លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ដែល​ទើប​ផ្ទេរ​ពី​ក្រសួង​អធិការកិច្ច​ បាន​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​និង​ជន​បរទេស​ជួយ​ផ្សព្វផ្សាយ​គោលដៅ និង​សក្ដានុពល​ទេសចរណ៍​កម្ពុជា ខណៈ​ដែល​ក្រសួង​នឹង​បន្ត​ធ្វើការ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​កាន់​តែ​សកម្ម​ដើម្បី​ស្ដារ​វិស័យ​ដ៏​សំខាន់​នេះ​ឡើង​វិញ។

លោក ហួត ហាក់ ទើប​តែ​ត្រឡប់​ពី​ប្រទេស​ចិន​វិញ កាល​ពី​ថ្ងៃទី២០​ ខែ​តុលា​នេះ បន្ទាប់​ពី​បាន​ចូល​រួម​ព្រឹត្តិការណ៍​ «ការ​សម្ដែង​ក្បាច់​គុន​រួម​គ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» នា​ឱកាស​ព្រឹត្តិការណ៍​ពិធី​បុណ្យ​ក្បាច់​គុន​សៅលីញ​វូស៊ូអន្តរ​ជាតិ លើក​ទី១៣ នៅ​ខេត្ត​ហឺណាន កាល​ពី​ថ្ងៃ​ទី១៩ ខែតុលា។

លោក​ថ្លែង​ប្រាប់​អ្នក​អ្នកសារព័ត៌មាន​ថា ក្នុង​នាម​ជា​សេនាធិការ​របស់​រដ្ឋាភិបាល ក្រសួង​ទេសចរណ៍ ​បាន​ត្រៀម​លក្ខណៈ​​ និង​មាន​ផែនការ​ដើម្បី​រួម​ចំណែក​ក្នុង​វិស័យ​ទេសចរណ៍ ធ្វើ​យ៉ាងណា​ជួយ​បង្កើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឲ្យ​មក​ទស្សនា​កម្ពុជា​ឲ្យ​បាន​កាន់​តែ​ច្រើន ​ដើម្បី​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ។

លោក​លើក​ឡើង​ថា ផែនការ​មួយ​ក្នុង​ចំណោម​ផែនការ​ទាំង​នោះ​គឺ ថ្នាក់​ដឹកនាំ​ និង​មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់​នៃ​ក្រសួង​ទេសចរណ៍ ត្រូវ​តែ​បំពេញ​ការងារ​ជា​លក្ខណៈ​បុរេសកម្ម សកម្ម និង អន្តរសកម្ម ជាមួយ​បណ្ដា​ក្រសួង​ស្ថាប័ន​ និង​អង្គភាព​ពាក់​ព័ន្ធ។

ក្រសួង​ទេសចរណ៍​នឹង​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ដែនដី​ទាំង​ ២៥​រាជធានី ​ខេត្ត តាំង​ពី​ថ្នាក់​ក្រោម​ជាតិ​ដល់​ថ្នាក់​មូលដ្ឋាន ក៏ដូចជា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វិស័យ​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ ទាំង​ក្នុង​ស្រុក​និង​អន្តរជាតិ​ក្នុង​ការ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍។

លើស​ពី​នេះ ក្រសួង​ក៏​នឹង​ធ្វើ​ការ​យ៉ាង​ស្អិតល្មួត​ជាមួយ​អង្គទូត​នានា​នៅ​កម្ពុជា ក៏ដូចជា​ធ្វើ​ការ​ជាមួយ​ឯក​អគ្គរាជទូត​ និង​ស្ថាន​អង្គកុងស៊ុល​កម្ពុជា​ និង​អនុព័ន្ធ​ទេសចរណ៍​ ក៏ដូចជា ភ្នាក់ងារ​ទេសចរណ៍​អន្តរជាតិ​នៅ​ជុំវិញ​ពិភព​លោក ក្នុង​ការ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​របស់​កម្ពុជា។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ក្នុង​នាម​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ខ្ញុំ​សូម​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ក៏​ដូចជា​​ជន​បរទេស​ផង​ដែរ សូម​ជួយ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​តាម​ពាក្យ​ស្លោក ដែល​ថា ទាំង​អស់​គ្នា​ដើម្បី​ទេសចរណ៍ ទេសចរណ៍​ដើម្បី​ទាំង​អស់​គ្នា»។

លោក​បន្ត​ថា៖ «ម្នាក់ៗ​គឺ​ជា​អ្នក​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ដ៏​សកម្ម​ម្នាក់ មិន​ថា​ជា​ពលរដ្ឋ​កម្ពុជា ជា​ជន​បរទេស​ទេ គាត់​អាច​ដើរ​តួនាទី​យ៉ាង​សកម្ម​អំពី​ករ​បង្ហាញ​សក្ដានុពល និង​គោលដៅ​ទេសចរណ៍​របស់​កម្ពុជា ជួន​ដល់​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ស្រុក​និង​នៅ​លើ​ពិភពលោក»។

