រយៈពេល ២-៣ ឆ្នាំចុងក្រោយនេះតម្លៃមាសនៅទីផ្សារអន្តរជាតិបានកើនឡើងជាបន្តបន្ទាប់ ដែលចរន្តនេះបានរុញឱ្យតម្លៃមាសនៅកម្ពុជាហក់ឡើងយ៉ាងលឿនទោះបីប្រទេសកម្ពុជានាពេលបច្ចុប្បន្នគឺទីតាំងកំពុងធ្វើអាជីវកម្មលើការចម្រាញ់រ៉ែមាសសម្រាប់នាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិក៏ដោយ។
បណ្តាញសង្គមរបស់ហាងលក់មាស(ហាងឆេងមាស ២៤ម៉ោង-Forfx) នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៤ បានសរសេរថា តម្លៃមាសគឺ ១ អោន(៨,៣ជី) មានតម្លៃ ២ ៧៣២ ដុល្លារ និង មាស ១ តម្លឹង តម្លៃ ៣ ២៩១ ដុល្លារ។
ចំណែកបណ្តាញសង្គម «តាមដានហាងឆេងមាស» ឱ្យដឹងថា គិតតាមតម្លៃហាងឆេងមាសអន្តរជាតិ(ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៤) មាស ១គីឡូក្រាម មានតម្លៃ ៨៧ ៦០៤ ដុល្លារ, មាស ១ តម្លឹង តម្លៃ ៣ ២៨៥ ដុល្លារ និងមាស ១ អោន តម្លៃ ២ ៧២៧ ដុល្លារ។
យោងតាមឯកសារមួយចំនួនដែលភ្នំពេញប៉ុស្តិ៍ស្រាវជ្រាវឃើញ គឺកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៣ មាសត្រូវបានលក់ចេញ(តម្លៃនៅកម្ពុជា) ក្នុងតម្លៃ ២ ៣៩០ ដុល្លារសម្រាប់ទម្ងន់ ១ តម្លឹង។
ដូច្នេះបើធ្វើការប្រៀបធៀបក្នុងរយៈពេល ១ ឆ្នាំ(ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤) គឺតម្លៃមាសបានហក់ឡើងប្រមាណ ៨៩០ ដុល្លារក្នុង ១តម្លឹង ឬស្មើនឹងប្រមាណ ៣៧,២៣ ភាគរយ។ មាសប្រើប្រាស់នៅកម្ពុជាភាគច្រើនត្រូវបាននាំចូលមកពីទីក្រុងហុងកុង។
មាសក្លាយជា«ទ្រព្យមានសុវត្ថិភាព» អំឡុងពេលពិភពលោកជួបនឹងអស្ថិរភាពផ្នែកនយោបាយ និងសេដ្ឋកិច្ច
អ្នកសេដ្ឋកិច្ច និងជាសាស្ត្រាចារ្យនៅសាលាភូមិន្ទរដ្ឋបាល លោកបណ្ឌិត ឌុច ដារិន្ទ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២២ ខែតុលាថា ការកើនឡើងតម្លៃមាសដ៏ច្រើនក្នុងរយៈពេលជាង ១ ឆ្នាំ មកនេះ គឺផ្តើមចេញពីវិបត្តិមួយចំនួនដូចជា ភាពមិនប្រាកដប្រជានៃកំណើនសេដ្ឋកិច្ចសកល, បញ្ហាអតិផរណា, ការថយចុះឥទ្ធិពលប្រាក់ដុល្លារអាមេរិក, ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចធំៗ, និងវិបត្តិកើតចេញពីសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ព្រមទាំងវិបត្តិសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។
លោកអះអាងថា៖ «ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងការភ័យខ្លាចការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក បាននាំឱ្យវិនិយោគិនលើពិភពលោកស្វែងរកទ្រព្យសម្បត្តិដែលមានសុវត្ថិភាពដូចជា មាស ដែលធ្វើឱ្យមានតម្រូវការមាសកើនឡើង និងជំរុញឱ្យតម្លៃមាសកើនឡើង»។
