ភ្នំពេញ៖ មាគ៌ារបស់ប្រទេសកម្ពុជាឆ្ពោះទៅរកជំរុញកំណើនសេដ្ឋកិច្ចបានបោះជំហានទៅមុខយ៉ាងលឿនជាមួយនឹងការប្រកាសរបស់លោកស្រី ផូវើ សាម៉ាន់ថា នាយិកាគ្រប់គ្រងទីភ្នាក់ងារជំនួយអាមេរិក (USAID) នូវទឹកប្រាក់ចំនួន ៥០លានដុល្លារនៅក្នុងការផ្តល់មូលនិធិថ្មីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
លោកស្រី សាម៉ាន់ថា បានពន្យល់ថា មូលនិធិនេះនឹងជួយកសិករផ្សារភ្ជាប់ផលិតផលរបស់ពួកគេទៅកាន់ទីផ្សារ ទទួលយកបច្ចេកវិទ្យាថ្មី និងបោសសម្អាតមីន ព្រមជាមួយការគាំទ្រសង្គមស៊ីវិល កម្លាំងពលកម្ម និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដើម្បីពង្រឹងអនាគតប្រជាធិបតេយ្យ និងសេដ្ឋកិច្ចរបស់កម្ពុជា។
ទឹកប្រាក់មូលនិធិមួយចំនួននឹងជួយកម្ពុជាធ្វើឱ្យប្រសើរឡើងនូវការអនុវត្តនិងការអភិវឌ្ឍបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហារ ដោយការកែលម្អការគ្រប់គ្រងក្រោយការប្រមូលផលនៃសណ្តែកសៀង ការបង្កើនការទទួលយកបច្ចេកវិទ្យាឆ្លាតវៃអាកាសធាតុ ការផ្តល់ការបណ្តុះបណ្តាលស្តីពីការអនុវត្តសុវត្ថិភាពចំណីអាហារល្អ និងការពង្រឹងទំនាក់ទំនងទីផ្សារ។
ក្នុងដំណើរទស្សនកិច្ចនៅរាជធានីភ្នំពេញ លោកស្រី សាម៉ាន់ថា បានគូសបញ្ជាក់ថា ទឹកប្រាក់នោះត្រូវបានរៀបចំសម្រាប់ផ្តោតលើការពង្រឹងវិស័យកសិកម្ម សន្តិសុខស្បៀង និងការអភិរក្សបរិស្ថាននៅកម្ពុជា។
គំនិតផ្តួចផ្តើមទាំងនេះមានគោលបំណងលើកកម្ពស់ជីវភាពរស់នៅ ជំរុញកំណើនសេដ្ឋកិច្ចនិងអភិរក្សជីវៈចម្រុះដ៏សម្បូរបែបរបស់កម្ពុជា ជាពិសេសនៅតំបន់អាងទន្លេមេគង្គ។
លោកស្រី សាម៉ាន់បាននិយាយថា ក្នុងរយៈពេលប៉ុន្មានទស្សវត្សកន្លងមកនេះ ប្រជាជនកម្ពុជាពិតជាបានបោះជំហានគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់សុខភាព ការអប់រំ និងកំណើនសេដ្ឋកិច្ច។
លោកស្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅសណ្ឋាគារ Raffles Hotel Le Royal នៅថ្ងៃទី ២៣ ខែតុលាថា៖ «ក្នុងនាមសហរដ្ឋអាមេរិក យើងគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងនេះ រួមទាំងជំនួយសរុបចំនួន ៣ ពាន់លានដុល្លារក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមក។ យើងនៅទីនេះដើម្បីធានាថាកសិករកម្ពុជាមានទំនាក់ទំនងជាមួយទីផ្សារកាន់តែប្រសើរ និងបំពាក់ដោយឧបករណ៍ដែលពួកគេត្រូវការដើម្បីផលិតអាហារដែលមានសុវត្ថិភាព និងសម្បូរបែប»។
លោកស្រី សាម៉ាន់ថា បានសង្កត់ធ្ងន់ថា ការវិនិយោគនេះនឹងជួយកសិករទទួលបានទីផ្សារ ទទួលយកបច្ចេកវិទ្យាថ្មី និងធានាឱ្យដំណាំរបស់ពួកគេនៅតែមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ក្នុងស្រុក និងអន្តរជាតិ។
សហរដ្ឋអាមេរិកជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាជាយូរមកហើយ ហើយមូលនិធិថ្មីនេះនឹងបន្តកសាងទំនាក់ទំនងសេដ្ឋកិច្ចនោះ។
លោកស្រីបាននិយាយថា៖ «សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា ហើយក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងទ្វេដង»។
ការវិនិយោគនេះមានគោលបំណងធ្វើសមាហរណកម្មកសិករកម្ពុជាបន្ថែមទៀតទៅក្នុងទីផ្សារអន្តរជាតិដោយការកែលម្អសុវត្ថិភាពចំណីអាហារ និងបច្ចេកទេសគ្រប់គ្រងក្រោយការប្រមូលផល។
