ទឹក​ប្រាក់​នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​កម្ពុជា-​កូរ៉េខាងត្បូង ក្នុង​រយៈ​ពេល​ ៣​ ត្រីមាស​ដំបូង​ឆ្នាំ ​២០២៤ មាន​ប្រមាណ​ជិត ៦៣០​ លាន​ដុល្លារ កើន​​ជាង​ ១០​ ភាគ​រយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៣។ កូរ៉េ​ខាងត្បូង គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​ ១៣ របស់​កម្ពុជា​។ នេះ​បើ​យោងតាម​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE)។

ទិន្នន័យ​ GDCE ​ឱ្យ​ដឹង​ថា ចាប់​ពី​ខែមករា​ ដល់​ខែកញ្ញា ឆ្នាំ ​២០២៤ ការ​នាំចេញ​នាំចូល​ទំនិញ​រវាង​កម្ពុជា-កូរ៉េ​ខាងត្បូង មាន​ទឹក​ប្រាក់​សរុប ៦២៧,៧៤ លានដុល្លារ កើន​ឡើង ១២,៩ ភាគរយ​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៣ ដែល​មាន​ចំនួន ៥៥៥,៩៥​ លាន​ដុល្លារ​។ ក្នុង​ចំនួន​នេះ គឺ​ទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​កូរ៉េ​ មាន​ទឹក​ប្រាក់ ២៤២,១៦ លាន​ដុល្លារ កើន​ឡើង ១៦,៤ ភាគ​រយ ចំណែក​ទំនិញ​កូរ៉េ​នាំចូល មាន​ចំនួន ៣៨៥,៥៨ លានដុល្លារ កើនឡើង ១០,៨ ភាគរយ​។

តាមរយៈ​តួលេខ​នេះ គឺ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​មាន​ឱនភាព​ប្រមាណ ១៤៣,៤២ លាន​ដុល្លារ ខណៈ​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០២៣ មាន​ចំនួន ១៣៩,៩១ លាន​ដុល្លារ។

GDCE បាន​ឱ្យដឹង​ទៀត​ថា សម្រាប់​ខែ​កញ្ញា ឆ្នាំ​ ២០២៤ ការ​ផ្លាស់​ប្តូរ​ទំនិញ​នៃ​ប្រទេស​ទាំង ២ មាន​ទឹក​ប្រាក់​សរុប ៧១,៤៨ លាន​ដុល្លារ កើន​ឡើង ៣៦,៩៤ ភាគរយ​ធៀបខែ​កញ្ញា ឆ្នាំ ២០២៣ ដែល​មាន​ត្រឹម​តែ ៥២,១៩ លានដុល្លារ។ ក្នុង​នោះ គឺ​កម្ពុជា​នាំចេញ​ចំនួន ២៣,៥៧ លានដុល្លារ កើន ២៦,៥ ភាគរយ និង​ទំនិញ​កូរ៉េ​នាំចូល ៤៧,៩១ លានដុល្លារ កើន​ ៤២,៨ ភាគរយ។

អនុ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា ​(CCC) ​លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២១ ខែ​តុលា​ថា ការ​ចូល​ជា​ធរមាន​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា និង​កូរ៉េ​(CKFTA) ព្រម​ទាំង​ទំនាក់​ទំនង​ល្អ​រវាង​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​ប្រទេស​ទាំង ២ បាន​ធ្វើ​ឱ្យ​សកម្ម​ភាព​នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​កើន​ឡើង​ជា​បន្ត​បន្ទាប់​។ 

លោក​បន្ត​ថា ផលិតផល​វាយនភណ្ឌ និង​កសិកម្ម គឺ​ជា​ចំណែក​សំខាន់​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​កូរ៉េ ខណៈ​ទំនិញ​កូរ៉េ​នាំ​មក​កម្ពុជា មាន​ដូច​ជាឧបករណ៍​អេឡិចត្រូនិក យានយន្ត​ ឱសថ គ្រឿងសម្អាងនិង​ចំណី​អាហារ ជាដើម។​

លោក​ថ្លែង​ថា៖​«ខ្ញុំគិតថា​ទឹក​ប្រាក់​នៃ​ការ​ផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ នឹង​កើន​ឡើង​ថែម​ទៀត​ ខណៈ​បច្ចុប្បន្ន​មាន​វិនិយោគិន​កូរ៉េ​ជាច្រើន​កំពុង​បណ្តាក់​ទុន​នៅ​កម្ពុជា​ដើម្បី​ផលិត​ទំនិញ​​នាំចេញ​ទៅ​ប្រទេស​កូរ៉េ និង​ទីផ្សារ​អន្តរ​ជាតិ​»។