អតីតសាស្រ្តាចារ្យនៅសហរដ្ឋអាមេរិករូបនេះបានពន្យល់ថា ចំពោះអតិផរណា និងគោលនយោបាយរូបិយវត្ថុវិញ គឺកម្រិតអតិផរណាដែលបានកើនឡើងកន្លងមកនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ក៏បានជំរុញឱ្យធនាគារកណ្តាលរបស់ពួកគេរក្សាអត្រាការប្រាក់ខ្ពស់នៅពេលនោះ។ ទោះយ៉ាងណា ដោយសារសម្ពាធអតិផរណានៅតែមានជាបន្ត ដូច្នេះមាសនៅតែជាទ្រព្យសម្បត្តិការពារដ៏គួរឱ្យទាក់ទាញសម្រាប់ការទិញទប់ទល់នឹងអតិផរណា។ លើសពីនេះទៀត ការចុះខ្សោយនៃប្រាក់ដុល្លារ ក៏បានជំរុញឱ្យអ្នកវិនិយោគមានតម្រូវការទិញមាសផងដែរសម្រាប់ធ្វើជាទ្រព្យតម្កល់ដែលពួកគេគិតថាមានសុវត្ថិភាព។
លោកបន្ថែមថា៖«ម្យ៉ាងវិញទៀតភាពចលាចលនៅតំបន់ផ្សេងៗនៅអឺរ៉ុបខាងកើត និងមជ្ឈឹមបូព៌ាក៏បានជំរុញឱ្យអ្នកវិនិយោគឆ្ពោះទៅរកទ្រព្យសម្បត្តិដែលមានសុវត្ថិភាព ដូចជាមាស។ ជម្លោះដែលកំពុងបន្ត និងការបង្អាក់សង្វាក់ផ្គត់ផ្គង់នៅក្នុងទីផ្សារថាមពល បានបង្កើនហានិភ័យសេដ្ឋកិច្ចពិភពលោក ដោយជំរុញឱ្យវិនិយោគិនធ្វើពិពិធកម្មទៅលើមាស ជំនួសវិញ។ ទាំងអស់នេះសុទ្ធតែជាធាតុផ្សំដែលធ្វើឱ្យតម្លៃមាសហក់ឡើងជាបន្តបន្ទាប់»។
ការកើនឡើងតម្លៃមាស អាចជាឱកាសសម្រាប់វិនិយោគិនមួយចំនួន
លោក ដារិន្ទ បាននិយាយថា តម្លៃមាសខ្ពស់អាចផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិនដែលបានទិញមាសទុកនៅពេលដែលតម្លៃនៅថោក។ បន្ថែមពីលើនេះ ក្រុមហ៊ុននៅកម្ពុជាដែលចូលរួមក្នុងការចម្រាញ់រ៉ែមាស និងនាំចេញមាស អាចទទួលបានប្រាក់ចំណូលកើនឡើងដោយសារតម្លៃមាសកើនឡើងដែរ។
លោកប្រាប់ថា៖«តម្លៃមាសខ្ពស់ អាចផ្តល់ស្ថេរភាពសម្រាប់អ្នកវិនិយោគក្នុងពេលសេដ្ឋកិច្ចសកលមិនច្បាស់លាស់បែបនេះ។ ប្រទេសដែលមានផលិតកម្មមាសសំខាន់ៗដូចជា អូស្ត្រាលី និងប្រទេសអាហ្វ្រិកមួយចំនួន អាចទទួលបានអត្ថប្រយោជន៍ពីប្រាក់ចំណូលកើនឡើងនៅពេលតម្លៃមាសកើនឡើង ដោយធ្វើឱ្យសមតុល្យពាណិជ្ជកម្ម និងស្ថិរភាពសារពើពន្ធរបស់ពួកគេប្រសើរឡើង»។
តម្លៃមាសខ្ពស់ធ្វើឱ្យប៉ះពាល់ខ្លាំងចំពោះប្រទេសដែលមានតម្រូវការប្រើប្រាស់ច្រើន
អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានបន្ថែមថា តម្លៃមាសខ្ពស់អាចប៉ះពាល់ដល់ប្រទេសដែលពឹងផ្អែកខ្លាំងលើការនាំចូលមាស ព្រោះវានឹងធ្វើឱ្យថ្លៃដើមនៃការទទួលបានមាសសម្រាប់ការផលិតគ្រឿងអលង្ការ និងបច្ចេកវិទ្យាផ្សេងៗកើនឡើងខ្ពស់ជាងមុន។ ជាក់ស្តែងនៅក្នុងទីផ្សារដែលគ្រឿងអលង្ការមាសមានសារៈសំខាន់ខាងវប្បធម៌ ដូចជានៅប្រទេសឥណ្ឌា និងប្រទេសចិន តម្លៃមាសខ្ពស់អាចបង្អាក់ការចំណាយរបស់អ្នកប្រើប្រាស់ ដែលនឹងនាំឱ្យប៉ះពាល់ដល់វិស័យមួយចំនួនដូចជា ការលក់រាយ និងការផលិតដែលភ្ជាប់ទៅនឹងផលិតផលមាស។
តម្លៃមាសនឹងបន្តកើនឡើងថែមទៀតប្រសិនបើពិភពលោកមិនមានស្ថិរភាព
លោក ដារិន្ទ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា មានមតិមួយគួរពិចារណា ហើយលើកឡើងថា តម្លៃមាសទំនងជានឹងអាចមានស្ថេរភាព ឬអាចបន្តកើនឡើងរហូតដល់ដើមឆ្នាំ ២០២៥ ប្រសិនបើភាពមិនច្បាស់លាស់សេដ្ឋកិច្ចពិភពលោកនៅតែបន្តកើតមានឡើង ជាពិសេសការព្រួយបារម្ភជុំវិញវិបត្តិសេដ្ឋកិច្ចសកល និងអតិផរណាសកល។
លោកអះអាងថា៖«ប្រសិនបើហានិភ័យភូមិសាស្ត្រនយោបាយ ដូចជាសង្គ្រាមនៅអឺរុបខាងកើត និងមជ្ឈឹមបូព៌ានៅបន្តអូសបន្លាយខ្លាំង ឬភាពតានតឹងនៅតំបន់ផ្សេងទៀតបន្តលេចឡើងថ្មីៗទៀតនោះ វាអាចទំនងជាជំរុញឱ្យមានតម្រូវការទិញមាសបន្ថែមទៀតដែលជាកត្តាជំរុញឱ្យមាសឡើងថ្លៃបន្ថែម»។
