ចរាចរណ៍ទំនិញរវាងប្រទេសកម្ពុជា និងថៃបានដំណើរការទៅមុខជាធម្មតា ដោយក្នុងរយៈពេល ៩ខែដើមឆ្នាំ ២០២៤ មានទឹកប្រាក់ជាង ៣,១ ពាន់លានដុល្លារ កើនជាង ១០ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ប្រទេសថៃ គឺជាដៃគូពាណិជ្ជកម្មធំទី ៤ របស់កម្ពុជាបន្ទាប់ពីប្រទេសចិន អាមេរិក និងវៀតណាម។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)។
ស្ថិតិកត់ត្រាដោយ GDCE ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៤ ការនាំចេញនាំចូលទំនិញរវាងកម្ពុជា និងថៃ មានទឹកប្រាក់សរុប ៣ ១៦៩,៣៦ លានដុល្លារ កើនឡើង ១២,៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។
ទំនិញដែលកម្ពុជានាំទៅប្រទេសថៃមានចំនួន ៦៤៥,៥ លានដុល្លារ ធ្លាក់ចុះ ១ ភាគរយ ចំណែកទំនិញថៃនាំមកកម្ពុជា មានចំនួន ២ ៥២៣,៨៦ លានដុល្លារ កើនឡើង ១៦,៤ ភាគរយ។ យោងតាមតួលេខ គឺកម្ពុជាមានឱនភាពជញ្ជីងពាណិជ្ជកម្មចំនួន ១ ៨៧៨,៣៦ លានដុល្លារ កើនឡើងពី ១ ៥១៥,៩៥ លានដុល្លារ នារយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
សម្រាប់ខែកញ្ញា ឆ្នាំ ២០២៤ ការនាំចេញ នាំចូលទំនិញរវាងប្រទេសទាំង ២ មានទឹកប្រាក់ ៣៨១,៦៨ លានដុល្លារ កើនឡើង ៣៧,៧៣ ភាគរយបើធៀបខែកញ្ញា ឆ្នាំ ២០២៣ ដោយទំនិញកម្ពុជានាំចេញ មានចំនួន ៧៤ លានដុល្លារ កើនឡើង ៥៥,៩ ភាគរយ និងទំនិញថៃនាំចូលចំនួន ៣០៧,៦៨ លានដុល្លារ កើនឡើង ៣៤ ភាគរយ។
លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ដែលជាខេត្តមានច្រកទ្វារព្រំដែនច្រើនជាប់ជាមួយប្រទេសថៃ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ២៣ ខែតុលាថា ការនាំទំនិញពីខេត្តបាត់ដំបងទៅប្រទេសថៃ និងពីថៃចូលមកកម្ពុជាគឺមានដំណើរការទៅមុខជាធម្មតា។ ភាគច្រើននៃទំនិញកម្ពុជានាំទៅប្រទេសថៃ មានដូចជា ផ្លែស្វាយ ដំឡូង ពោត ម្រេច និងសណ្តែក ចំណែកទំនិញដែលថៃនាំចូលវិញមានដូចជា គ្រឿងសំណង់ សម្ភារអគ្គិសនី គ្រឿងយន្តកសិកម្ម ចំណីអាហារ គ្រឿងទេស ភេសជ្ជៈ និងផ្លែឈើ ជាដើម។
លោកថ្លែងថា៖«លំហូរទំនិញរវាងកម្ពុជា និងថៃ គឺមានសកម្មភាពប្រហាក់ប្រហែលឆ្នាំមុន»។
លោកប្រាប់ទៀតថា ទោះយ៉ាងណា ប្រជាកសិកម្ម និងឈ្មួញនាំចេញកសិផល តែងជួបនឹងបញ្ហាមួយចំនួននៅពេលរដូវប្រមូលផលកសិផលចូលមកដល់ ដោយភាគីថៃតែងរឹតបន្តឹងចំពោះការនាំចូលពីកម្ពុជា ដើម្បីរក្សាលំនឹងទីផ្សារ និងតម្លៃកសិផលនៅក្នុងប្រទេសរបស់គេ។
ប្រធានមន្ទីពាណិជ្ជកម្មខេត្តកោះកុង លោក សាលីម ហ្វារីត បាននិយាយថា ដោយសារខេត្តកោះកុងមានព្រំដែនទឹកជាប់ជាមួយប្រទេសថៃ ដូច្នេះការផ្លាស់ប្តូរទំនិញ គឺមានមិនសូវច្រើនដូចផ្លូវគោកទេ។ ភាគច្រើននៃទំនិញដែលកម្ពុជានាំទៅប្រទេសថៃ គឺជាផលិតផលនេសាទ គ្រឿងបង្គុំអេឡិចត្រូនិក និងឧបករណ៍អគ្គិសនីដែលមានរោងចក្រនៅក្នុងខេត្តកោះកុង រីឯទំនិញដែលថៃនាំមកកម្ពុជាភាគច្រើនជា បន្លែ ផ្លែឈើ គ្រឿងទេស និងភេសជ្ជៈ។
