កាល​ពី​ថ្ងៃទី ២៦-២៧ ខែកញ្ញា ២០២៤ ធនាគារ​ជាតិ​កាណាដា ដែល​ជា​ធនាគារ​ធំ​បំផុត​លំដាប់​ទី៦ នៅ​ក្នុង​ប្រទេស​កាណាដា និង​ជា​ម្ចាស់​ភាគហ៊ុន​របស់​ធនាគារ ABA បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កម្រិត​កំពូល​រវាង​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា និង​អ្នក​តំណាង​មក​ពី​វិស័យ​ឯកជន និង​បណ្ដា​វិនិយោគិន​កាណាដា។ 

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយក​រដ្ឋមន្ត្រី អនុប្រធាន​ទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ក្នុង​បេសកកម្ម​គោះទ្វារ​វិនិយោគ​នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា ដើម្បី​បង្ហាញ​ពី​សក្ដានុពល​វិនិយោគ​របស់​កម្ពុជា​ដល់​បណ្ដា​វិនិយោគិន​នានា។

ក្នុង​នាម​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈាន​មុខ​ដែល​មាន​វត្តមាន​យ៉ាង​សំខាន់​នៅ​ក្នុង​ប្រទេស​កម្ពុជា ធនាគារជាតិ​កាណាដា បាន​ដើរ តួនាទី​ក្នុង​ការ​សម្របសម្រួល​វេទិកា​ពិភាក្សា​នេះ ដោយ​មាន​ការ​ចូលរួម​ពី​អ្នក​តំណាង​របស់​ធនាគារ ABA ផងដែរ។

ក្នុង​អំឡុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ ឯកឧត្តម ស៊ុន ចាន់ថុល បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Laurent Ferreira អគ្គនាយក និង​ជា​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ជាតិ​កាណាដា នៅ​ទីស្នាក់ការ​កណ្ដាល​ថ្មី​របស់​ធនាគារ ស្ថិត​ក្នុង​ទីក្រុង​ម៉ង់រ៉េអាល់។

ជំនួប​នា​ឱកាស​នោះ បាន​បង្ហាញ​ពី​បរិយាកាស​វិនិយោគ​អំណោយ​ផល​នៅ​កម្ពុជា និង​សារៈសំខាន់​ជា​យុទ្ធសាស្ដ្រ​របស់​កម្ពុជា សម្រាប់​វិនិយោគិន​បរទេស។ ឯកឧត្តម ស៊ុន ចាន់ថុល បាន​កោត​សរសើរ​ចំពោះ​ការ​បន្ត​វិនិយោគ​របស់​ធនាគារជាតិ​កាណាដា និង​ធនាគារ ABA ដែល​កំពុង​ដំណើរការ​ទៅ​ដោយ​រលូន​​នៅ​ប្រទេស​កម្ពុជា។ ឯកឧត្តម​ក៏​បាន​លើក​ឡើង​អំពី ការ​លើក​ទឹក​ចិត្ត​វិនិយោគ​ដែល​មាន​លក្ខណៈ​អំណោយ​ផល ស្របតាម​ច្បាប់​និង​គតិយុត្តិ​ពាក់ព័ន្ធ​របស់​កម្ពុជា និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​បន្ដ​បន្ទាប់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​ហេដ្ឋា​រចនា​សម្ពន្ធ និង​ទិដ្ឋភាព​ធុរកិច្ច​របស់​កម្ពុជា។ កត្តា​ទាំង​នេះ​បាន​ធ្វើឲ្យ​កម្ពុជា នៅតែ​ជា​គោលដៅ​ដ៏​ទាក់ទាញ​សម្រាប់​បណ្ដា​អ្នក​វិនិយោគ​នៅ​គ្រប់​វិស័យ។

