ភ្ញៀវអន្តរជាតិជិត ៥ លាននាក់បានធ្វើដំណើរមកកម្ពុជាក្នុងរយៈពេល ៣ត្រីមាសដំបូងឆ្នាំ ២០២៤ កើនឡើងប្រមាណ ១/៥ ដងបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ខណៈទេសចរជាតិចំនួនជិត ១,៤ លាននាក់បានធ្វើដំណើរចេញក្រៅប្រទេស។ នេះបើយោងតាមក្រសួងទេសចរណ៍។
ទិន្នន័យក្រសួងទេសចរណ៍ ដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបានក្នុងថ្ងៃទី២៤ ខែតុលា នេះបង្ហាញថា គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ សរុប ៤,៨ លាននាក់ កើនឡើង ២២,២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
ចំនួននេះ គឺស្មើនឹង ៩៩,៧ ភាគរយនៃចំនួនភ្ញៀវទេសចរអន្តរជាតិដែលកម្ពុជាទទួលបានក្នុងឆ្នាំ ២០១៩ ដែលជាឆ្នាំជាប់កំណត់ត្រានៃការទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនបំផុត។
ក្រសួងបានឱ្យដឹងទៀតថា ជាមួយនឹងកំណើនភ្ញៀវទេសចរអន្តរជាតិខាងលើ ការលក់បណ្ណឱ្យភ្ញៀវទេសចរអន្តរជាតិចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ក៏បង្ហាញភាពវិជ្ជមានផងដែរ ដោយការលក់សំបុត្រសម្រេចបានចំនួន ៦៩៩ ៨៥០ សន្លឹក កើនឡើង ២៩,៧ ភាគរយ និងប្រមូលចំណូលបាន ៣២,៥២ លានដុល្លារ កើនឡើង ៣០,២ភាគរយ។
ទន្ទឹមនឹងនេះ ក៏មានភ្ញៀវទេសចរជាតិចំនួន ១,៣៦ លាននាក់បានចេញទៅដើរកម្សាន្តនៅក្រៅប្រទេសផងដែរ ដោយកើនឡើងប្រមាណ ៣,២ ភាគរយ។ នេះបើតាមក្រសួងទេសចរណ៍។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក(Tob Sopheak) បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២៤ ខែតុលាថា កត្តាស្ថិរភាពនយោបាយ និងសន្តិសុខក្នុងប្រទេស គឺជាហេតុផលចម្បងដែលជួយទាក់ទាញភ្ញៀវអន្តរជាតិឱ្យធ្វើដំណើរមកលេងកម្សាន្ត ឬបោះទុនវិនិយោគនៅកម្ពុជាកាន់តែច្រើន។
លោកបន្ថែមថា ក្រៅពីកត្តាសុខសន្តិភាព កម្ពុជាក៏ជាប្រទេសដែលមានតំបន់ទេសចរណ៍ច្រើន រាប់ចាប់តាំងពីទេសចរណ៍បែបវប្បធម៌ ប្រវត្តិសាស្រ្ត រធម្មជាតិ និងរមណីយដ្ឋានកែច្នៃ។ ចំណែកគុណភាពនៃការធ្វើបដិសណ្ឋារកិច្ច និងកិច្ចសហការរបស់រដ្ឋាភិបាល និងផ្នែកឯកជនកម្ពុជា ជាមួយគ្រប់ផ្នែកពាក់ព័ន្ធទាំងក្នុងប្រទេស និងក្រៅប្រទេសក៏ល្អប្រសើរផងដែរ។
លោកបានអះអាងថា៖«ជារួមក្នុងឆ្នាំ២០២៤ នេះយើងរំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់ ៦ លាននាក់ ហើយនៅឆ្នាំ២០២៥ ទើបស្ថានភាពវិស័យទេសចរណ៍អន្តរជាតិអាចនឹងវិលត្រឡប់មកតួលេខប្រហាក់ប្រហែលនឹងឆ្នាំ២០១៩»។
ឆ្នាំ ២០១៩ គឺជាពេលកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនបំផុត គឺចំនួន ៦,៦១ លាននាក់ កើន ៦,៦ ភាគរយ។ ចំណូលដែលកម្ពុជាទទួលបានពីទេសចរណ៍អន្តរជាតិនៅពេលនោះ គឺ ៤,៩២ ពាន់លានដុល្លារ។ វិស័យទេសចរណ៍ បានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប(GDP) ១២,១ ភាគរយ។
លោក សុភ័ក លើកឡើងទៀតថា កំណើនជើងហោះហើរអន្តរជាតិមកកម្ពុជា ក៏ជាចំណែកមួយដែលនឹងជួយឱ្យកម្ពុជាអាចស្រូបទាញភ្ញៀវទេសចរ និងអ្នកវិនិយោគអន្តរជាតិឱ្យចូលមកកម្ពុជាកាន់តែច្រើនផងដែរ។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បាននិយាយថា ចំនួនភ្ញៀវទេសចរអន្តរជាតិដែលមកកម្ពុជា ពិសេសក្នុងខេត្តសៀមរាបគឺពិតជាកើនបើធៀបនឹងរយៈពេលប៉ុន្មានឆ្នាំមុន ដែលធ្លាក់ចុះស្ទើរដល់សូន្យដោយសារក្តីបារម្ភពីការឆ្លងរាលដាលជំងឺកូវីដ១៩។ ទោះយ៉ាងចំនួននេះគឺនៅទាបជាឆ្ងាយបើធៀបនឹងឆ្នាំ២០១៩ ដោយនៅពេលនោះ គេឃើញមានភ្ញៀវអន្តរជាតិជាច្រើនដើរកម្សាន្តនៅតាមប្រាសាទនានានាពេលថ្ងៃ និងពេលយប់នៅតំបន់ Pub Street។
លោកបន្តថា៖«យើងរំពឹងថា ចំនួនភ្ញៀវអន្តរជាតិមកកម្សាន្តក្នុងខេត្តសៀមរាបនឹងបន្តកើនឡើងកាន់តែច្រើនចាប់ពីរដូវសម្បូរភ្ញៀវនេះតទៅ។ ភ្ញៀវអន្តរជាតិនៅពេលនេះ គឺមានភាគច្រើនមកពីតំបន់អ៊ឺរ៉ុប និងអាមេរិក ខុសប្លែកកាលពីមុនឆ្នាំ ២០២០ ដែលភាគច្រើនជាភ្ញៀវក្នុងតំបន់អាស៊ី ពិសេសជនជាតិចិន។
ក្នុងឆ្នាំ ២០២៣ មានភ្ញៀវអន្តរជាតិ ៥,៤៥ លាននាក់បានមកប្រទេសកម្ពុជា ដោយចំនួននេះកើនឡើង ១៣៩,៥ ភាគរយធៀបនឹងឆ្នាំ ២០២២ ចំណែកទឹកប្រាក់ដែលរកបានពីវិស័យទេសចរណ៍អន្តរជាតិ គឺប្រមាណ ៣,០៤ ពាន់លានដុល្លារ កើនឡើង ១១៥ ភាគរយពីចំនួន ១,៤១ ពាន់លានដុល្លារកាលពីឆ្នាំ ២០២២។
យោងតាមរបាយការណ៍ ជាមធ្យមអ្នកទេសចរអន្តរជាតិស្នាក់នៅប្រទេសកម្ពុជាចំនួនយ៉ាងតិច ៧ ថ្ងៃ។ នេះបើតាមទិន្នន័យក្រសួងទេសចរណ៍៕