រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​ពង្រឹក​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល​កសិកម្ម​ ជា​ពិសេស​អង្ករ អាហារ​កែច្នៃ និង​គ្រាប់​ស្វាយ​ចន្ទី ទៅកាន់​ទីផ្សារ​អន្តរជាតិ ពិសេស​ប្រទេស​បារាំង ខណៈ​ការ​នាំ​ចេញ​ផលិត​ផល​ទាំង​អស់​នេះ​នៅ​មាន​បរិមាណ​តិច​តួច​នៅ​ឡើយ។

រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុម​ការងារ​ជំរុញ​ការ​នាំ​ចេញ លោក សំហេង បូរ៉ា (SAMHENG Bora, Secretary of State of the Ministry of Commerce and Chairman of the Export Promotion Task Force) កាល​ពី​ថ្ងៃ​ទី១៩ ខែតុលា បាន​ដឹក​នាំ​គណៈប្រតិភូ​ក្រសួង​ពាណិជ្ជកម្ម​ទៅ​ចូលរួម​ទស្សនកិច្ច​កម្មវិធី​ពិព័រណ៍ Salon International de l’Alimentation (SIAL) Paris នា​ទីក្រុង​បារីស ប្រទេស​បារាំង។

ក្នុង​កម្មវិធី​នេះ គឺ​មាន​ដាក់​តាំង​បង្ហាញ​ស្តង់​ពិព័រណ៍​ប្រមាណ​ជាង ៧,៥០០ ស្តង់​មក​ពី​បណ្តា​ប្រទេស​នៃ​តំបន់​ជាច្រើន​រួម​មាន អាស៊ី អឺរ៉ុប អាម៉េរិក និងអាហ្វ្រិក និង​មាន​អ្នក​ចូលរួម​ប្រមាណ​ជិត ៣០​ម៉ឺន​នាក់។

ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈ​ប្រតិភូ​កម្ពុជា​ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​មួយ​ចំនួន​ក្នុង​គោល​បំណង​លើក​បង្ហាញ​អំពី​ផលិតផល​សក្តានុពល​របស់​កម្ពុជា ជា​ពិសេស​អង្ករ អាហារ​កែច្នៃ និង​គ្រាប់​ស្វាយចន្ទី។

ក្រសួង​បាន​បញ្ជាក់​ថា៖​«ដំណើរ​ទស្សនកិច្ច និង​ជំនួប​ពិភាក្សា​នេះ​បាន​ផ្តោត​សំខាន់​ក្នុង​ការ​ស្វែង​រក​ឱកាស​សហការ​ក្នុង​ភាព​ជា​ដៃគូ ដើម្បី​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​កម្ពុជា ជា​ពិសេស​អង្ករ អាហារ​កែច្នៃ និង​គ្រាប់​ស្វាយចន្ទី​មក​ដាក់​លក់​ក្នុង​ទីផ្សារនៅ​ប្រទេស​បារាំង»។

ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា លោក អួន ស៊ីឡូត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២១ ខែ​តុលាថា ការ​នាំ​ចេញ​ផលិតផល​ស្វាយចន្ទី​កែច្នៃ​រួច​ទៅ​ទីផ្សារ​តំបន់​អ៊ឺរ៉ុប រួម​ទាំង​ប្រទេស​បារាំង គឺ​មានក្នុង​បរិមាណ​តិច​តួច​នៅ​ឡើយ​។

លោក​បន្ត​ថា ​មូលហេតុដែល​កម្ពុជា​មិន​ទាន់​អាច​មាន​ទីផ្សារ​នាំ​ចេញ​ធំ​នៅ​បណ្តា​ប្រទេស​ទាំង​នោះ គឺ​ដោយ​សារ​សមត្ថភាព​ផលិតកម្ម​​ (ការកែច្នៃ) ​នៅ​មាន​កម្រិត បញ្ហា​កង្វះទុន​បង្វិល​ក្នុង​ការ​ប្រមូល​ទិញ​គ្រាប់​ស្វាយចន្ទី​យក​មក​ស្តុកទុក​របស់​រោងចក្រ​កែច្នៃ និង​កត្តា​ថ្លៃ​ដើម​ផលិត​ខ្ពស់។

