កម្ពុជា និងអាជ្ញាធរអាកាសចរណ៍ស៊ីវិលតួកគី បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការអនុវត្តសិទ្ធិហោះហើរកូធ័រមីណល (Co-terminal Rights) ដែលជាផ្នែកមួយក្នុងការជំរុញការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសរវាងប្រទេសទាំង ២ ក៏ដូចជាការតភ្ជាប់តាមផ្លូវអាកាសពីអឺរ៉ុប មកកម្ពុជាឱ្យបានកាន់តែច្រើន។
អនុស្សរណៈនៃការយោគយល់គ្នា(MOU) ស្តីពីការអនុវត្តសិទ្ធិហោះហើរកូធ័រមីណល (Co-terminal Rights) រវាងអាជ្ញាធរអាកាសចរស៊ីវិលកម្ពុជា ជាមួយអាជ្ញាធរអាកាសចរស៊ីវិលតួកគី ត្រូវបានធ្វើឡើងអំឡុងការចូលព្រឹត្តិការណ៍ ICAO Air Services Negotiation Event - ICAN2024 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២៥ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ គណៈប្រតិភូកម្ពុជាត្រូវបានដឹកនាំដោយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។
អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា លោក ស៊ីន ចាន់សិរីវុត្ថា បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២២ ខែតុលាថា MoU ដែលបានចុះហត្ថលេខានេះ គឺជាការបើកផ្លូវឱ្យមានការហោះហើរត្រង់ប្រភេទ General Aviation Fly ដែលអាចមានទាំងការហោះហើរត្រង់សម្រាប់ដឹកជញ្ជូនមនុស្ស និងទំនិញ។
លោកថ្លែងថា៖«យើងមានបំណងចង់ឱ្យមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់យើង ហោះទៅមករវាងប្រទេសទាំង ២ នៅថ្ងៃណាមួយ»។
បើតាមលោក ចាន់សិរីវុត្ថា អាជ្ញាធរកម្ពុជា មានបំណងចង់ឱ្យក្រុមហ៊ុនក្នុងស្រុកធ្វើការហោះហើរបើកសម្ពោធផ្លូវហោះហើរមួយនេះ។
MOU ស្តីពីការអនុវត្តសិទ្ធិហោះហើរកូធ័រមីណល (Co-terminal Rights) ដែលបានចុះហត្ថលេខានេះនឹងជំរុញឱ្យមានការហោះហើរត្រង់ដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសអន្តរជាតិរវាងប្រទេសទាំងពីរ ព្រមទាំងសម្រួលការធ្វើដំណើរតាមផ្លូវអាកាសពីអឺរ៉ុប មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាគោលនយោបាយថ្មីរបស់កម្ពុជា ក្រោយពីបានទទួលការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤។
លោកបានបន្តថា ការនេះក៏ស្របទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាលដែលតម្រូវឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាពង្រីកវិសាលភាពនៃការហោះហើរទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអ៊ឺរ៉ុប។
លោកបានប្រាប់ថា៖«សម្រាប់ជើងហោះហើរកម្ពុជាជាមួយប្រទេសតួកគី គឺធ្លាប់មានជាប្រភេទយន្តហោះដឹកទំនិញ(Cargo)កាលពីឆ្នាំ ២០១៦ ដោយ ក្នុង ១ សប្តាហ៍មាន ១ជើង មុនពេលផ្អាកទៅវិញក្នុងឆ្នាំ២០២៣។ សម្រាប់ការដឹកជញ្ជូនភ្ញៀវគឺមិនមាននោះទេ»។
យោងតាមលោក ចាន់សិរីវុត្ថា បន្ទាប់ពីចុះ MoU នេះរួច ភាគីទាំង ២ នៅត្រូវការពេលបន្ថែមទៀតមុននឹងឈានទៅចាប់ផ្តើមការអនុវត្តជាក់ស្តែង។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) លោក ធួន ស៊ីណាន បាននិយាយថា ព្រលានយន្តហោះនៅទីក្រុង Istanbul នៃប្រទេសតួកគី គឺជាកន្លែងប្រមូលផ្តុំដ៏ធំមួយ(Hub)នៅតំបន់នោះ ដូច្នេះប្រសិនបើកម្ពុជាអាចតភ្ជាប់ជើងហោះផ្ទាល់ជាមួយគ្នានោះ គឺកម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរកាន់តែច្រើន។
លោកបានអះអាងថា៖«បច្ចុប្បន្នព្រលានយន្តហោះក្នុងប្រទេសតួកគី គឺជាកន្លែងចុះចតយន្តហោះជាច្រើនដែលធ្វើដំណើររវាងទ្វីបអ៊ឺរ៉ុប និងអាស៊ី។ វានឹងផ្តល់គុណតម្លៃយ៉ាងច្រើនសម្រាប់វិស័យទេសចរណ៍កម្ពុជា»។
ចន្លោះពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ៤,២៩ លាននាក់កើនឡើង ២២,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។
ក្នុងចំណោមភ្ញៀវខាងលើ គឺភ្ញៀវមកពីប្រទេសតួកគី មានចំនួន ៥ ០០៩ នាក់ កើនឡើង ៩០,៧ ភាគរយ។ ភ្ញៀវចំនួន ៤ ០៥១ នាក់មកក្នុងគោលបំណងទេសចរណ៍, ជំនួញ ៩៥២ នាក់ និងផ្សេងៗចំនួន ៦ នាក់៕ នេះបើយោងតាមទិន្នន័យពីក្រសួងទេសចរណ៍៕