អាជ្ញាធរអាកាសចរស៊ីវិលកម្ពុជាបានជួបជាមួយអាជ្ញាធរផ្នែកដឹកជញ្ជូនម៉ាឡេស៊ីដើម្បីពិភាក្សាពីលទ្ធភាពក្នុងការបង្កើនចំនួនជើងហោះហើរត្រង់ជាមួយគ្នាឱ្យបានច្រើនគោលដៅ និងច្រើនជើងប្រហាក់ប្រហែលនឹងមុនការលេចឡើងវត្តមានជំងឺកូវីដ១៩ ខណៈរយៈពេល ៨ខែដើមឆ្នាំ ២០២៤ ជនជាតិម៉ាឡេស៊ីដែលធ្វើដំណើរមកកម្ពុជាមានប្រមាណជាង ៦ ម៉ឺននាក់។
រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ម៉ៅ ហាវណ្ណាល់ ក្នុងអំឡុងពេលចូលរួមព្រឹត្តិការណ៍ស្តីពីការចរចាកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដែលរៀបចំដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO Air Services Negotiation Event - ICAN2024) នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៤ បានជួបពិភាក្សាជាមួយ លោក Loke Siew Fook រដ្ឋមន្ត្រីដឹកជញ្ជូនប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សាលើផែនការសំខាន់ៗមួយចំនួនទាក់ទងនឹងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស។
យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បញ្ហាសំខាន់ៗចំនួន ៣ ត្រូវបានលើកយកមកពិភាក្សា រួមមាន ១. ការជំរុញការស្តារជើងហោះហើរឡើងវិញរវាងប្រទេសទាំង២ ឱ្យដូចមុនវិបត្តិជំងឺកូវីដ-១៩ ឬឆ្នាំ ២០១៩, ២. ជំរុញឱ្យមានការដាក់ជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ, និង ៣. ស្នើសុំឱ្យមានការតភ្ជាប់ជើងហោះហើរពីទីក្រុងសំខាន់ៗរបស់ប្រទេសម៉ាឡេស៊ី ដូចជា ទីក្រុងប៉េណាំង ទីក្រុងជហូប៉ារូ និងទីក្រុងកូតាគីណាបាលូ មកកាន់ប្រទេសកម្ពុជា។
លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលសមាគមទេសចរណ៍កម្ពុជា និងជាប្រធានក្រុមហ៊ុនទេសចរណ៍ World Express Co., Ltd(Ho Vandy, Board chairman at Cambodia Tourism Association-CATA, Managing Director of World Express Co., Ltd) បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ប្រសិនបើកម្ពុជាអាចមានជើងហោះហើរអន្តរជាតិកាន់តែច្រើន គឺវានឹងក្លាយជាចំណែកមួយក្នុងការជំរុញ និងលើកទឹកចិត្តឱ្យមានចរន្តនៃការធ្វើដំណើររបស់មនុស្ស និងទំនិញច្រើនជាងមុន។ មុនពេលមានវិបត្តិកូវីដ១៩ កម្ពុជាមានជើងហោះហើរជាមួយប្រទេសម៉ាឡេស៊ីជាច្រើនជើងក្នុង ១សប្តាហ៍។
លោកបន្តថា ជនជាតិម៉ាឡេស៊ីធ្វើដំណើរមកកម្ពុជា គឺមានទាំងភ្ញៀវទេសចរ អ្នកមកបំពេញការងារ និងអ្នកវិនិយោគ។
លោកបានថ្លែងថា៖«ប្រទេសម៉ាឡេស៊ីមានព្រលានយន្តហោះធំ និងមមាញឹកមួយលើពិភពលោក ដូច្នេះបើមានជើងហោះហើរតភ្ជាប់មកកម្ពុជាកាន់តែច្រើន វានឹងបង្កភាពងាយស្រួលដល់ជនជាតិម៉ាឡេស៊ី ក៏ដូចជាជនបរទេសផ្សេងទៀតក្នុងការធ្វើដំណើរមកកម្ពុជាកាន់តែច្រើន»។
លោកបន្ថែមថា៖«ដើម្បីឱ្យកិច្ចការនេះបោះជំហានទៅមុខកាន់តែលឿន វាក៏ត្រូវការការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងផ្នែកឯកជនកម្ពុជាក្នុងការពង្រឹក និងពង្រីកការផ្សព្វផ្សាយដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យធ្វើដំណើរមកកម្ពុជាផងដែរ»។
លោក វណ្ឌី បានប្រាប់ទៀតថា បន្ទាប់ពីការកាត់បន្ថយចំនួនជើងហោះហើរយ៉ាងច្រើនក្នុងអំឡុងពេលជាង ៣ឆ្នាំនៃវិបត្តិជំងឺកូវីដ១៩ គឺចាប់ពីខែតុលានេះតទៅ នឹងមានជើងហោះហើរត្រង់រវាងទីក្រុងគូឡាឡំពួរ-ភ្នំពេញ ជារៀងរាល់ថ្ងៃ (ថ្ងៃខ្លះមានលើសពី ២ជើង) ដែលប្រតិបត្តិការដោយក្រុមហ៊ុន Malaysia Airlines និង AirAsia។
ទាក់ទងនឹងផែនការចង់ឱ្យ Malaysia Airlines បើកការហោះហើរត្រង់មកកាន់ខេត្តសៀមរាប លោក វណ្ឌី និយាយថា៖«បើមានជើងហោះហើរតភ្ជាប់ពីទីក្រុងនានាក្នុងប្រទេសម៉ាឡេស៊ី មកកាន់ខេត្តសៀមរាប គឺវានឹងលើកទឹកចិត្តឱ្យអ្នកចង់មកកម្សាន្តកម្ពុជាកាន់តែមានភាពងាយស្រួល។ វាក៏បង្កភាពងាយស្រួលសម្រាប់ជនជាតិខ្មែរដែលចង់ធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីផងដែរ»។
រយៈពេល ៨ ខែដើមឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ៤,២៩ លាននាក់ កើនឡើង ២២,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។
ភ្ញៀវមកពីប្រទេសម៉ាឡេស៊ី មានចំនួ ៦១ ២២៦ នាក់ កើនឡើង ១,៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលចំនួននេះ គឺស្មើនឹង ១,៤ ភាគរយនៃចំនួនភ្ញៀវបរទេសទាំងអស់ចូលមកកម្ពុជាក្នុងរយៈពេល ៨ខែ។ នេះបើយោងតាមទិន្នន័យក្រសួងទេសចរណ៍។
ស្ថិតិជញ្ជីងពាណិជ្ជកម្មកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៤ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ម៉ាឡេស៊ី មានទឹកប្រាក់សរុប ៦៥៩,៨៤ លានដុល្លារ កើន ៣៥,៦ ភាគរយ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
ក្នុងចំនួននេះ គឺទំនិញម៉ាឡេស៊ី នាំមកកម្ពុជា មានចំនួន ៥៦៣,៨៤ លានដុល្លារ កើន ៣៦ ភាគរយ និងទំនិញកម្ពុជានាំទៅម៉ាឡេស៊ី ៩៦ លានដុល្លារ កើនឡើង ៣៣,៣ ភាគរយ៕