លោក​បាន​និយាយ​ថា៖​«​ខ្ញុំ​គិត​ថា​បើសិន​យើង​អាច​មាន​ទីផ្សារ​នាំ​ចេញ​កាន់តែ​ច្រើន គឺ​ជាការ​ល្អណាស់ បុន្តែ​ទន្ទឹម​នឹង​នោះ​សហគ្រាស​ក្នុង​ស្រុកក៏​ត្រូវ​ខិតខំ​ពង្រឹង​សមត្ថភាពភាព​ផលិតកម្ម និង​គុណភាព ព្រម​ទាំង​ត្រូវ​មាន​ទុន​បង្វិល​ឱ្យ​បាន​គ្រប់គ្រាន់​ផងដែរ»។

លោក​ប្រាប់​ទៀត​ថា បច្ចុប្បន្ន​ក្នុង​ ១ឆ្នាំៗ ការ​ប្រមូល​ផល​ស្វាយចន្ទី​មាន​បរិមាណ​ច្រើន គ្រាន់​តែ​ការ​កែច្នៃ​ និង​ការ​វិច​ខ្ចប់​តាម​ស្តង់ដា​នៅ​មាន​កម្រិត ដែល​បណ្តាល​ឱ្យ​មាន​ការ​នាំចេញ​គ្រាប់​ស្វាយចន្ទី​មិន​ទាន់​កែច្នៃ​ជា​ច្រើន​ម៉ឺនតោន​ជា​រៀងរាល់​ឆ្នាំ​ទៅ​កាន់​ប្រទេស​ជិតខាង។ ការ​នាំ​ចេញ​ផលិតផល​មិន​ទាន់​កែច្នៃ គឺ​ធ្វើឱ្យ​កម្ពុជា​ត្រូវ​ខាតបង់​ប្រាក់​ជាច្រើន។

ទោះយ៉ាង​ណា លោក​មាន​ជំនឿ​ថា ការ​នាំ​ចេញ​ស្វាយចន្ទី​កែច្នៃ​រួច​ទៅទីផ្សារ​អន្តរ​ជាតិ​នឹង​សម្រេច​បាន​ក្នុង​បរិមាណ​កាន់​តែ​ច្រើន ខណៈ​កាល​ពី​ខែ​កញ្ញា សមាគម​ស្វាយចន្ទី​កម្ពុជា ទើប​បាន​អនុស្សារណៈ​យោគយល់​គ្នា ​(MoU) ជាមួយ​រដ្ឋបាល​គយ​ខេត្ត​គ័ងហ្ស៊ី ដើម្បី​បើកផ្លូវ​សម្រាប់​ការ​នាំចេញ​ស្វាយចន្ទី​ ទៅ​កាន់​ប្រទេស​ចិន។

ទិន្នន័យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​ផ្ទៃដី​ដាំដុះ​ដំណាំ​ស្វាយចន្ទី​ជាង ៥៨ ម៉ឺន​ហិកតា និង​ប្រមូល​ផល​បាន​ជាង ៨០ ម៉ឺន​តោន​ក្នុង​ ១ ឆ្នាំ។ សម្រាប់​រយៈពេល ៨ ខែ ដើម​ឆ្នាំ​២០២៤ កម្ពុជា​បាន​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី​ប្រមាណ​ជាង ៥៦ ម៉ឺន​តោន ទៅ​កាន់ ១១ ប្រទេស។

សម្រាប់​ទីផ្សារ​នាំចេញ​អង្ករទៅប្រទេស​បារាំង លោក លន់ យេង អគ្គ​លេខាធិការ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​(CRF) បាន​ប្រាប់​ថា បារាំង​គឺ​ជា​ទីផ្សារ​ធំជាង​គេ​ក្នុង​តំបន់​អ៊ឺរ៉ុប ដែល​ទទួល​ទិញ​អង្ករ​ច្រើន​ជាង​គេ​ពី​កម្ពុជា។

លោក​បន្ថែម​ថា៖​«​ជា​មធ្យម​បារាំង​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​ចន្លោះ​ពី ៦-៧​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ ដោយ​ភាគ​ច្រើន​ជា​ប្រភេទ​អង្ករ​ក្រអូប»។

របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​(CRF) ឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ ២០២៤ ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​សម្រេច​បាន​ក្នុង​បរិមាណ ៤៤៥ ៩១៣ តោន គិត​ជា​ប្រាក់​មាន​ចំនួន ៣៣៥,៤ លាន​ដុល្លារ។ សម្រាប់​បរិមាណ​អង្ករ​នាំចេញ​គឺ​ថយចុះ​ ២,៣ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ ២០២៣ ប៉ុន្តែ​ចំនួន​ទឹក​ប្រាក់​ដែល​ទទួល​បាន គឺ​កើន​ឡើង ២,៤ ភាគរយ៕