ទឹកប្រាក់ក្នុងគម្រោង Food for Progress ចំនួន ២៩ លានដុល្លារ ពីក្រសួងកសិកម្មសហរដ្ឋអាមេរិក ត្រូវបានរៀបចំឡើងដើម្បីកែលម្អការអនុវត្ត និងការអភិវឌ្ឍន៍បទប្បញ្ញត្តិសុវត្ថិភាពចំណីអាហារ។
នេះរួមបញ្ចូលទាំងការជួយកសិករទទួលយកការអនុវត្តល្អបំផុតក្នុងការគ្រប់គ្រងក្រោយការប្រមូលផល និងស្តង់ដារសុវត្ថិភាពចំណីអាហារ ដែលមានសារៈសំខាន់សម្រាប់ការថែរក្សាគុណភាពនៃផលិតផលកសិកម្មកម្ពុជានៅក្នុងទីផ្សារពិភពលោក។
ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក ក៏នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតផងដែរ ដោយមានគោលដៅអភិរក្សជីវៈចម្រុះនៃអាងទន្លេមេគង្គ។
តំបន់នេះជាជម្រករបស់ត្រីជាង ១ពាន់ប្រភេទ ដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។
លោកស្រីនាយិកា USAID បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារធនធានធម្មជាតិនេះ ដោយមើលឃើញពីការគំរាមកំហែងផ្នែកបរិស្ថានដែលកំពុងកើនឡើង និងសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការអនុវត្តប្រកបដោយនិរន្តរភាព។
លោកស្រីបានកត់សម្គាល់ថា៖ «ជីវចម្រុះដ៏សម្បូរបែបនៃអាងទន្លេមេគង្គមានសារៈសំខាន់ណាស់ មិនត្រឹមតែសម្រាប់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សហគមន៍ដែលពឹងផ្អែកលើវាផងដែរ»។
លោកស្រី សាម៉ាន់ថា ក៏បានទៅទស្សនាទន្លេមេគង្គ រួមជាមួយនឹងដៃគូ USAID មន្ត្រីរដ្ឋាភិបាលកម្ពុជា អ្នកស្រាវជ្រាវ សិស្សានុសិស្ស អ្នកអភិរក្ស និងប្រជានេសាទ ក៏ដូចជាបានព្រលែងត្រីកម្រ ដែលបង្ហាញពីកិច្ចការពារបរិស្ថាន។
ការអភិវឌ្ឍន៍សេដ្ឋកិច្ចទាមទារតម្លាភាព និងគណនេយ្យភាព
លោកស្រី សាម៉ាន់ថា បានបង្ហាញពីសេចក្តីរីករាយដែលបានត្រឡប់មកប្រទេសកម្ពុជាវិញសម្រាប់ដំណើរទស្សនកិច្ចលើកទីបួន តែនេះជាដំណើរលើកទីមួយក្នុងនាមជានាយិកា USAID។
លោកស្រីបានឱ្យដឹងថា៖ «ជាការពិតណាស់ នៅក្នុងដំណើរលើកមុន ខ្ញុំបានស្ងើចសរសើរចំពោះភាពរុងរឿង និងវប្បធម៌ដ៏សម្បូរបែបនៃប្រាសាទអង្គរវត្ត សារមន្ទីរប្រល័យពូជសាសន៍ ទួលស្លែងដ៏មានសារៈសំខាន់ និងជាការពិតណាស់ ភាពស្រស់ស្អាតនៃទន្លេមេគង្គ»។
ខណៈកម្ពុជាបានបង្ហាញពីវឌ្ឍនភាពគួរឱ្យចាប់អារម្មណ៍ក្នុងការបង្កើនការនាំចេញកសិផលរបស់ខ្លួន និងការកសាងទំនាក់ទំនងពាណិជ្ជកម្មកាន់តែរឹងមាំជាមួយសហរដ្ឋអាមេរិកនោះ លោកស្រី សាម៉ាន់ថា ក៏បានគូសបញ្ជាក់អំពីតម្រូវការសម្រាប់កំណែទម្រង់ដែលធ្វើឱ្យប្រសើរឡើងនូវតម្លាភាព និងកាត់បន្ថយអំពើពុករលួយ។
លោកស្រីបានកត់សម្គាល់ថា ក្រុមហ៊ុនអាមេរិក និងអន្តរជាតិជាច្រើនចាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ប៉ុន្តែទាមទារការធានាថា ការវិនិយោគរបស់ពួកគេនឹងត្រូវបានការពារដោយបរិយាកាសអាជីវកម្មប្រកបដោយតម្លាភាព និងគណនេយ្យភាព។
នាយិកា USAID បានថ្លែងថា៖ «កាន់តែទូលំទូលាយ ដូចដែលខ្ញុំបានពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃនេះ ក្រុមហ៊ុនអាមេរិក និងអន្តរជាតិមើលឃើញឱកាសពិតប្រាកដនៅកម្ពុជា»។
ប៉ុន្តែដើម្បីវិនិយោគនៅទីនេះ ពួកគេចង់ឃើញការកែលម្អដ៏ក្នុងអាជីវកម្ម ដែលគ្មានអំពើពុករលួយ ធ្វើឱ្យប្រសើរឡើងនូវការគោរពសិទ្ធិការងារ និងដើម្បីដោះស្រាយប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតដែលកំពុងញាំញីកេរ្តិ៍ឈ្មោះអន្តរជាតិរបស់កម្ពុជា៕