រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី លើក​ទឹក​ចិត្ត​ធុរកិច្ច​ថ្មី​ឱ្យ​រួម​ចំណែក​ប្រែ​ក្លាយ​កម្ពុជា​ឱ្យ​ទៅ​ជា​ប្រទេស​បង្កើត​បច្ចេក​វិទ្យា​ និង​នវានុវត្តន៍។

ការ​លើក​ទឹក​ចិត្ត​បែប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​បិទ​កម្មវិធី​ប្រកួត​នវានុវត្តន៍​បច្ចេកវិទ្យា​រដូវកាល​ទី២​ ដែល​រៀបចំឡើង​ដោយ​សាកលវិទ្យាល័យ​ខេមតិច​ និង​គាំទ្រ​ដោយ​សហគ្រិន​ខ្មែរ កាល​ពី​ថ្ងៃទី​​១៩ ខែតុលា ឆ្នាំ២០២៤។ កម្មវិធី​ប្រកួត​វានុវត្តន៍​បច្ចេកវិទ្យា​ និង​សហគ្រិន​ភាព មានការចូលរួម​ពី​សិស្សិត​១១៤​ក្រុម មកពី​​សាកលវិទ្យាល័យ​ចំនួន ២០ នៅ​ទូទាំង​ប្រទេស​កម្ពុជា។

លោក ហែម វណ្ណឌី បាន​លើក​ឡើង​ដូច្នេះ​ថា៖ «វឌ្ឍនភាព​នៃ​ធុរកិច្ច​ថ្មី​ផ្នែក​បច្ចេកវិទ្យា (Tech Startups) គឺ​ជា​កាតាលីករ​ថ្មី​មួយ​ដើម្បី​លើក​កម្ពស់​កម្រិត​នវានុវត្តន៍​ជាតិ និង​ដើរ​តួនាទី​សំខាន់​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​សម្រេច​បាន​ចក្ខុវិស័យ​កម្ពុជា ដែល​មាន​មូលដ្ឋាន​សង្គម​សេដ្ឋកិច្ច​ផ្អែក​លើ​ចំណេះ​ដឹង»។

ដោយ​​ទឹក​ចិត្ត​ឱ្យ​ធុរកិច្ច​ថ្មី​ផ្នែក​បច្ចេកវិទ្យា​ចាប់​យក​ឱកាស​ទីផ្សារ​តំបន់ និង​ពិភពលោក លោក ហែម វណ្ណឌី បាន​ថ្លែង​បន្ត​ថា៖ «ធុរកិច្ច​ថ្មី​ផ្នែក​បច្ចេកវិទ្យា​គប្បី​សម្លឹង​មើល​ទីផ្សារ​ឱ្យ​បាន​ធំ​ទូលាយ ពោល​គឺ​ត្រូវ​ស្វែង​យល់​ពី​ឱកាស​ទីផ្សារ​ទាំង​ក្នុង​តំបន់ និង​សកលលោក ​បន្ថែម​ពី​លើ​ទីផ្សារ​ក្នុង​ស្រុក​ដែល​មាន​ស្រាប់ ដូចជា​ទីផ្សារ​អាស៊ាន​ដែល​មាន​ប្រជាជន​ចំនួន​ ៦៨០​លាន​នាក់ និង​មាន​ផលិតផល​ក្នុង​ស្រុក​សរុប ៤,២ទ្រីលាន​ដុល្លារ»។

កម្មវិធី​ប្រកួត​នវានុវត្តន៍​បច្ចេកវិទ្យា​រដូវកាល​ទី២​ បាន​រក​ឃើញ​ជ័យលាភី​ចំនួន​ ៣​ក្រុម រួម​មាន​ចំណាត់​ថ្នាក់​លេខ​១​ បាន​ទៅ​លើ​ក្រុម​មក​ពី Fintory ដែល​ទទួល​បាន​ប្រាក់​រង្វាន់ ១៤ លាន​រៀល (ប្រមាណ​៣៥០០​ដុល្លារ) លេខ​២ បាន​ទៅ​លើ​ក្រុម PAWhere ទទួល​បាន​ប្រាក់​រង្វាន់ ១០ លាន​រៀល  (២៥០០​ដុល្លារ) និង​លេខ​ ៣ បាន​ទៅ​លើ​ Voat-វត្ត ទទួល​បាន​ប្រាក់​រង្វាន់ ៨ លាន​រៀល (២០០០​ដុល្លារ)។

ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ បាន​ឲ្យ​ដឹង​ថា កម្មវិធីប្រកួត​នវានុវត្តន៍​បច្ចេកវិទ្យា​នេះ​ បាន​បង្ហាញ​ពី​កំណើន​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ធុរកិច្ច​ថ្មី​ផ្នែក​បច្ចេកវិទ្យា​ដែល​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​ឧស្សាហកម្ម​របស់​កម្ពុជា, បង្កើត​ការងារ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទំនើប​ដូចជា​បញ្ញា​សិប្បនិម្មិត​និង​ការវិភាគ​ទិន្នន័យ ព្រម​ទាំង​គាំទ្រ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ឱ្យ​កាន់​តែ​រីក​ចម្រើន។​

កាល​ពី​មុន​ការ​​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០២៤ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​​ពីរ​សប្ដាហ៍​មុន លោក ហែម វណ្ណឌី ក៏​បាន​លើក​ទឹកចិត្ត​ឲ្យ​សិស្សានុសិស្ស​ចាប់​យក​មុខជំនាញ​ផ្នែក​បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែល​លោក​ចាត់​ទុក​ថា​ជា​មុខ​វិជ្ជា​ដែល​ងាយ​រក​ការងារ​ធ្វើ និង​ទទួលបា​ប្រាក់​ចំណូល​ខ្ពស់ ស្រព​ពេល​ដែល​រាជរដ្ឋាភិបាល​អាណត្តិ​ទី៧​នេះ ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​លើ​បច្ចេក​វិទ្យា និង​នវានុវត្តន៍​ ដោយ​ចាត់​ទុក​ជា​មុំ​អាទិភាព​មួយ៕