កម្ពុជាកំពុងសិក្សាទៅលើសំណើចូលរួមក្នុងគំនិតផ្ដួចផ្ដើមរបស់រដ្ឋាភិបាលថៃក្នុងការសម្របសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនសម្រាប់ភ្ញៀវទេសចរក្នុងប្រទេសចំនួន ៦ តាមគោលនយោបាយទិដ្ឋាការទេសចរណ៍ «ប្រទេស៦ គោលដៅតែមួយ»។
ការពិចារណាទៅលើគំនិតផ្ដួចផ្ដើមនេះ មានឡើងបន្ទាប់ពីជំនួបមួយ កាលពីថ្ងៃទី២១ ខែតុលានេះរវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាមួយលោក Dusit Manapan និងអ្នកស្រី Chayika Wongnapachant ទីប្រឹក្សារដ្ឋមន្ត្រីការបរទេសថៃ Maris Sangiampongsa។
កាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយនៅថ្ងៃនេះថា លោករដ្ឋមន្ត្រី ហួត ហាក់ បាន «ឯកភាព» ជាមួយគំនិតផ្ដួចផ្ដើមនេះ និងបន្តពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងមហាផ្ទៃ ជាដើម មុននឹងដាក់ជូនខុទ្ទកាល័យរាជរដ្ឋាភិបាលដើម្បីពិចារណា នៅមុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra មកកម្ពុជានាពេលខាងមុខ។
យោងតាមកាសែតដដែល គំនិតផ្ដួចផ្ដើម «ប្រទេស៦ គោលដៅតែមួយ» បង្កើតឡើងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងទេសចរណ៍ រវាងប្រទេសថៃ កម្ពុជា ឡាវ ព្រុយណេ ម៉ាឡេស៊ី និងវៀតណាម។ អាជ្ញាធរថៃគ្រោងយកកម្ពុជាជាប្រទេសដើម្បីសាកល្បង មុនពេលពង្រីកគំនិតផ្ដួចផ្ដើមទៅប្រទេសផ្សេងទៀត។
បើតាមបាងកកប៉ុស្តិ៍ ក្នុងជំនួបកាលពីថ្ងៃចន្ទ ក៏មានការពិភាក្សាអំពីការធ្វើឲ្យប្រសើរឡើងដល់កិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ ដូចជា កិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន ការតភ្ជាប់ទិសដៅទេសចរណ៍ ជាពិសេសតំបន់បេតិកភណ្ឌពិភពលោក និងការតភ្ជាប់ការជើងហោះហើររវាងប្រទេសទាំង៦។
ភាគីទាំងពីរក៏បានពិភាក្សាអំពីការការសម្រួលនៅក្នុងពិធីបុណ្យដែលមានលក្ខណៈស្រដៀងគ្នាមួយចំនួន ដូចជាបុណ្យចូលឆ្នាំខ្មែរ ថៃ ឡាវ បុណ្យចូលឆ្នាំចិន តាមរយៈការបញ្ចុះតម្លៃសម្រាប់ការស្នាក់នៅ និងការផ្ដល់សេវាកម្មអន្តោប្រវេសន៍ឆាប់រហ័ស។
លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃនេះថា ភាគីថៃបានលើកឡើងពីទេសចរណ៍៦ប្រទេស គោលដៅតែមួយ ហើយលោករដ្ឋមន្ត្រី ហួត ហាក់ ក៏បានមើលឃើញថាជាគំនិតផ្ដួចផ្ដើមល្អ ក្នុងការលើកស្ទួយវិស័យទេសចរណ៍។
លោកថ្លែងដូច្នេះថា៖ «ប៉ុន្តែកិច្ចការនេះ វាជាការសម្រេចរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ដូច្នេះហើយ យើងនឹងសិក្សាលម្អិតជាមួយក្រុមការងារជំនាញពាក់ព័ន្ធ។ ឯកឧត្តមរដ្ឋមន្ត្រីមិនបានឯកភាពជាគោលការណ៍ក្នុងការចូលរួមណាមួយនោះទេ លោកបានទទួលយកសំណូមពរនេះមកពិចារណា គឺមិនមានមានការឯកភាពធ្វើការយ៉ាងណាជាមួយគ្នាយ៉ាងណាៗនៅឡើយទេ»។
លោកបន្តថា៖ «សំណើនេះត្រូវបានយកមកពិចារណាដើម្បីសិក្សាអំពីការងារពាក់ព័ន្ធជាមួយនឹងជំនាញផ្សេងៗទៀត ទើបអាចសម្រេចនាពេលក្រោយ»៕