ទឹក​ប្រាក់​នៃ​ការ​ផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា​ និង​ជប៉ុន​ក្នុង​រយៈពេល ៩ ខែដើម​ឆ្នាំ ២០២៤ មាន​ប្រមាណ​ជិត ១,៦ ពាន់​លាន​ដុល្លារ កើន​ជិត ២០ ភាគរយ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៣ ក្នុង​នោះ​ទំនិញ​កម្ពុជា​នាំចេញ​មាន​ទឹក​ប្រាក់​ជាង ១ ពាន់​លាន​ដុល្លារ។ នេះ​បើវតាម​អគ្គវនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE)។

ទិន្នន័យ​របស់​ GDCE បាន​បង្ហាញ​ថា ចាប់​ពី​ខែ​មករា​-​ខែកញ្ញា ឆ្នាំ​ ២០២៤ ការ​នាំចេញ នាំចូល​ទំនិញ​រវាង​​កម្ពុជា​-​ជប៉ុន មាន​ទឹកប្រាក់​សរុប ១ ៥៩៥ ​លាន​ដុល្លារ កើន​ឡើង ១៦,៧ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៣ ដែល​មាន​ចំនួន​ ១ ៣៦៦,៨៤​ លាន​ដុល្លារ​។

ក្នុង​ចំនួន​នេះ គឺ​ទំនិញ​កម្ពុជា​នាំ​ទៅ​ជប៉ុន ១ ០៥៧,០៧​ លាន​ដុល្លារ កើន​ឡើង ១៩,៣​ ភាគរយ ចំណែក​ជប៉ុន​នាំ​មក​កម្ពុជា ៥៣៧,៩៤​ លាន​ដុល្លារ កើន​ឡើង ១១,៨​ ភាគរយ។ ផ្អែក​តាម​តួលេខ​ខាងលើ គឺ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​មាន​ឧត្តមភាព ៥១៩,១៣ ​លាន​ដុល្លារ ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៣ មាន​ចំនួន ៤០៤,៦៤​ លាន​ដុល្លារ។

ទំហំ​ទឹក​ប្រាក់​ពាណិជ្ជកម្ម​កម្ពុជា​-​ជប៉ុន ស្មើ​នឹង ៣,៨៩​ ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​សរុប​របស់​កម្ពុជា​រយៈពេល ៩ ខែ​ឆ្នាំ​ ២០២៤ ដែល​មាន​ចំនួន ​៤០,៩៤​ ពាន់​លាន​ដុល្លារ​។​ ប្រទេស​ជប៉ុន ​គឺជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​ធំ​ទី៥ របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន អាមេរិក វៀតណាម និង​ថៃ។

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២៥ ខែ​តុលា​ថា ទំនាក់​ទំនង​ល្អ​រវាង​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​នៃ​ប្រទេស​ទាំង ២ បាន​ជួយឱ្យ​សកម្មភាព​នៃ​ការ​ផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ កើន​ឡើង​ជា​បន្ត​បន្ទាប់ ពិសេស​ការ​នាំ​ចេញ​របស់​កម្ពុជា។ 

លោក​បន្ត​ថា ដើម្បី​ជំរុញ​ការ​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ជប៉ុនឱ្យ​បាន​កាន់​តែ​ច្រើន នា​ពេល​កន្លង​មក​សភា​ពាណិជ្ជកម្ម​កម្ពុជា​ក៏​បាន​បើក​ការិយាល័យតំណាង​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ជប៉ុន​ផងដែរ​។ ការិយាល័យ​តំណាង​មាន​តួនាទី​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ពី​ផលិតផល​កម្ពុជា​សម្រាប់​នាំចេញ និង​ជួយ​ទាក់​ទាញ​វិនិយោគិន​ជប៉ុន​ឱ្យ​ចូល​មក​បើក​អាជីវកម្ម ឬ​រោងចក្រ​ផលិត​នៅកម្ពុជា​ដើម្បី​ចេញ​ទៅ​ទីផ្សារ​ជប៉ុន និង​ប្រទេស​ជាច្រើន​ទៀត​លើ​ពិភពលោក។

លោក​បាន​ថ្លែង​ថា៖​«ដោយសារ​បរិមាណ​ផលិតកម្ម​ និង​គុណភាព​ទំនិញ​កម្ពុជា​កាន់​តែ​មាន​លក្ខណៈ​ស្តង់ដារ ដូច្នេះ​ខ្ញុំ​មាន​ជំនឿ​ថា ការ​នាំ​ចេញ​ទំនិញ​ទៅ​ប្រទេស​ជប៉ុន និង​គោលដៅផ្សេងៗ​លើ​ពិភពលោក​ប្រាកដ​ជា​នឹង​កើន​ឡើង»។

