ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Derek Yip បានបង្ហាញការចាប់អារម្មណ៍ចំពោះផែនការ និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា ដោយលោកសង្ឃឹមថានឹងមានក្រុមហ៊ុនមកពីប្រទេសអូស្ត្រាលីកាន់តែច្រើនចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា ខណៈការធ្វើពាណិជ្ជកម្មទំនិញរវាងប្រទេសទាំង ២ ក្នុងរយៈពេល ៣ត្រីមាសដើមឆ្នាំ ២០២៤ មានចំនួនជាង ២២០លានដុល្លារ។
ការលើកឡើងរបស់លោក Derek Yip ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៤។
ជាកិច្ចចាប់ផ្ដើមលោក Derek Yip បានបង្ហាញសុទិដ្ឋិនិយម និងការតាំងចិត្តក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងបន្តចូលរួមធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ។
លោកប្រាប់ទៀតថា នេះជាមោទនភាពដែលប្រទេសអូស្រ្តាលី តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដែលបានចូលរួមចំណែកយ៉ាងសកម្មទាំងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជននៅកម្ពុជា។
លោកនិយាយាថា៖«ខ្ញុំចាប់អារម្មណ៍លើផែនការ និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា ព្រមទាំងរំពឹងថា ក្រុមហ៊ុនរបស់ប្រទេសអូស្ត្រាលីនឹងអាចចូលរួមចំណែកសាងសង់ក្នុងគម្រោងណាមួយនាពេលខាងមុខ»។
ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានជម្រាបជូនគូភាគី អំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជាដែលមានកម្លាំងពលកម្មវ័យក្មេង ហើយការបណ្តាក់ទុនវិនិយោគនៅកម្ពុជាទៀតសោត មិនមែនបម្រើតែទីផ្សារប្រជាជនចំនួន ១៧ លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែបម្រើឱ្យទីផ្សារនៃមហាអនុតំបន់ទន្លេមេគង្គដែលមានប្រជាជនរហូតដល់ទៅ ៣៣០ លាននាក់។
លោកបន្តទៀតថា៖«ដើម្បីជំរុញឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពទាក់ទាញ និងអនុវត្តស្របតាមអាទិភាពគន្លឹះទី៥ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ កន្លងមកថ្មីៗនេះ កម្ពុជាបានដាក់ឱ្យប្រើប្រាស់សាកល្បងនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ដែលនឹងផ្តល់ភាពងាយស្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគ»។
បន្ថែមពីនេះ លោកក៏បានលើកឡើងអំពីផែនការអភិវឌ្ឍន៍មួយចំនួនរបស់រាជរដ្ឋាភិបាល ដែលមានដូចជា ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ឆ្នាំ ២០២៣-២០៣៣។
ស្ថិតិជញ្ជីងពាណិជ្ជកម្មដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថា ចន្លោះពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អូស្រ្តាលី មានទឹកប្រាក់សរុប ២២៣,៧៥ លានដុល្លារ កើនឡើង ២,៨៧ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានចំនួន ២១៧,៥ លានដុល្លារ ក្នុងនោះទំនិញកម្ពុជានាំទៅអូស្រ្តាលី មានទឹកប្រាក់ ១៥៧,៨៦ លានដុល្លារ កើនឡើង ៣៨,៧ ភាគរយ ចំណែកទំនិញអូស្រ្តាលីនាំមកកម្ពុជាមានទឹកប្រាក់ ៦៥,៨៩ លានដុល្លារ ថយចុះ ៣៦,៥ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១៨ ខែតុលាថា អូស្រ្តាលីគឺជាដៃគូពាណិជ្ជកម្មមានសក្តានុពលមួយរបស់កម្ពុជា ដោយសកម្មភាពនៃការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ គឺមានភាពល្អប្រសើរ ពិសេសទឹកប្រាក់នាំចេញទំនិញពីកម្ពុជាទៅអូស្រ្តាលី។ បច្ចុប្បន្នក្រៅពីផលិតផលវាយនភណ្ឌ កម្ពុជាក៏បាននាំផលិតផលកសិកម្មជាច្រើនមុខទៅប្រទេសអូស្រ្តាលីផងដែរ។
លោកបន្តថា ក្រៅពីមានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ ត្រូវបានរំពឹងថានឹងកើនឡើងបន្ថែមទៀតនៅពេលវិបត្តិសេដ្ឋកិច្ចសកលដែលកំពុងកើតក្នុងពេលនេះបិទបញ្ចប់ទៅវិញ។
លោកលើកឡើងទៀតថា ក្រៅពី RCEP សភាពាណិជ្ជកម្មកម្ពុជា(CCC) កាលពីដើមខែឧសភា ឆ្នាំ២០២៣ ក៏បានបើកការិយាល័យតំណាងរបស់ខ្លួននៅទីក្រុងមែលប៊ិន និងទីក្រុងស៊ីដនី ដើម្បីធ្វើការផ្សព្វផ្សាយពីផលិតផលកម្ពុជានៅក្នុងប្រទេសអូស្រ្តាលី និងក៏ជួយទាក់ទាញវិនិយោគិនអូស្រ្តាលីឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនផងដែរ។
លោកបានថ្លែងថា៖«ក្នុងនាមផ្នែកឯកជន គឺយើងពិតជាចង់បានឱ្យវិនិយោគិនអូស្រ្តាលី ចូលមកបណ្តាក់ទុននៅកម្ពុជាឱ្យបានច្រើន។ កម្ពុជាត្រូវតែខិតខំពង្រីក និងពង្រឹងការផ្សព្វផ្សាយឱ្យបានកាន់តែទូលាយ ហើយទន្ទឹមនឹងនោះក៏ត្រូវខិតខំធ្វើពិពិធកម្មទំនិញរបស់ខ្លួនឱ្យមានកាន់តែច្រើនប្រភេទ និងមានគុណភាពខ្ពស់ទៅតាមការបង់បានរបស់អតិថិជន»។
ផលិតផលសក្តានុពលដែលកម្ពុជានាំទៅអូស្រ្តាលី មានដូចជា ផលិតផលវាយនភណ្ឌ កង់ និងកសិកម្ម ចំណែកទំនិញដែលកម្ពុជានាំចូលមកវិញ រួមមាន ផលិតផលអេឡិចត្រូនិក ឱសថ និងយានយន្ត ជាដើម។ នេះបើតាមលោក លឹម ហេង៕