ក្រសួងទេសចរណ៍បញ្ជាក់ថា កម្ពុជាមិនបានបង្ហាញជំហរគាំទ្រគំនិតផ្តួចផ្តើម «ប្រទេស៦ គោលដៅតែមួយ» “Six countries, One Destination” របស់ថៃនោះទេ ប៉ុន្តែ បានបញ្ជាក់ទៅភាគីថៃថា ក្រសួងទេសចរណ៍«សូមធ្វើការកត់សម្គាល់លើគំនិតផ្តួចផ្តើមនេះ និងស្នើសុំភាគីថៃផ្តល់ឯកសារទស្សនទានដែលគ្រប់ជ្រុងជ្រោយ និងឯកសារពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមនេះតាមផ្លូវការទូត»។
គំនិតផ្ដួចផ្ដើម «ប្រទេស៦ គោលដៅតែមួយ» ត្រូវបានលោក Dusit Manapan ទីប្រឹក្សារដ្ឋមន្ត្រីការបរទេសថៃ លើកឡើងនៅក្នុងជំនួបជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីថ្ងៃទី២១ ខែតុលា។ បន្ទាប់ពីជំនួបនេះ សារព័ត៌មានមួយចំនួនបានចុះផ្សាយថា កម្ពុជា «គាំទ្រ» គំនិតផ្ដួចផ្ដើមនេះ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី២៣ ខែតុលានេះ ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្រសួងបានបញ្ជាក់ពីកិច្ចការនេះនៅក្នុងលិខិតផ្លូវការរបស់ក្រសួងទេសចរណ៍ លេខ១៦៣ MOT ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ផ្ញើជូនស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជា។
គំនិតផ្ដួចផ្ដើម «ប្រទេស៦ គោលដៅតែមួយ» ត្រូវបានភាគីថៃផ្ដួចផ្ដើមឡើងដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែនសម្រាប់ភ្ញៀវទេសចរនៅក្នុងប្រទេសចំនួន ៦ រួមមាន ថៃ កម្ពុជា ឡាវ វៀតណាម ម៉ាឡេស៊ី និង ព្រុយណេ។
ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ៤,២៩ លាននាក់ កើនឡើង ២២,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ ទេសចរមកពីប្រទេសថៃ មានចំនួនច្រើនជាងគេ គឺ ១,៣៤ លាននាក់ កើនឡើង ១៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលចំនួននេះ គឺស្មើនឹង ៣១,៣២ ភាគរយនៃចំនួនភ្ញៀវបរទេសទាំងអស់។ នេះបើតាមស្ថិតិពីក្រសួងទេសចរណ៍។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) យល់ឃើញថា កម្ពុជាគួរចូលរួមក្នុងគំនិតផ្ដួចផ្ដើមនេះ ហើយលោកគាំទ្រឲ្យមានគំនិតផ្ដួចផ្ដើមបែបនេះនៅក្រុងក្របខណ្ឌអាស៊ានតែម្ដង ដែលបូករួមទាំងប្រទេសទីម័រខាងកើត មានចំនួន ១១ ប្រទេស ហើយប្រជាជនសរុបមានរហូតដល់ជាង ៦០០លាននាក់។
លោកថ្លែងថា៖ «បើសួរថា កម្ពុជាគួរចូលរួម ឬមិនគួរចូលរួម សម្រាប់ខ្ញុំ វាចាំបាច់ណាស់ គួរចូលរួម ប៉ុន្តែធ្វើម៉េចឲ្យមានតម្លាភាព ពីព្រោះប្រទេសថៃមានគំនិតច្រើន ហើយកិច្ចការរបស់គេតែងមានផែនការជាក់លាក់។ ដូច្នេះ ដើម្បីកុំឲ្យបាត់បង់នូវផលប្រយោជន៍របស់យើង យើងត្រូវតែមានយន្តការ យើងត្រូវតែមានផែនការជាក់លាក់របស់យើងដូចគ្នាដែរ»។