លោក​ប្រាប់​ទៀត​ថា ក្រៅ​ពី​ការ​នាំចេញ​នាំចូល​ទំនិញ​ជាមួយ​គ្នា​ ​បច្ចុប្បន្ន​ក៏​មាន​វិនិយោគិន​ជប៉ុន​ជាច្រើន​កំពុង​បណ្តាក់​ទុន​នៅ​កម្ពុជា​ផងដែរ​។​ ជប៉ុន និង​កម្ពុជា គឺ​សុទ្ធ​តែ​ជា​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​(RCEP) ដូច្នេះ​ចរាចរណ៍ទំនិញ​ទ្វេភាគី​នឹង​កើន​ឡើង​បន្ថែម​ទៀត។

បើតាម​លោក លឹម ហេង ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំទៅ​ជប៉ុន គឺមាន​សម្លៀកបំពាក់ ស្បែកជើង គ្រឿង​បង្គុំ​អេឡិចត្រូនិក និង​កសិផល ចំណែក​ជប៉ុន​នាំចូល​មកវិញ​រួម​មាន គ្រឿង​ម៉ាស៊ីន រថយន្ត គ្រឿង​អេឡិចត្រូនិក និង​ចំណី​អាហារមួយចំនួន។ ចំណែក​ការ​វិនោយោគ​របស់​ជប៉ុន​មាន​ដូច​ជា ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម អចលនទ្រព្យ និង​ធនាគារ ជាដើម។

នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ា​ណែត ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​ប្រទេស​ជប៉ុន កាលពី​ខែធ្នូ ឆ្នាំ​ ២០២៣ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន ឆ្នាំ​ទី៥០ នៃ​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​-​ជប៉ុន ក៏បាន​អញ្ជើញ​ចូលរួម​នៅក្នុង​សិក្ខាសាលា​វិនិយោគ​កម្ពុជា​ឆ្នាំ ​២០២៣ ដោយ​ក្នុង​ឱកាស​នោះ​លោក​ស្នើឱ្យ​វិនិយោគិន​ជប៉ុន​ចូល​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ឱ្យ​ច្រើន ជាមួយ​គ្នា​នេះ​លោក​ក៏​ជំរុញ​ឱ្យ​ផ្នែក​ឯកជន​នៃ​ប្រទេស​ទាំង ២ ​ធ្វើការ​សិក្សា​រួមគ្នា​ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន​ នៅ​កម្ពុជា​ផងដែរ។

សេដ្ឋវិទូ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ​ បាន​និយាយ​ថា ប្រទេស​ជប៉ុន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​ក៏​ជា​ចំណែក​សំខាន់​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ផងដែរ។ ជប៉ុន​ជា​ប្រទេស​រីក​ចម្រើន និង​ប្រជាជន​មាន​ចំណូល​ខ្ពស់ ដូច្នេះ​កម្ពុជា​ត្រូវ​តែ​ខិតខំ​ធ្វើ​ការ​ផ្សព្វផ្សាយ​ឱ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ទទួល​បាន​ការ​បញ្ជា​ទិញ​ទំនិញ​ពី​ប្រទេរស​ជប៉ុន ឬ​ទាក់​ទាញ​វិនិយោគិន​ជប៉ុន​ឱ្យ​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់​នៅកម្ពុជា​។

លោក​និយាយ​ថា​៖​​ «​ខ្ញុំ​ជឿថា​ការ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ជប៉ុន​នឹង​បន្ត​កើន​ឡើង​ទៀត ខណៈ​បច្ចុប្បន្ន​កម្ពុជា​ក្លាយ​ជា​ប្រភព​នៃ​ការ​ផ្គត់ផ្គង់​គ្រឿង​បង្គុំ​មួយ​ចំនួន​ទៅ​ឱ្យ​រោង​ចក្រ​នៅ​ប្រទេស​ជប៉ុន»។

ក្នុង​ឆ្នាំ​ ២០២៣ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-​ជប៉ុន មាន​ទឹក​ប្រាក់​សរុប ១ ៧៩៩,៣៧ លាន​ដុល្លារ ធ្លាក់​ចុះ ៧,២ ភាគរយ​ធៀប​ឆ្នាំ ២០២២ ក្នុង​នោះ​ទំនិញ​កម្ពុជា​នាំចេញ មាន​ចំនួន ១ ១៧៥,៧៨ លាន​ដុល្លារ កើន​ឡើង ០,២ ភាគរយ និង​ជប៉ុន​នាំ​ចូល ៦២៣,៦ លាន​ដុល្លារ ធ្លាក់​ចុះ ១៨,៥ ភាគរយ។ នេះ​បើ​តាម GDCE៕