ការ​បន្ត​លើកលែង​ពន្ធ​មួយ​ចំនួន​សម្រាប់​សហគ្រាស​​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប គឺជា​ការ​កាត់​បន្ថយ​ការ​​ចំណាយ និង​ចូលរួម​ដល់​ការ​ស្ដារ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​នេះ​ឡើង​វិញ​ ទោះ​បី​តិច​ឬ​ច្រើន។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​នៅ​ក្នុង​វិស័យ​នេះ និង​អ្នក​វិភាគ។​

ក្រសួង​សេដ្ឋកិច្ច​បាន​ចេញ​ប្រកាស​ស្ដី​ពី​ការ​លើក​ទឹក​ចិត្ត​ពន្ធដារ​សម្រាប់​សហគ្រាស​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប ដោយ​ការ​លើក​លែង​ពន្ធ​ជាក់​លាក់​សម្រាប់​ឆ្នាំ​២០២៤ និង ឆ្នាំ​២០២៥។ នេះ​បើ​តាម​ប្រកាស​ចុះ​ថ្ងៃ​ទី១០ ខែតុលា ដែល​ទើប​ផ្សព្វផ្សាយ​ថ្មីៗ​នេះ។

សហគ្រាស​ដែល​នឹង​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​នេះ​រួម​មាន ​សណ្ឋាគារ ផ្ទះ​សំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ដែល​នឹង​ទទួល​បាន​ការ​លើក​លែង​ការ​បង់​ពន្ធ​អាករ​ប្រចាំ​ខែ​គ្រប់​ប្រភេទ គិត​ចាប់​ពី​ខែ​កក្កដា​ ឆ្នាំ​២០២៤ ​រហូត​ដល់​ដំណាច់​ខែ​មិថុនា​ ឆ្នាំ២០២៥។ ប៉ុន្តែ ពន្ធ​ប្រភេទ​នេះ​មិន​រាប់​បញ្ចូល​អាករ​លើ​តម្លៃ​បន្ថែម និង​អាករ​លើ​ការ​ស្នាក់​នៅ​ទេ។

ការ​លើក​លែង​មួយ​ប្រភេទ​ទៀត គឺ​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​២០២៤។ ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល​ដែល​សហគ្រាស​បាន​បង់​រួច​​នឹង​ត្រូវ​បាន​អនុញ្ញាត​ជា​ឥណទាន​ពន្ធ​សម្រាប់​កាត់​កង​ជាមួយ​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​២០២៥។

ការ​លើក​ទឹក​ចិត្ត​មួយ​ទៀត​គឺ សហគ្រាស​ទាំង​បី​ប្រភេទ​ខាង​លើង​ មិន​ទទួល​រង​ការ​ធ្វើ​សវនកម្ម​ពន្ធដារ ​សម្រាប់​ការិយបរិច្ឆេទ​ឆ្នាំ​២០២៤​ទេ។

ក្រសួង​សេដ្ឋកិច្ច​បាន​បញ្ជាក់​ថា គោល​បំណង​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ពន្ធដារ​ដល់​សហគ្រាស​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប គឺ​ដើម្បី​ជួយ​ស្ដារ​វិស័យ​ទេសចរណ៍​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ។

យ៉ាង​ណា​ក៏​ដោយ ក្រសួង​តម្រូវ​ឲ្យ​អ្នក​ជាប់​ពន្ធ​មធ្យម និង​អ្នក​ជាប់​ពន្ធ​ធំ​ទាំង​អស់​ដាក់​លិខិត​ប្រកាស​ពន្ធ​អាករ​ តាម​រយៈ​ e-Filingជា​រៀង​រាល់​ខែ និង​ដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​តាម Tol e-Filing។

លោក អនហេង សុភ័ក្រ្ត ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរណ៍​ភាសា​ចិន​កម្ពុជា​ បាន​ថ្លែង​ថា ការ​ប្រកាស​លើក​លែង​ពន្ធ​មួយ​ចំនួន​នេះ គឺជា «ដំណឹង​ដ៏​រីករាយ​មួយ» និង​ជា​​ជួយ​សម្រាល​និង​ជួយ​ផ្តល់​លទ្ធភាព​ក្នុង​ការ​ស្ដារ​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា។  