លោកបន្តថា ប្រទេសថៃ ដែលជាអ្នកផ្ដួចផ្ដើម ប្រាកដជាមានយន្តការ និងផែនការដើម្បីបានជាផលប្រយោជន៍សម្រាប់ប្រទេសជាតិរបស់គេ។ លោកបន្តថា លោកមើលមិនឃើញមានអ្វីជាហានិភ័យធំដុំទេ នៅក្នុងគំនិតផ្ដួចផ្ដើមនេះ ព្រោះកម្ពុជា មានច្បាប់អន្តោប្រវេសន៍របស់ខ្លួនល្អត្រឹមត្រូវ។
បើតាមលោក ស៊ីណាន ប្រទេសទាំង៤ រួមមានកម្ពុជា ថៃ វៀតណាម និងឡាវ សុទ្ធតែជាប្រទេសនៅក្នុងផែនទីទស្សនារបស់ភ្ញៀវទេសចរមកពីតំបន់អឺរ៉ុប។ ដូច្នេះ បើមានគោលនយោបាយទិដ្ឋាការដូចគ្នា គឺជារឿងល្អរបស់កម្ពុជា។ លោកថា ថៃមានភាពវ័យឆ្លាតលើវិស័យទេសចរណ៍តាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មី ហើយបានចាត់ទុកខ្លួនឯងថាជាច្រកទ្វារមកដល់ដំបូងនៃភ្ញៀវទេសចរ មុននឹងពួកគេទៅទស្សនាប្រទេសទាំង៥ផ្សេងទៀត។
លោកបន្តថា ប្រសិនបើកម្ពុជាចូលរួមក្នុងគំនិតផ្ដួចផ្ដើមនេះ កម្ពុជា ក៏អាចឆក់ឱកាសនេះដោយបង្កើតយន្តការពិសេសអ្វីមួយ ដើម្បីឲ្យកម្ពុជាគឺជាច្រកចូលធំសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ជាជាងគ្រាន់តែជាកង់សាគួររបស់ថៃ។ កិច្ចការនេះអាស្រ័យលើគោលនយោបាយរបស់កម្ពុជា បូករួមទាំងការភ្ជាប់ជើងហោះហើរឲ្យបានច្រើនផងដែរ។
បើតាមការយល់ឃើញរបស់លោក តាមរយៈគំនិតផ្ដួចផ្ដើមនេះ ប្រទេសថៃអាចប្រាប់ទៅភ្ញៀវទេសចរអន្តរជាតិថា ប្រសិនបើពួកគេទិញកញ្ចប់ទេសចរណ៍ថៃ ពួកគេអាចមកទស្សនាប្រទេសថៃ ហើយអាចបន្តទៅទស្សនាប្រទេស៥ផ្សេងទៀងដោយមិនចាំបាច់ចំណាយសម្រាប់ទិដ្ឋាការ។ កម្ពុជាក៏អាចធ្វើដូច្នេះបានដែរ។
លោក ឈត ប៊ុនថង អ្នកជំនាញទំនាក់វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ក្នុងសម័យប្រកួតប្រជែងយកឈ្នះគ្នាគ្រប់វិស័យនេះ វាចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃ រួមទាំងគំនិតផ្ដួចផ្ដើមនេះដែរ ដែលលោកចាត់ទុកថាជាឱកាស។
លោកថ្លែងថា៖ «ពេលចូលទៅអ្នកណាយកចំណេញ អ្នកណាខ្លាំង អ្នកណាទាញបានផលប្រយោជន៍ច្រើនជាង វាជារឿងជាក់ស្ដែង។ ពេលយើងចូលទៅ យើងកុំពឹងលើប្រទេសណាមួយ ប៉ុន្តែយើងពឹងលើខ្លួនឯង។ ដំបូងត្រូវធ្វើការរួមគ្នាធ្វើម៉េចឲ្យទេសចរមកប្រទេសទាំង៦ បន្ទាប់មកប្រទេសនីមួយៗត្រូវរៀបចំខ្លួនឲ្យមានភាពទាក់ទាញ លើគោលនយោបាយទេសចរណ៍ សេវាកម្មទេសចរណ៍ និងផលិតផលទេសចរណ៍»។
លោកបន្តថា៖ «វាជារឿងល្អលេងដែរ សំខាន់យើងហ៊ានលេងឬអត់ ហើយយើងត្រៀមខ្លួនដើម្បីលេងហ្គេមនេះឬអត់។ វាដូចជាការចូលរួមក្នុងសមាគមអាស៊ាន ឬចូល WTO ដែលត្រូវបង់លុយប្រចាំឆ្នាំ តើយើងទទួលបានអ្វីមកវិញ? យើងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងប្រទេសផ្សេងទៀត តើយើងបានអ្វីមកវិញ? គឺយើងត្រូវទាញប្រយោជន៍ពីការចូលរួមទាំងនោះ»។
បើតាមលោក ប៊ុនថង មានតែការត្រៀមខ្លួន និងមានកញ្ចប់ទេសចរណ៍ផ្ទាល់ខ្លួនទេ ដែលអាចឲ្យកម្ពុជាទាញយកផលប្រយោជន៍ពីគំនិតផ្ដួចផ្ដើម «ប្រទេស៦ គោលដៅតែមួយ»។ បើមិនដូច្នោះទេ កម្ពុជានឹងរង់ចាំយក«កន្ទុយ»នៃកញ្ចប់ទេសចរណ៍របស់ថៃ ឬប្រទេសផ្សេងទៀត៕