លោក​បន្ថែម​ថា ទោះបី​ទឹក​ប្រាក់​ដែល​កម្ពុជា​នាំ​ទំនិញ​ទៅ​កូរ៉េ​មាន​ចំនួន​តិច​ជាង​នាំចូល ប៉ុន្តែ​កម្ពុជា​ក៏​អាច​ប្រមូល​ប្រាក់​ក្នុង​បរិមាណ​ដ៏​ច្រើន​ផង​ដែរ​ពី​ប្រទេស​កូរ៉េ ​​ក្នុង ​១​ឆ្នាំៗ តាម​រយៈ​ការ​ទៅ​បំពេញ​ការ​ងារ​របស់​ប្រជាជន​ខ្មែរ​នៅ​ទីនោះ។

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ​លោក ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង ដើម្បី​ចូលរួម​វេទិកា​ចំណេះដឹង​ពិភពលោក​លើក​ទី​ ២៥ កាល​ពី​ថ្ងៃ​ទី​ ​១០ កញ្ញា ឆ្នាំ​២០២៤ បាន​ស្នើ​ឱ្យ​លោក Woo Won-Shik ប្រធាន​រដ្ឋសភា​កូរ៉េ​ខាងត្បូង​ជួយ​ជំរុញ​វិនិយោគិន​របស់​ខ្លួន​ឱ្យ​ចូល​មក​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា។

លោកបាន​អះអាង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​នឹង​ខិតខំ​ការពារ​វិនិយោគិន​កូរ៉េ និង​ធានា​នូវ​សុខ​សន្តិភាព​ជា​រួម​សម្រាប់​អ្នក​វិនិយោគ​ពី​បរទេស​ទាំងអស់។

លោក​បន្ត​ថា កិច្ច​ព្រមព្រៀង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​(SEZ) សម្រាប់​ក្រុមហ៊ុន​កូរ៉េ​នៅ​កម្ពុជា​អាច​នឹង​ចេញ​ជា​រូបរាង​ឆាប់​ៗ​ ដែលវា​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឱ្យ​អ្នក​វិនិយោគ​កូរ៉េ​ខាងត្បូង​មក​វិនិយោគ​នៅ​កម្ពុជា។

កម្ពុជា និង​កូរ៉េខាងត្បូង បាន​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​(CKFTA) ជាមួយ​គ្នា​កាល​ពី​ថ្ងៃទី ២៦ ខែ​តុលា ឆ្នាំ ២០២១ និង​បាន​ចូល​ជាធរមាន​នៅ​ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២២។ តាម​រយៈ CKFTA សាធារណរដ្ឋ​កូរ៉េ បាន​សន្យា​លុប​បំបាត់​ពន្ធ ៩៥,៦ ភាគរយ​នៃ​បន្ទាត់​ពន្ធ​របស់​ខ្លួន​សម្រាប់​ទំនិញ​ពី​កម្ពុជា។

ពន្ធ​ភាគ​ច្រើន​ត្រូវ​បាន​លុប​ចោល​ភ្លាមៗ។ CKFTA ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជំរុញ​ការ​នាំ​ចេញ​របស់​កម្ពុជា​នូវ​ទំនិញ​វាយនភណ្ឌ និង​កាត់ដេរ ស្បែក​ជើង កាបូប និង​គ្រឿង​បន្លាស់ ឧបករណ៍​អេឡិចត្រូនិក កៅស៊ូ ផលិតផល​វារីវប្បកម្ម និង​ទំនិញ​កសិកម្ម​ជាច្រើន​ប្រភេទ (សាច់ ពោត ដំឡូង កាហ្វេ ផ្លែឈើ ម្ទេស គ្រាប់ស្វាយចន្ទី មៀន ថ្នាំជក់ជា ដើម)។

ក្នុង​ឆ្នាំ ២០២៣ ការ​ធ្វើ​ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា កូរ៉េ មាន​ទឹក​ប្រាក់​សរុប ៧៥១,៣៨ លាន​ដុល្លារ​ ធ្លាក់ចុះ ៣,៥ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ ២០២២​។​ ទំនិញ​កម្ពុជា​នាំ​ទៅ​​ប្រទេស​កូរ៉េ​ មាន​ចំនួន ២៨១,១៤ លាន​ដុល្លារ កើន​ឡើង ២០,៣ ភាគរយ​ ខណៈ​កូរ៉េនាំចូល ​មាន​ចំនួន ៤៧០,២៥ លាន​ដុល្លារ ធ្លាក់​ចុះ ១៣,៨ ភាគរយ។​ នេះ​បើ​តាម GDCE៕