ឆ្នាំ​នេះ​គឺជា​«ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​ប្រជាជន​និង​ប្រជាជន កម្ពុជា-ចិន ​២០២៤»។ ព្រឹត្តិការណ៍​ធំៗ​មួយ​ចំនួន​ត្រូវ​បាន​រៀបចំ​ឡើង រួម​មាន​ព្រឹត្តិការណ៍​ព្រឹត្តិការណ៍​ «ពេល​ល្បុក្កតោ ជួប សៅលីញ ដែល​រៀបចំ​នៅ​ខេត្ត​សៀមរាប នៅ​ខែ​មេសា និង លើក​ទី២​នៅ​ខេត្ត​ហឺណាន កាល​ពី​ថ្ងៃ​ទី១៩ ខែតុលា។

មុន​នឹង​បិទ​បញ្ចប់​«ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​ប្រជាជន​និង​ប្រជាជន កម្ពុជា-ចិន ​២០២៤» នៅ​ខែ​មករា ឆ្នាំ​២០២៥ ខាង​មុខ​ ព្រឹត្តិការណ៍​សំខាន់ៗ​ចំនួន​នឹង​ត្រូវ​រៀប​ចំឡើង រួម​មាន​ការ​តាំង​បង្ហាញ​ម្ហូប​អាហារ កម្ពុជា​ចិន ដែល​ពី​ថ្ងៃ​ ២៦​ដល់ ២៨ ខែ​តុលា, កម្មវិធី​វប្បធម៌ ទេសចរណ៍ និង​សាសនា​ កម្ពុជា-ចិន នៅ​ខែ​វិច្ឆិកា​ និង ​កម្មវិធី​ទេសចរណ៍​កម្ពុជា​ចិន ដែល​ទាំង​អស់​នេះ​នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប។ នេះ​បើ​តាម​លោក ហួត ហាក់។

ក្នុង​ដំណើរ​ទស្សនកិច្ច​កាល​ពី​សប្ដាហ៍​មុន​ទៅ​កាន់​ខេត្ត​ហឺណាន​ លោក​បាន​បង្ហាញ​ពី​សក្ដានុពល​ទេសចរណ៍​កម្ពុជា ​ដល់​ក្រុមហ៊ុន​ចិន​ចំនួន​ ២២ ដែល​សក្ដានុពល​ទាំង​នោះ​រួម​មាន​ម្ហូប​អាហារ បដិសណ្ឋារកិច្ច ផ្ទះ​សំណាក់​ សណ្ឋាគារ សេវាកម្ម​ល្អ តម្លៃ​សមរម្យ និង​កន្លែង​ទេសចរណ៍​សម្បូរ​បែប។

លោក​ថា ក្រុមហ៊ុន​ជា​ច្រើន​នៅ​ខេត្ត​ហឺណាន នឹង​មក​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​លើ​វិស័យ​ទេសចរណ៍។ ក្រសួង​ទេសចរណ៍​ក៏​បាន​សម្រេច​ថា​ នឹង​​រៀបចំ​ FAM Trip ដើម្បី​សម្រួល​និង​ទទួល​ពួក​គាត់ ហើយ​ក្រសួង​នឹង​ផ្សព្វផ្សាយ​អំពី​ផែនការ​នេះ​ទៅ​ដល់​វិស័យ​ឯកជន​ផ្នែក​ទេសចរណ៍​នៅ​ក្នុង​ស្រុក​ដើម្បី​ត្រៀម​លក្ខណៈ​រួចរាល់​សម្រាប់​ទទួល​ក្រុមហ៊ុន​ចិន​ធំៗ​នា​ពេល​ខាង​មុខ។

លោក ហួត ហាក់​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រសួង​មាន​ផែនការ​​ទាក់ទាញ​ទេសចរ​ចិន​ពី​ខេត្ត​ហឺណាន ​មក​ទស្សនា​កម្ពុជា​ឲ្យ​បាន ​១​លាន​នាក់​ ​ហើយ​នឹង​កើន​ឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍​ចិន​ធំៗ​នៅ​ខេត្ត​នេះ។