លោក​ថា៖ «ខ្ញុំ​គិត​ថា​រាជរដ្ឋាភិបាល​គួរ​បន្ត​លើក​ទឹក​ចិត្ត​ដល់​វិស័យ​ទេសចរណ៍​ ដើម្បី​ឲ្យ​វិស័យ​នេះ​មាន​ឱកាស​អភិវឌ្ឍ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត»។

លោក ឈត ប៊ុនថង អ្នក​ស្រាវជ្រាវ​ផ្នែក​វប្បធម៌ អប់រំ និង​ទេសចរណ៍ យល់​ឃើញ​ថា ទោះបី​តិច​ឬ​ច្រើន ការ​លើក​ទឹក​ចិត្ត​របស់​រដ្ឋាភិបាល តាម​រយៈ​ការ​លើក​លែង​ពន្ធ​នេះ អាច​ជួយ​បន្ធូរ​បន្ថយ​បន្ទុក​សម្រាប់​សហគ្រាស​ទាំង​នោះ។

លោក​ថា៖ «យើង​ដឹង​ទាំង​អស់​គ្នា​ហើយ​ថា ទោះបី​វិស័យ​ឯកជន​ខ្លួន​ឯង និង​រាជរដ្ឋាភិបាល​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ណា ក៏​វិស័យ​ទេសចរណ៍​មិន​ទាន់​ងើប​ឡើង​វិញ​ដល់​កម្រិត​ដែល​យើង​ចង់​បាន ហើយ​សហគ្រាស​ទាំង​នោះ​នៅ​បន្ត​ប៉ះពាល់។ បើសិន​រដ្ឋ​បន្ត​យក​ពន្ធ​ដូច​ពី​មុន វា​ច្បាស់​ណាស់​វា​ប៉ះ​ពាល់​ដល់​បង​ប្អូន​នៅ​ក្នុង​វិស័យ​ទេសចរណ៍»។

លោក​បន្ត​ទៀត​ថា៖ «ខ្ញុំ​គិត​ថា ការ​លើក​លែង​ពន្ធ​នេះ ទោះបី​មិន​បាន​ជា​ដុំ​កំភួន​ក៏​ដោយ ក៏​ជា​ការ​រួម​ចំណែក​ ព្រោះ​រដ្ឋាភិបាល​អាច​ធ្វើ​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន បន្ថែម​ទៅ​លើ​ការ​ការងារ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍ ការ​រៀប​ចំ​គោល​នយោបាយ ការ​បើក​ជើង​ហោះហើរ ឬ​ការ​លើក​ឡើង​អ្វី​មួយ​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ»។

យោង​តាម​គ្រឹះស្ថាន​អង្គរ ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ការ​លក់​សំបុត្រ​ទស្សនា​រមណីយដ្ឋាន​អង្គរ កោះកេរ និង​ ចុង​ឃ្នៀស ក្នុង​រយៈ​ពេល​៩​ខែ ​ឆ្នាំ​២០២៤​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​ទិញ​សំបុត្រ​ទស្សនា​មាន​ចំនួន​សរុប ៦៩៩ ៨៥០នាក់ ដែល​មាន​កំណើន​ជិត ៣០​ភាគរយ ប្រៀបធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ គិត​ចាប់​ពី​ដើម​ឆ្នាំ​ដល់​ថ្ងៃ​ទី១៨ ខែ​តុលា​នេះ ចំនួន​ភ្ញៀវ​ទិញ​សំបុត្រ​បាន​កើន​ដល់ ៧៣៨ ៧៧០នាក់។

ចំណូល​សរុប​រយៈ​ពេល​៩​ខែ​មាន​ ៣២ ៥២២ ៧៣០ ដុល្លារ កើន​ឡើង​ជាង ៣០​ភាគរយ​ប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន៕