូត​ដល់​ ១,៨​ពាន់​លាន​ដុល្លារ​។ នេះ​បើ​តាម​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