លោក Laurent Ferreira បាន មាន​ប្រសាសន៍ថា៖ “យើង​ខ្ញុំ​នៅ​ធនាគារ​ជាតិ​កាណាដា បន្ដ​គាំទ្រ​ដល់​ការ​រីក​ចម្រើន​របស់​ធនាគារ ABA ក្រោម​សក្តានុពល​សេដ្ឋកិច្ច​ដ៏​គួរ​ឲ្យ​ទាក់ទាញ​និង​មូលដ្ឋាន​គ្រឹះ​ដ៏រឹ​ងមាំ”។

លោក​បាន​បន្ថែម​ថា “ABA គឺគំរូ​ជោគជ័យ​ដែល​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​រឹងមាំ និង​យូរអង្វែង​របស់​យើង​ខ្ញុំ​ចំពោះ​ប្រទេស​កម្ពុជា ហើយ​យើងខ្ញុំ​មាន​ទំនុកចិត្ត​លើ​សមត្ថភាព​របស់ ABA ក្នុង​ការ​បន្ត​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា”។

បន្ថែម​ពី​នេះ គណៈប្រតិភូ​កម្ពុជា បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​ដែល​រៀបចំ​ដោយ​ក្រុម​ប្រឹក្សាធុរកិច្ច​កាណាដា-អាស៊ាន (Canada-ASEAN Business Council- CABC) និង​ធនាគារ​ជាតិ​កាណាដា។ កិច្ច​ពិភាក្សា​នេះ​បាន​ក្លាយ​ជា​វេទិកា​មួយ​ក្នុង​ការ​ជម្រាប​ជូន​អ្នក​តំណាង​មក​ពី​វិស័យរដ្ឋ និង​ឯកជន​សំខាន់ៗ​របស់​កាណាដា អំពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា និង​ផ្តល់​កិច្ច​សហការ​ដែល​អាច​មាន​សម្រាប់​ធុរកិច្ច​កាណាដា។

ធនាគារ ABA បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ដោយ​ប្រតិបត្តិការ​ធុរកិច្ច​របស់​ខ្លួន បាន​បង្កើត​ឱកាស​ការងារ​និង​វឌ្ឍនភាព​ជា​បន្ដបន្ទាប់​ទៅ​ក្នុង​វិស័យ​ធនាគារ។

គួរ​បញ្ជាក់​ផងដែរ​ថា នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ២០២៤ ធនាគារ ABA បាន​ទទួល​ដើម​ទុន​បន្ថែម ២២០​លាន​ដុល្លារ ពី​ធនាគារជាតិ​កាណាដា។ 

ការ​បង្កើន​ដើម​ទុន​នេះ បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​ឥត​ងាករេ​របស់​ភាគហ៊ុនិក ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ខណៈ​ដែល​ពួក​គាត់តែង​តែ​បន្ដ​បង្វិល​ប្រាក់​ចំណេញ​ទាំងអស់​របស់​ខ្លួន​ដាក់​ចូល​ក្នុង​អេកូស៊ី​ស្ទែម ABA វិញ ដោយ​ផ្តោត​លើ​វឌ្ឍនភាព​បន្ត​នៃ​បច្ចេកវិទ្យា​ទំនើបៗ និង​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​លើ​ធនធាន​មនុស្ស​របស់​ធនាគារ។ 

ក្នុង​ចំណោម​បណ្តា​អាទិភាព​ចម្បង​របស់​ខ្លួន ABA នឹង​វិនិយោគ​នៅ​ក្នុង​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ​ចុងក្រោយ ដែល​នឹង​ពង្រឹង​សេវា​ធនាគារ​ឌីជីថល និង​គាំទ្រ​ដល់​ភាព​រីកចម្រើន​របស់​សហគ្រាស​ធុនតូច និង​មធ្យម​នៅ​ក្នុង​ប្រទេស។ ដោយ​ផ្តោត​លើ​អាទិភាព​ទាំង​នេះ ABA មាន​គោលបំណង​ផ្ដល់​អានុភាព​ដល់​បណ្ដា​អាជីវកម្ម​ក្នុង​ស្រុក​និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅ​គ្រប់​វិស័យ។