ប្រទេសមហាអំណាចមានឥទ្ធិពលើតម្លៃមាស
អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ បាននិយាយថា ផ្អែកលើប្រវត្តិសាស្រ្ត«មាស»គឺជាវត្ថុមានតម្លៃដែលកើនតម្លៃខ្ពស់នៅពេលពិភពលោកជួបប្រទះនឹងអស្ថិរភាពនយោបាយ សង្គ្រាម ឬភាពវឹកវរណាមួយ។ ជាក់ស្តែងវិបត្តិដែលកើតមានជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសបញ្ហាជម្លោះភូមិសាស្រ្តនយោបាយ និងសង្រ្គាមរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន ព្រមទាំងសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា គឺសុទ្ធតែធ្វើឱ្យនយោបាយ និងសេដ្ឋកិច្ចពិភពលោកជួបបញ្ហា។
លោកបន្ថែមថា តម្លៃមាសក៏នឹងប្រែប្រួលទៅតាមគោលនយោបាយការបរទេស និងគោលនយោបាយហិរញ្ញវត្ថុរបស់ប្រទេសមហាអំណាចពិភពលោក។
លោកបានថ្លែងថា៖«ដោយសារមាស គឺជាទំនិញដែលប្រែប្រួលទៅតាមស្ថានភាពនយោបាយ និងសន្តិសុខពិភពលោក ដូច្នេះយើងនឹងរង់ចាំមើលនៅក្នុងពេលបោះឆ្នោតនៅសហរដ្ឋអាមេរិក(មហាអំណាចនយោបាយ និងសេដ្ឋកិច្ចទី១ លើពិភពលោក) នៅខែវិច្ឆិកាខាងមុខថា តើបេក្ខជនមកពីគណបក្សណានឹងទទួលជោគជ័យ ហើយមេដឹកនាំអាមេរិកនឹងមានគោលនយោបាយបែបណាចំពោះប្រទេសមួយចំនួនដូចជា កូរ៉េខាងជើង និងវិបត្តិសង្គ្រាមនៅប្រទេសអ៊ុយក្រែន និងអ៊ីស្រាអ៊ែល ជាដើម»។
រោងចក្រចម្រាញ់រ៉ែមាសនៅកម្ពុជា ចាប់ផ្តើមដំណើរការផ្លូវការកាលពីខែមិថុនា ឆ្នាំ ២០២១
អាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសលើកដំបូងរបស់កម្ពុជាបានបើកដំណើរការកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២១ ដែលជាការវិនិយោគរបស់ក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី Renaissance Minerals (Cambodia) Limited នៅក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសរបស់ Renaissance Minerals (Cambodia) Limited បានចាប់ផ្ដើមកាលពីពាក់កណ្ដាលឆ្នាំ ២០២០ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១២០លានដុល្លារ។
ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ធ្លាប់បានប្រកាសថា ខ្លួនអាចមានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត ២ លានតោន ក្នុងមួយឆ្នាំ និងអាចចម្រាញ់ចេញជាដុំមាសកម្រិត ៩០ ភាគរយ ហើយអាចទាញចំណូលប្រមាណ ១៨៥ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្ទាល់មានប្រមាណ ៤០ លានដុល្លារ។
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ បាននិយាយថា ការធ្វើអាជីវកម្មរ៉ែមាសនៅកម្ពុជាដែលមានអាជ្ញាបណ្ណ មានចំនួន ៩ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd អនុវត្តបានល្អជាងគេ។
ក្រសួងរ៉ែ និងថាមពល ធ្លាប់បានប្រកាសថា គិតត្រឹមដំណាច់ឆ្នាំ ២០២៣ កម្ពុជាចម្រាញ់រ៉ែមាស បានប្រមាណ ៩,៥ តោន៕