លោកនិយាយថា៖«ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា និងថៃ តាមរយៈច្រកខេត្តកោះកុង គឺមិនមានច្រើនដូចបណ្តាខេត្តនានាដែលមានព្រំដែនគោកជាប់គ្នាទេ»។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ថា សកម្មភាពនាំចេញនាំចូលទំនិញរវាងប្រទេសទាំង ២ គឺមានរៀងរាល់ថ្ងៃ ដោយភាគច្រើននៃទំនិញកម្ពុជានាំទៅប្រទេសថៃ គឺជាធនធានធម្មជាតិ និងផលិតផលកសិកម្មមិនទាន់កែច្នៃ ចំណែកទំនិញដែលថៃនាំមកវិញ គឺមានច្រើនប្រភេទរាប់ចាប់តាំងពីចំណីអាហារ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងយន្តកសិកម្ម យានយន្ត ជីគីមី និងសម្ភារសំណង់ ជាដើម។
លោកបន្តថា ដោយសារប្រទេសទាំង ២ មានព្រំដែនគោក និងទឹកជាប់គ្នាជាច្រើនកន្លែង ដូច្នេះចំនួនទឹកប្រាក់ពាណិជ្ជកម្មទ្វេភាគី គឺប្រាកដជាលើសពីការកត់ត្រាផ្លូវការច្រើន។
លោកបានថ្លែងថា៖«ដោយសារសមត្ថភាពរោងចក្រ/សហគ្រាសផលិត និងកែច្នៃក្នុងប្រទេសកម្ពុជាមានកម្រិត ដូច្នេះតែងមានលំហូរផលិតផលកសិកម្ម និងធនធានធម្មជាតិជាច្រើនទៅប្រទេសថៃ។ ប្រទេសថៃ គឺជាទីផ្សារសំខាន់មួយសម្រាប់ផលិតផលកសិកម្មកម្ពុជា»។
កាលពីថ្ងៃទី៧ ខែកុម្ភៈ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងផ្នែកឯកជនមួយចំនួនទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសថៃ។ ក្នុងអំឡុងដំណើរទស្សនកិច្ចនោះ កម្ពុជា-ថៃ បានចុះអនុស្សារណៈនៃការយោគយល់ (MoU) លើកិច្ចសហប្រតិបត្តិការជាច្រើន ដោយក្នុងនោះផ្នែកពាណិជ្ជកម្ម រួមមាន MoU ស្តីពីទំនិញឆ្លងកាត់រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនាយកដ្ឋានគយថៃ, MoU រវាងសភាពាណិជ្ជកម្មកម្ពុជា និងធនាគារនាំចេញ-នាំចូលថៃ និង MoU រវាងសភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មាធិការពាណិជ្ជកម្មថៃ។
តាមរយៈដំណើរទស្សនកិច្ចនោះ ភាគីទាំង ២ សង្ឃឹមថាចំណងទាក់ទងការទូត ការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីនឹងរឹតតែរឹងមាំថែមទៀត។ ជាមួយគ្នានេះរដ្ឋាភិបាលប្រទេសទាំង ២ ក៏បានដាក់គោលដៅសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន ១៥ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៥។
យោងតាម GDCE ក្នុងឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មកម្ពុជា-ថៃ មានទឹកប្រាក់សរុប ៣,៧១ពាន់លានដុល្លារ ធ្លាក់ចុះ ១៧ភាគរយធៀបឆ្នាំ២០២២ ក្នុងនោះកម្ពុជានាំទំនិញទៅទីផ្សារប្រទេសថៃ ៨១៧,៥៧លានដុល្លារ ធ្លាក់ចុះ ១,៧ភាគរយ និងថៃនាំមកកម្ពុជា ២,៨៩ពាន់លានដុល្លារ ធ្លាក់ចុះ ២០,៥ភាគរយ៕