កំណើន​គួរ​ឲ្យ​កត់​សម្គាល់​របស់​ធនាគារ ABA ដែល​សម្រេច​បាន មិន​មែន​អាស្រ័យ​លើ​ត្រឹម​ហិរញ្ញ​វត្ថុ​រឹងមាំ និង​នវានុវត្តន៍​ផ្នែក​បច្ចេក​វិទ្យា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ដោយ​សារ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ផងដែរ។ ជាមួយ​ការ​បង្កើត​ឱកាស​ការងារ​ជាង​ ៩,៣០០ ធនាគារ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​លើ​ការ​បណ្ដុះបណ្ដាល បំពាក់​បំប៉ន​បុគ្គលិក និង​លើក​កម្ពស់​វប្បធម៌​នៃ​ការ​អនុវត្ត​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

ABA មាន​មោទនភាព​យ៉ាង​ក្រៃលែង​ចំពោះ​ជំនួប​ថ្មីៗ​នេះ​រវាង​គណៈប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា ជាមួយ​ធនាគារជាតិ​កាណាដា និង​បណ្ដា​វិនិយោគិន​នៅ​ក្នុង​ប្រទេស​កាណាដា​ដោយ​ពង្រឹង​បន្ថែម​ទៀតលើ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​គាំទ្រ​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា តាម​រយៈសេវាកម្ម​ធនាគារ​ទំនើបៗ និង​ការ​បន្ដ​វិនិយោគ​សម្រាប់​អនាគត​ប្រកប​ដោយ​សុទិដ្ឋិនិយម​របស់​ប្រទេស។

អំពី​ធនាគារជាតិ​កាណាដា

ធនាគារជាតិ​កាណាដា គឺជា​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​មួយ​ដែល​មាន​ទ្រព្យ​សកម្ម​ប្រមាណ ៣២៩​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី៣១ ខែ​កក្កដា ឆ្នាំ២០២៤ និង​មាន​បណ្តាញ​ធនាគារ​ឆ្លង​តំបន់​ដ៏​ធំ​នៅ​ទូទាំង​ពិភពលោក។ ធនាគារជាតិ​កាណាដា​ទទួល​បាន​ការ​វាយ​តម្លៃ​ឥណទាន​ពី​ភ្នាក់ងារ​វាយ​តម្លៃ​នាំ​មុខ​ក្នុង​ពិភព​លោក​មាន​ដូចជា៖ "A" ពី S&P "A+" ពី Fitch និង "A1" ពី Moody's ។

ធនាគារ​ជាតិ​កាណាដា​មាន​ទីស្នាក់​ការ​កណ្តាល​នៅ​ទីក្រុង​ម៉ុងរ៉េអាល់ ហើយ​មាន​សាខា​នៅ​ស្ទើរតែ​គ្រប់​ខេត្ត​នៃ​ប្រទេស​កាណាដា ដែល​បម្រើ​អតិថិជន​ចំនួន ២.៨ លាន​នាក់។ ធនាគារ​ជាតិ​កាណាដា គឺជា​ធនាគារ​ធំ​ជាង​គេ​ទី​ប្រាំមួយ​នៅ​ក្នុង​ប្រទេស​កាណាដា និង​ជា​ធនាគារ​ឈាន​មុខ​គេ​នៅ​ក្នុង​ទីក្រុង​កេបិច ដែល​ជា​ជម្រើស​ដៃគូ​នៃ​ក្នុង​ចំណោម​សហគ្រាស​ធុនតូច និងមធ្យម។

មូលបត្រ​របស់​ធនាគារ​ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុនតូ​រ៉ុនតូ (TSX: NA)។ អតិថិជន​នៅក្នុង​សហរដ្ឋ​អាមេរិក អឺរ៉ុប និង​ផ្នែក​ផ្សេង​ទៀត​នៃ​ពិភពលោក​បាន​បម្រើ​តាម​រយៈបណ្តាញ​នៃ​ការិយាល័យ​តំណាង ក្រុមហ៊ុន​បុត្រសម្ព័ន្ធ និង​ភាព​ជា​ដៃគូ៕