លោក​ពន្យល់​ថា ខេត្ត​ហឺណាន មាន​ពលរដ្ឋ​ប្រមាណ ១០០​លាន​នាក់។ ដូច្នេះ ប្រសិនបើ​តែ​១​ភាគរយ​នៃ​ពលរដ្ឋ​​ខេត្ត​នេះ​មក​ទស្សនា​កម្ពុជា នោះ​ទេសចរ​ចិន​ពី​ខេត្ត​នេះ​អាច​មាន​ចំនួន ១​លាន​នាក់។ ដើម្បី​សម្រេច​បាន​ផែន​ការ​នេះ កម្ពុជា​បាន​បើក​​ស្ថាន​កុងស៊ុល​នៅ​ទីក្រុង ​Zhengzhou នៃ​ខេត្ត​ហឺណាន ដើម្បី​បង្ក​លក្ខណៈ​ដល់​ទេសចរ​នៅ​ខេត្ត​នេះ​ មាន​ភាព​ងាយស្រួល​ក្នុង​ការ​មក​ទស្សនា​ខេត្ត​សៀមរាប។

លើស​ពី​នេះ​ទៀត លោក​ក៏​បាន​ជំរុញ​ឲ្យ​មាន​ជើង​ហោះ​ហើរ​ត្រង់​រវាង​កម្ពុជា និង​ខេត្ត​ហឺណា ឲ្យ​បាន​រៀង​រាល់​ថ្ងៃ ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ ជើង​ហោះ​ហើរ​ត្រង់​មាន​តែ ៣​ ដង​ក្នុង​មួយ​សប្ដាហ៍។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ជាពិសេស​យើង​បាន​ប្ដេជ្ញា​ថា​នឹង​រួម​គ្នា​ខិតខំ​នាំ​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​ឲ្យ​បាន​១​លាន​នាក់​ក្នុង​មួយ​ឆ្នាំ នៅ​ជំហាន​ដំបូង។ ក្រោយ​បាន ​១​លាន​នាក់​ហើយ យើង​នឹង​ពង្រីក​បន្ថែម​ទៀត អាច​ថា​២​លាន​នាក់ ឬ ៣​លាន​នាក់​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ទៀត»។

វិស័យ​ទេសចរណ៍​រួម​ចំណែក​ប្រមាណ​១៣​ភាគរយ​ដល់​សេដ្ឋកិច្ច​កម្ពុជា​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។ ឆ្នាំ​២០១៩ គឺ​ជា​ពេល​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ច្រើន​បំផុត គឺ​មាន​ចំនួន ៦,៦១ លាន​នាក់ ដែល​ក្នុង​នោះ​ចំនួន​ភ្ញៀវ​ជនជាតិ​ចិន​នៅ​ឈរ​លើ​គេ​គឺ​ប្រមាណ ២,៣៦​ លាន​នាក់ ឬ​ស្មើ​នឹង ៣៥,៧​ភាគរយ​ចំនួន​ចំនួន​ភ្ញៀវ​បរទេស​សរុប។

សម្រាប់​រយៈ​ពេល ៧ ខែ​ឆ្នាំ ២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​សរុប​ជាង ៤,២៩​លាន​នាក់​កើន​ឡើង ២២,៥ ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២៣។ ក្នុង​ចំណោម​ភ្ញៀវ​ខាង​លើ ​ភ្ញៀវ​មក​ពី​ប្រទេស​ចិន​មាន​ចំនួន​ជាង ​៥៣​ម៉ឺន​នាក់ ​កើន​ឡើង​ ១៣,៧​ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣។

លោក អនហេង សុភ័ក្ត្រ ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​កម្ពុជា បាន​លើក​ឡើង​ថា ទេសចរ​ចិន​ជា​ចំណែក​ភ្ញៀវ​ទេសចរ​ដ៏​សំខាន់​របស់​កម្ពុជា។ ចំណុច​មួយ​ដែល​អាច​ជួយ​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ឡើង​វិញ គឺ​ការ​បើក​ជើង​ហោះហើរ​ត្រង់​ពី​ទីក្រុង​ឬ​ខេត្ត​សំខាន់ៗ​របស់​ចិន​មក​កម្ពុជា។

លោក​បាន​ថា កន្លង​មក​ភ្ញៀវ​ទេសចរ​ចិន​ស្នាក់​នៅ​កម្ពុជា​ចន្លោះ​ ៥ទៅ​៨ថ្ងៃ​ ហើយ​តំបន់​ទេសចរណ៍​ដែល​ជា​គោលដៅ​សំខាន់​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន​មាន​ ភ្នំ​ពេញ​ សៀមរាប​ និង​ព្រះ​សីហនុ។

លោក​និយាយ​ថា៖ «ក្នុង​នាម​ខ្ញុំ​ជា​អ្នក​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ទីផ្សារ​ចិន​ ខ្ញុំ​សូម​សម្ដែង​ការ​គាំទ្រ​និង​រីករាយ​ក្នុង​ការ​បង្កើន​ជើង​ហោះ​ហើរ​ទៅ​កាន់​ទី​ក្រុង​សំខាន់​របស់​ប្រទេស​ចិន​នេះ។ ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​ជើង​ហោះហើរ​​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​និង​ទាក់ទាញ​ទេសចរ​មក​កាន់​កម្ពុជា»៕