ផ្ទៃក្រឡា​ទីតាំង​លក់រាយ​ ​(Retail)​ ក្នុង​រាជធានី​ភ្នំពេញ គិត​ត្រឹម​ចុង​ត្រីមាស​ទី ៣ ឆ្នាំ ​២០២៤ មាន​ប្រមាណ​ជិត ៧៧ ​ម៉ឺន​ម៉ែត្រ​ការ៉េ ខណៈ​អត្រា​ប្រើប្រាស់​ជា​មធ្យម​ក្នុង​ត្រីមាស​ទី​ ៣ (Average of Occupancy rate)​ មាន​ជាង ៥៨ ភាគរយ ដោយ​ធ្លាក់​ចុះ​បន្តិច​បើធៀប​នឹង​ត្រីមាស​ទី ២ កន្លង​មក។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia​។

ឯកសារ​ស្រាវជ្រាវ Phnom Penh Market Insights Q3 2024 របស់​ក្រុម​ហ៊ុន CBRE Cambodia បាន​ឱ្យ​ដឹងថា គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០២៤ កន្លែង​លក់រាយ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ផ្ទៃ​ក្រឡា​ជាង ៦៦៩ ០០០​ ម៉ែត្រការ៉េ។

សម្រាប់​អត្រា​ប្រើប្រាស់ គឺ​បាន​ធ្លាក់ចុះ​ពី ៥៨,៧ ភាគរយ​កាល​ពី​ត្រីមាស​ទី២ ឆ្នាំ ២០២៤ មក​នៅ​ត្រឹម ៥៨,៣​ ភាគរយ​ក្នុង​ត្រីមាស​ទី​៣ កន្លងមក​។​ និន្នាការ​នេះ​បាន​ធ្លាក់ចុះ​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៩ ជា​ពិសេស​ក្នុង​អំឡុង​នៃ​ការ​រីករាល​ដាល​ខ្លាំង​ជំងឺ​កូវីដ​១៩ អត្រាប្រើ​ប្រាស់​បាន​ធ្លាក់​រហូត​ដល់​ក្រោម ៥៥​ភាគរយ​កាល​ពី​អំឡុង​ឆ្នាំ​ ២០២១។

សម្រាប់​តម្លៃ​ជួល​ទីតាំង​ទាំង ៤ ប្រភេទ ដែល​រួម​មាន Shopping Mall, Community Mall, Retail Podium, និង Prime High Street គឺ​បាន​ធ្លាក់​ចុះចន្លោះ​ពី ០ភាគរយ ដល់ ៥,២​ភាគរយ​បើ​ធៀប​ត្រីមាសទី ១ ឆ្នាំ​២០២០។

អ្នកនាង គឹម គិនកេសា នាយិកា​ក្រុមហ៊ុន CBRE Cambodia (Kinkesa Kim, Managing Director of CBRE Cambodia) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​១៧ ខែ​តុលា ថា ស្ថានភាព​វិស័យ​អចលនទ្រព្យ​ រួមទាំង​ទីផ្សារ​ទីតាំង​សម្រាប់​ជួល​លក់​រាយ​នៅ​កម្ពុជា​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​ទេ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៩ មក​។ សម្ទុះ​ការ​ងើប​ឡើង​វិញ​នៃ​វិស័យ​អចលនទ្រព្យ គឺ​ត្រូវ​ពឹង​អាស្រ័យ​ទៅ​លើ​កំណើន​សេដ្ឋកិច្ច​សកល ក៏​ដូច​ជា​កម្ពុជា​ផងដែរ។

អ្នកនាង គិនកេសា បាន​បន្ថែមថា ៖​«​ដើម្បី​ឱ្យ​វិស័យ​អចលនទ្រព្យ​ទាំង​មូល​អាចងើប​ឡើង​វិញ​ក្នុង​កម្រិត​ប្រហាក់​ប្រហែល​នឹងមុន​ឆ្នាំ ​២០១៩ គឺគេ​ត្រូវ​ការ​ឱ្យ​សកម្ម​ភាព​សេដ្ឋកិច្ច​ទាំង​អស់​ដូចជា ទេសចរណ៍ ... ការ​វិនិយោគ មាន​ភាព​ល្អ​ប្រសើរ​បន្ថែម​ទៀត​ ដែលវា​នឹង​ជួយ​ជំរុញ​ឱ្យ​ប្រជាពល​រដ្ឋ​ទទួល​បាន​ចំណូល​ច្រើន​ជាង​មុន។ ជាទូទៅ​ខ្ញុំ​គិត​ថា វិស័យ​អចលនព្រព្យ​នៅ​កម្ពុជា​ទាំង​មូល​ត្រូវ​ការ​ពេល​យ៉ាង​តិច​មួយ ឬ​ពីរ​ឆ្នាំ​បន្ថែម​ទៀត​សម្រាប់​ការ​ងើប​ឡើង​វិញ»។

ទោះយ៉ាង​ណា អ្នកនាង គិនកេសា មាន​សុទិដ្ឋិនិយម​ថា អ្វីៗ​នឹង​កាន់តែ​ប្រសើរ ខណៈ​សូចនាករ​សេដ្ឋកិច្ច​មួយ​ចាប់​ផ្តើម​កម្រើក​ឡើង​វិញ​ខ្លះៗ​ហើយ​ដូច​ជា ការ​វិនិយោគ និង​ការ​ទិញ លក់។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល និង​ជា​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN Group លោក សំ សុខនឿន បាន​និយាយ​ថា ទោះ​បី​ស្ថានភាព​នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺកូវីដ​១៩ បាន​បិទ​បញ្ចប់​ ប៉ុន្តែ​បញ្ហា​ជម្លោះ​ភូមិ​សាស្រ្ត​នយោបាយ និង​ជម្លោះ​ប្រដាប់​អាវុធ​រវាង​ប្រទេស​មួយ​ចំនួន គឺ​បាន​បន្ត​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដដែល​ទៅ​លើ​កំណើន​សេដ្ឋកិច្ច​សកល។

លោក​បន្ត​ថា ដោយ​សារ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​តែង​ពឹង​ផ្អែក​លើ​វិនិយោគ​អន្តរ​ជាតិ ដូច្នេះ​បើ​សេដ្ឋកិច្ច​សកល​មិន​សូវ​ល្អ ផល​អវិជ្ជមាន​ប្រាកដ​ជា​ជះ​ឥទ្ធិពល​ដល់​វិស័យ​អចលនទ្រព្យ​កម្ពុជា​។

លោក​ថ្លែង​ថា៖​«សម្រាប់​សកម្មភាព​ទិញ-លក់-​ជួល និង​តម្លៃ​​អចលនទ្រព្យ​នៅ​កម្ពុជា​នា​រយៈ​ពេល ៩ ខែ​ដើម​ឆ្នាំ ​២០២៤ នេះ គឺ​មិន​ទាន់​មាន​អ្វី​ប្រែប្រួល​ឡើយ​បើ​ធៀប​នឹង​ចុង​ឆ្នាំ​២០២៣»។

ឯកសារ​និន្នាការ​សេដ្ឋកិច្ច-​សង្គម (Socio-Economic Trend Report June 2024) ប្រចាំត្រីមាស​ទី២ ឆ្នាំ ២០២៤ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យដឹងថា ចន្លោះ​ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ ២០២៤ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានអនុម័ត​ឱ្យ​គម្រោង​សាងសង់​ទូទាំងប្រទេស​សរុប ១ ៦៤២ ​គម្រោង ធ្លាក់ចុះ ១១​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣ ដែល​មាន​ចំនួន ១ ៨៤៩ គម្រោង៕